នៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីទាំងឡាយបានចែករំលែកពីការព្រួយបារម្ភអំពីផលប៉ះពាល់យ៉ាងស៊ីជម្រៅនៃការបង្កើនការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងអស្ថិរភាពជាយុទ្ធសាស្ត្រ ក៏ដូចជាបញ្ហាប្រឈមផ្នែកសន្តិសុខឆ្លងព្រំដែន។ ប្រទេសទាំងឡាយបានអះអាងនូវតួនាទីដ៏សំខាន់របស់ ARF ក្នុងការជំរុញកិច្ចសន្ទនា និងការពិគ្រោះយោបល់ ការកសាងទំនុកចិត្ត ការទូតការពារ និងកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហានយោបាយ និងសន្តិសុខ ដើម្បីផលប្រយោជន៍រួមនៃតំបន់។

leftcenterrightdel
ទិដ្ឋភាពនៃវេទិកាតំបន់អាស៊ាន (ARF) លើកទី៣២ ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី (រូបថត៖ baoquocte.vn)

អំពីបញ្ហាអន្តរជាតិ និងតំបន់ ប្រទេសទាំងឡាយបានពិភាក្សា និងចែករំលែកដោយស្មោះត្រង់អំពីស្ថានភាពនៅសមុទ្រខាងកើត មីយ៉ាន់ម៉ា ឧបទ្វីបកូរ៉េ ជម្លោះនៅអ៊ុយក្រែន ហ្កាហ្សា... ព្រមទាំងអះអាងនូវការគាំទ្រចំពោះគោលជំហរ គោលការណ៍ និងតួនាទីរបស់អាស៊ាន លើកតម្កើងការគោរពច្បាប់ និងកិច្ចសន្ទនាដោយសន្តិវិធី ដោះស្រាយជំលោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសមុទ្រ (UNCLOS) ឆ្នាំ១៩៨២។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្នុងបរិបទភូមិសាស្ត្រនយោបាយកាន់តែស្មុគស្មាញ ARF ចាំបាច់ត្រូវមានការផ្លាស់ថ្មី ដើម្បីបន្តលើកកំពស់តួនាទីរបស់ខ្លួន និងម្ចាស់ការបន្ស៊ាំខ្លួនយ៉ាងបត់បែនទៅនឹងការប្រែប្រួល។ ស្តីពីបញ្ហាអន្តរជាតិ និងតំបន់ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី បានអះអាងសារជាថ្មីម្តងទៀតអំពីគោលជំហររបស់អាស៊ានចំពោះសមុទ្រខាងកើត មីយ៉ាន់ម៉ា មជ្ឈិមបូព៌ា និងឧបទ្វីបកូរ៉េ។ ស្តីពីសមុទ្រខាងកើត វៀតណាមរក្សាគោលជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយជំលោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេស UNCLOS ឆ្នាំ១៩៨២ ក្របខ័ណ្ឌច្បាប់គ្រប់ជ្រុងជ្រោយគ្រប់គ្រងសកម្មភាពនៅលើសមុទ្រ និងអំពាវនាវឱ្យដៃគូនានាគាំទ្រគោលជំហរ គោលការណ៍ និងការខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត។ លោក Bui Thanh Son បានសង្កត់ធ្ងន់លើកិច្ចសន្យាក្នុងការខិតខំប្រឹងប្រែងដើម្បីបំពេញឱ្យបានឆាប់នូវក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយភាពជាក់ស្តែង ប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ឆ្នាំ១៩៨២ ខណៈពេលដែលអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) បង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចា COC។

* នាថ្ងៃដដែល ក្នុងក្របខ័ណ្ឌនៃសប្តាហ៍នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន បានប្រព្រឹត្តទៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន+១ ជាមួយអង់គ្លេស និងសហភាពអឺរ៉ុប (EU) កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ីបូព៌ា (EAS) លើកទី ១៥ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហប្រតិបត្តិការ មេគង្គ-កូរ៉េខាងត្បូង លើកទី១៣ (FMM MKC 13)៕

បកប្រែដោយ Huyen Trang