វៀតណាមស្នើឲ្យអាស៊ានរក្សាសាមគ្គីភាព មជ្ឈភាព និងគោរពតាមច្បាប់អន្តរជាតិ
កប.អនឡាញ - នាថ្ងៃទី ២៥ ខែឧសភា នៅទីក្រុង Kuala Lumpur (ម៉ាឡេស៊ី) គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយលោក Vu Hong Thanh អនុប្រធានរដ្ឋសភាវៀតណាមបានចូលរួមសម័យប្រជុំត្រៀមសម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន-អន្តរសភាអាស៊ាន (AIPA) ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែឧសភា។
មានប្រសាសន៍ក្នុងសម័យប្រជុំ លោក Vu Hong Thanh អនុប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ និងគាំទ្រចំពោះប្រធានបទ និងអាទិភាពរបស់ម៉ាឡេស៊ី ក្នុងអំឡុងឆ្នាំធ្វើជាប្រធានអាស៊ាន និង AIPA របស់ខ្លួន រួមទាំងអាទិភាពលើកំណើនបរិយាបន្ន និងនិរន្តរភាព បរិវត្តកម្មបៃតង បរិវត្តកម្មឌីជីថល ទាញយកប្រយោជន៍ពីការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ លោកក៏បានអះអាងថា វៀតណាមនឹងបន្តគាំទ្រ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយម៉ាឡេស៊ី ដើម្បីសម្រេចបានជោគជ័យនូវគោលដៅ និងអាទិភាពដែលបានកំណត់។
    |
 |
គណៈប្រតិភូរដ្ឋសភាវៀតណាម ចូលរួមកិច្ចប្រជុំត្រៀមសម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន-AIPA លើកទី១៤ (រូបថត៖ vnanet.vn) |
អំពីសេចក្តីព្រាងសាររបស់ប្រធាន AIPA គណៈប្រតិភូវៀតណាមបានចូលរួមយ៉ាងសកម្ម និងមានសំណើ និងវិភាគទានសំខាន់ៗជាច្រើន។ គណៈប្រតិភូវៀតណាមបានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលអាស៊ានទើបតែបានអនុម័តលើចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០៤៥ និងផែនការយុទ្ធសាស្ត្រ បង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មស៊ីជម្រៅសម្រាប់អាស៊ានក្នុងដំណាក់កាលថ្មី AIPA ចាំបាច់ត្រូវផ្ញើសារគាំទ្រយ៉ាងរឹងមាំ និងកិច្ចសន្យាសម្របសម្រួលយ៉ាងជិតស្និទ្ធ និងរួមដំណើរជាមួយរដ្ឋាភិបាល និងប្រជាជននៃបណ្តាប្រទេសអាស៊ាន និងអនុវត្តគោលដៅ និងអាទិភាពនានា។
គណៈប្រតិភូវៀតណាមក៏បានស្នើថា ចាំបាច់ត្រូវបន្តផ្តល់អាទិភាពខ្ពស់ក្នុងការបង្រួមគម្លាតអភិវឌ្ឍន៍ និងអភិវឌ្ឍមហាអនុតំបន់ រួមទាំងមហាអនុតំបន់មេគង្គផងដែរ។ ក្នុងបរិបទនៃការអភិវឌ្ឍដ៏ស្មុគស្មាញនៅលើពិភពលោក និងក្នុងតំបន់ គណៈប្រតិភូវៀតណាមបានស្នើថា អាស៊ានរក្សាសាមគ្គីភាព និងតួនាទីជាមជ្ឈភាព លើកកម្ពស់ការអនុលោមតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ដោយហេតុនេះបន្តរួមចំណែកជាក់ស្តែងដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់៕
បកប្រែដោយ Thanh Cong