នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីអបអរសាទរខួប ៧៥ឆ្នាំ ទិវាបង្កើតទំនាក់ទំនងការទូត
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី ២១ មេសា បានចេញសេចក្តីប្រកាសព័ត៌មានដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៣-២៤ ខែមេសា ក្នុងឱកាសរំលឹកខួប៧៥ឆ្នាំ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៥០-២០២៥)។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងថា ក្នុងដំណើរបំពេញទស្សនកិច្ចនេះ នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra នឹងចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
នាយករដ្ឋមន្ត្រីថៃ និងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ក៏នឹងជួបពិភាក្សាទ្វេភាគី ដើម្បីពិភាក្សាអំពីទិសដៅសកម្មភាព សំដៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការដែលមានអត្ថប្រយោជន៍ទៅវិញទៅមក។ នៅចុងបញ្ចប់នៃជំនួបនេះ មេដឹកនាំទាំងពីររូបក៏នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការទ្វេភាគីលើវិស័យមួយចំនួនផងដែរ។
បកប្រែដោយ Duy Hoan