អ្នកយកព័ត៌មាន៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៩៥ វៀតណាមបានចូលជាសមាជិកអាស៊ានជាផ្លូវការ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងដំណើរការសមាហរណកម្មតំបន់ និងអន្តរជាតិរបស់វៀតណាម។ ក្នុងនាមជាតំណាងប្រទេសមួយក្នុងដំណើរការចូលជាសមាជិកអាស៊ាន តើលោកឯកអគ្គរដ្ឋទូតវាយតម្លៃពីការចូលជាសមាជិកអាស៊ានរបស់វៀតណាមកាលពី ៣០ ឆ្នាំមុនយ៉ាងដូចម៉្តេច?

លោក Joao Pereira ឯកអគ្គរដ្ឋទូត៖ កាលពី ៣០ ឆ្នាំមុន ក្នុងឆ្នាំ១៩៩៥ វៀតណាមបានចូលជាសមាជិកអាស៊ានជាផ្លូវការ។ ព្រឹត្តិការណ៍នេះកត់សម្គាល់វៀតណាមនាំមកដល់សមាគមនូវទស្សនវិស័យយុទ្ធសាស្ត្រសំខាន់ៗលើវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌សង្គម។ ក្នុងដំណាក់កាលត្រៀមរៀបចំចូលរួមអាស៊ាន ជាយុទ្ធសាស្ត្រ វៀតណាមបានកែសម្រួលគោលនយោបាយការបរទេសរបស់ខ្លួនឱ្យស្របតាមគោលការណ៍របស់អាស៊ាន ដូចជាការមិនជ្រៀតជ្រែក ការកសាងមតិឯកភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ នៅពេលនោះ ទោះបីជាស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមមិនមានការអភិវឌ្ឍដូចបច្ចុប្បន្នក៏ដោយ ក៏វៀតណាមបានបង្ហាញពីកិច្ចសន្យាយ៉ាងមុតមាំថា វៀតណាមនឹងក្លាយជាសមាជិកសកម្ម និងមានទំនួលខុសត្រូវរបស់អាស៊ាន។ បច្ចុប្បន្ន បន្ទាប់ពីជាសមាជិករបស់អាស៊ាន អស់រយៈពេល ៣០ ឆ្នាំ វៀតណាមបានក្លាយជាសសរស្តម្ភដ៏រឹងមាំមួយរបស់អាស៊ាន។

leftcenterrightdel
លោក Joao Pereira ឯកអគ្គរដ្ឋទូតទីម័រខាងកើតប្រចាំនៅវៀតណាម (រូបថត៖ vnanet.vn)

សម្រាប់ទីម័រខាងកើត យើងខ្ញុំចង់ចែករំលែកបទពិសោធន៍ពីដំណើរអភិវឌ្ឍន៍របស់វៀតណាម - ពីវិធីដែលវៀតណាមធ្វើសមាហរណកម្ម បំពេញបន្ថែមប្រព័ន្ធច្បាប់របស់ខ្លួន ដល់ការអនុលោមតាមធម្មនុញ្ញអាស៊ាន និងស្តង់ដារ គោលការណ៍របស់ប្លុក។ យើងខ្ញុំសន្យាថានឹងក្លាយជាសមាជិកល្អ គោរពអធិបតេយ្យភាព និងគោលការណ៍មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសសមាជិក។ យើងខ្ញុំក៏បានត្រៀមខ្លួនជាស្រេចក្នុងការចូលរួមយ៉ាងពេញលេញ និងសកម្មនៅក្នុងយន្តការទាំងអស់ ដឹកនាំដោយអាស៊ាន ចាប់ពីកិច្ចប្រជុំ កិច្ចប្រជុំកំពូល រហូតដល់សកម្មភាពរួមគ្នា។ លើសពីនេះ ទីម័រខាងកើតក៏សន្យាថានឹងត្រៀមខ្លួនជាស្រេចអនុវត្ត និងគោរពឱ្យបានពេញលេញនូវធម្មនុញ្ញអាស៊ាន ក៏ដូចជាឯកសារពាក់ព័ន្ធនានា។

អ្នកយកព័ត៌មាន៖ ឆ្នាំ ២០២៥ គឺជាចំណុចរបត់មួយសម្រាប់អាស៊ាន ដោយបញ្ចប់ផែនការកសាងសហគមន៍រយៈពេល ១០ ឆ្នាំ និងបើកដំណាក់កាលអភិវឌ្ឍន៍ថ្មីជាមួយនឹងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។ យោងតាមលោកឯកអគ្គរដ្ឋទូត តើអ្វីជាកិត្យានុភាព និងតួនាទីរបស់វៀតណាមក្នុងដំណាក់កាលផ្លាស់ថ្មីដ៏សំខាន់នេះរបស់អាស៊ាន?

លោក Joao Pereira ឯកអគ្គរដ្ឋទូត៖ ខ្ញុំបានធ្វើការនៅវៀតណាមជាងមួយឆ្នាំហើយ ហើយខ្ញុំបានឃើញថា វៀតណាមជាប្រទេសដែលមានចក្ខុវិស័យវែងឆ្ងាយ និងសម្លឹងឆ្ពោះទៅអនាគត។ វៀតណាមមិនត្រឹមតែយកឈ្នះលើការតស៊ូទាមទារឯករាជ្យជាតិប៉ុណ្ណោះទេ ថែមទាំងបានរៀនមេរៀនពីអតីតកាលដើម្បីអភិវឌ្ឍប្រទេសទៀតទៀតផង។ បច្ចុប្បន្ន វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសុវត្ថិភាពបំផុតនៅក្នុងតំបន់ ជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ចលឿនបំផុតមួយ។ ក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥ វៀតណាមគឺជាប្រទេសនាំមុខគេក្នុងកំណើនសេដ្ឋកិច្ចក្នុងតំបន់ ពោលគឺសម្រេចបានជាង ៧% GDP ដូចដែលបានកំណត់ដោយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមរាយការណ៍ជូនរដ្ឋសភា។ នេះគឺជាសមិទ្ធិផលដ៏ធំមួយ។ ការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅវៀតណាមក៏គួរឱ្យចាប់អារម្មណ៍ផងដែរ ដោយឈានដល់ ២១ ពាន់លានដុល្លាអាមេរិកក្នុងរយៈពេលត្រឹមតែ ៦ ខែដំបូងនៃឆ្នាំ ២០២៥។ ប្រការនេះបង្ហាញពីការបង្កើនទំនុកចិត្តរបស់សហគមន៍អន្តរជាតិចំពោះបរិយាកាសវិនិយោគនៅវៀតណាម។

ខ្ញុំជឿជាក់ថា វៀតណាមនឹងបន្តក្លាយជាសសរស្តម្ភដ៏សំខាន់មួយរបស់អាស៊ាន ស្តីពីសេដ្ឋកិច្ច នយោបាយ និងវប្បធម៌សង្គម។ លើសពីនេះ វៀតណាមក៏ជាគោលដៅទេសចរណ៍លេចធ្លោ និងត្រូវបានចាត់ទុកថាជាប្រទេសមានសន្តិភាព និងសុវត្ថិភាពផងដែរ។ នៅថ្ងៃទី ២៥ និង ២៦ ខែតុលា ឆ្នាំ ២០២៥ នៅប្រទេសវៀតណាម អង្គការសហប្រជាជាតិនឹងរៀបចំពិធីចុះហត្ថលេខាលើអនុសញ្ញាប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដែលជាការបង្ហាញយ៉ាងច្បាស់អំពីការកើនឡើងនូវឋានៈអន្តរជាតិរបស់វៀតណាម។ ខ្ញុំជឿជាក់ថា វៀតណាមនឹងបន្តដើរតួនាទីជាប្រទេសមួយដ៏រឹងមាំ និងមានឥទ្ធិពលនាំមុខគេនៅក្នុងតំបន់។

ទីម័រខាងកើតក៏មានគោលបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយវៀតណាមផងដែរ។ លោក José Ramos-Horta ប្រធានាធិបតីទីម័រខាងកើត ក៏ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទំនាក់ទំនងនេះ។

អ្នកយកព័ត៌មាន៖ យោងតាមលោកឯកអគ្គរដ្ឋទូត តើទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងទីម័រខាងកើត អាចត្រូវលើកកំពស់ដើម្បីរួមចំណែកដល់ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ យ៉ាងដូចម្តេច?

លោក Joao Pereira ឯកអគ្គរដ្ឋទូត ៖ យើងខ្ញុំមានគោលបំណងចង់កសាងយន្តការសហប្រតិបត្តិការជាក់ស្តែង ដើម្បីនាំប្រទេសទាំងពីរកាន់តែជិតស្និទ្ធជាមួយគ្នា។ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់លិខិតឆ្លងដែនការទូត និងផ្លូវការ។ មន្ត្រីអាចធ្វើដំណើរដោយគ្មានទិដ្ឋាការ។ យើងខ្ញុំកំពុងជំរុញការលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋដែលប្រើប្រាស់លិខិតឆ្លងដែនធម្មតា ដោយអនុញ្ញាតឱ្យមានការស្នាក់នៅរយៈពេល ៣០ ថ្ងៃ។ នៅពេលដែលកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា នឹងមានឱកាសកាន់តែច្រើនក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។ ប្រជាជនវៀតណាមអាចធ្វើដំណើរដោយសេរីទៅកាន់ទីម័រខាងកើត និងផ្ទុយមកវិញ។

យើងខ្ញុំក៏កំពុងបង្កើនការចរចាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យជាក់ស្តែងដូចជា ការអប់រំ ពាណិជ្ជកម្ម កសិកម្ម វារីវប្បកម្ម និងបរិវត្តកម្មឌីជីថល។ ទីម័រខាងកើតមានទំនុកចិត្តយ៉ាងខ្លាំងចំពោះក្រុមហ៊ុន Viettel-Telemor ដែលជាអង្គភាពដែលគ្របដណ្តប់ទូរគមនាគមន៍ដល់ ៩៦% នៃចំនួនប្រជាជនទីម័រខាងកើត ហើយចាត់ទុកថានេះជាដៃគូយុទ្ធសាស្ត្រក្នុងការធ្វើបរិវត្តកម្មឌីជីថលប្រព័ន្ធរដ្ឋាភិបាល។ យើងខ្ញុំសង្ឃឹមថា នាពេលខាងមុខ ប្រទេសទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួន ជាពិសេសលើវិស័យអប់រំ។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកឯកអគ្គរដ្ឋទូត!

បកប្រែដោយ Huyen Trang