កងឆ្មាំសមុទ្រវៀតណាមនឹងចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាកងឆ្មាំសមុទ្រអាស៊ាន
កប.អនឡាញ - នាថ្ងៃទី ២០ ខែមិថុនា នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ត្រី Vu Trung Kien មេបញ្ជាការរងខាងច្បាប់នៃកងឆ្មាំសមុទ្រវៀតណាម បានធ្វើជាអធិបតីនៃកិច្ចប្រជុំប្រគល់ភារកិច្ចដល់គណៈប្រតិភូកងឆ្មាំសមុទ្រវៀតណាមដែលចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាកងឆ្មាំសមុទ្រអាស៊ាន (ACF)។
លោកឧត្តមសេនីយ៍ត្រី Vu Trung Kien បានសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូល ACF គឺជាសកម្មភាពកិច្ចការបរទេសដ៏សំខាន់ បង្កើតឱកាសសម្រាប់ប្រទេសនានាក្នុងតំបន់ផ្លាស់ប្តូរប្រកបដោយតម្លាភាព បើកចំហ និងបង្កើនការយល់ដឹងគ្នាទៅវិញទៅមក ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខនាវាចរណ៍រួម។
តាមផែនការ កងឆ្មាំសមុទ្រវៀតណាមនឹងចាត់បញ្ជូនគណៈប្រតិភូដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Trinh Hung អនុប្រធាននាយកដ្ឋានកិច្ចការវិជ្ជាជីវៈ និងច្បាប់កងឆ្មាំសមុទ្រដើម្បីចូលរួមកិច្ចប្រជុំកំពូល ACF នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ខែមិថុនា។
លោកឧត្តមសេនីយ៍ត្រី Vu Trung Kien បានស្នើឱ្យសមាជិកគណៈប្រតិភូទាំងអស់ត្រូវក្តាប់ខ្លឹមសារការងារ លើកកំពស់ស្មារតីទទួលខុសត្រូវ សាមគ្គីភាព គាំទ្រគ្នាទៅវិញទៅមក ... រួមចំណែកបំពេញភារកិច្ចរួមរបស់គណៈប្រតិភូ។ លើសពីនេះ សមាជិកទាំងអស់ត្រូវឆ្លៀតឱកាសនេះដើម្បីផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ការងារជាមួយកងកម្លាំងអនុវត្តច្បាប់នៅលើសមុទ្រនៃប្រទេសនានាដែលចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ៕
បកប្រែដោយ Huyen Trang