* នារសៀលថ្ងៃទី ២៩ ខែកក្កដា (ម៉ោងក្នុងតំបន់) លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាមបានជួបសន្ទនាជាមួយលោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនចិន។
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានសង្កត់ធ្ងន់ថា ទំនាក់ទំនងទ្វេភាគីមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងពេលកន្លងមក ដោយទំនុកចិត្តខាងនយោបាយរវាងបក្សទាំងពីរនិងរដ្ឋទាំងពីរកាន់តែកើនឡើង យន្តការសហប្រតិបត្តិការរវាងភាគីទាំងពីរកាន់តែទូលំទូលាយ សម្បូរបែបនិងមានប្រសិទ្ធភាព ហើយកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរកាន់តែជិតស្និទ្ធ។
    |
 |
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ជួបសន្ទនាជាមួយលោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនចិន |
លោក Zhao Leji បានឯកភាពថា ភាគីទាំងពីរគួរតែបន្តរក្សាការផ្លាស់ប្តូរយុទ្ធសាស្ត្រជាប្រចាំរវាងថ្នាក់ដឹកនាំនៃបក្សទាំងពីរនិងរដ្ឋទាំងពីរ ព្រមទាំងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវលទ្ធផលដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោក Xi Jinping អគ្គលេខាបក្សនិងជាប្រធានរដ្ឋ ទន្ទឹមនឹងនោះជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត។
* នាព្រឹកថ្ងៃទី៣០ ខែកក្កដា (ម៉ោងក្នុងតំបន់) លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានជួបទ្វេភាគីជាមួយលោក Esteban Lazo ប្រធានរដ្ឋសភាគុយបា។
លោក Tran Thanh Man បានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃចំណងសាមគ្គីភាព ស្អិតរមួត និងទំនុកចិត្តរវាងប្រទេសទាំងពីរនាពេលកន្លងមក ជាពិសេសកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរដ្ឋសភានៃប្រទេសទាំងពីរ។ លោក Tran Thanh Man ស្នើឲ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំជាន់ខ្ពស់ រក្សានិងបង្កើនប្រសិទ្ធភាពនៃយន្តការកិច្ចសហប្រតិបត្តិការដើម្បីផ្លាស់ប្តូរ និងចែករំលែកព័ត៌មាន និងបទពិសោធន៍លើវិស័យដែលភាគីនីមួយៗមានប្រៀបខ្លាំង ព្រមទាំងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរឲ្យក្លាយជាបណ្តាញដ៏សំខាន់ក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ។
លោក Esteban Lazo ប្រធានរដ្ឋសភាគុយបា បានអះអាងថា ទំនាក់ទំនងសាមគ្គីភាពជាប្រពៃណី និងមិត្តភាពពិសេសរវាងគុយបា និងវៀតណាមត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរក្នុងរយៈពេលកន្លងមក និងកាន់តែស៊ីជម្រៅលើគ្រប់វិស័យដូចជា នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
លោក Esteban Lazo អះអាងថា គុយបា យកចិត្ដទុកដាក់យ៉ាងខ្លាំងលើការជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលដើម្បីដោះស្រាយការលំបាកសម្រាប់ធុរកិច្ចវៀតណាមដែលកំពុងវិនិយោគ និងធ្វើអាជីវកម្មនៅគុយបា។
* នាព្រឹកថ្ងៃទី ៣០ ខែកក្កដា (ម៉ោងក្នុងតំបន់) លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានមានជំនួបជាមួយប្រធានគណៈប្រតិភូប្រទេសដែលចូលរួមសន្និសីទប្រធានសភាពិភពលោកលើកទី ៦ រួមមាន៖ ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី Valentina Matviyenko; ប្រធានសភាជាន់ទាបជប៉ុន Fukushiro Nukaga; ប្រធានរដ្ឋសភាសិង្ហបុរី Seah Kian Peng; ប្រធានរដ្ឋសភា Azerbaijani Sahiba Gafarova; ប្រធានព្រឹទ្ធសភាអូទ្រីស Peter Samt។
ប្រធានគណៈប្រតិភូទាំងនេះបានសម្តែងនូវសេចក្តីរីករាយចំពោះសមិទ្ធិផលសំខាន់ៗដែលវៀតណាមសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងមក រួមទាំងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ ព្រមទាំងវាយតំលៃខ្ពស់ចំពោះតួនាទីនិងកិត្យានុភាពរបស់វៀតណាមក្នុងតំបន់ និងពិភពលោក ហើយនិងសម្តែងនូវបំណងចង់បន្តរក្សា និងពង្រីកទំនាក់ទំនងជាមួយវៀតណាមលើវិស័យជាច្រើននាពេលខាងមុខ។
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាមបានស្នើឲ្យប្រធានគណៈប្រតិភូនានាសម្របសម្រួលគ្នាដើម្បីជំរុញដំណើរទស្សនកិច្ចជាន់ខ្ពស់ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវលទ្ធផលនៃដំណើរទស្សនកិច្ចនាពេលកន្លងមកនេះ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការ និងសកម្មភាពផ្លាស់ប្តូររវាងគណៈកម្មាធិការ និងស្ថាប័ននៃសភា និងក្រុមសមាជិកសភា។
* នាព្រឹកថ្ងៃទី៣០ ខែកក្កដា (ម៉ោងក្នុងតំបន់) លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាមបានជួបទ្វេភាគីជាមួយលោក Anke Rehlinger ប្រធានព្រឹទ្ធសភាអាល្លឺម៉ង់។ ភាគីទាំងពីរបានឯកភាពគ្នាជំរុញពហុភាគីនិយម បន្តសម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសអង្គការសហប្រជាជាតិ និងវេទិកាអន្តរសភា គាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។
* នាព្រឹកថ្ងៃទី៣០ ខែកក្កដា (ម៉ោងក្នុងតំបន់) លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានជួបទ្វេភាគីជាមួយលោកស្រី Raymonde Gagné ប្រធានព្រឹទ្ធសភាកាណាដា។
* នាព្រឹកថ្ងៃទី៣០ ខែកក្កដា (ម៉ោងក្នុងតំបន់) លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបលោកស្រី Sounthone Xayachak អនុប្រធានរដ្ឋសភាឡាវ។
    |
 |
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ទទួលជួបលោកស្រី Sounthone Xayachak អនុប្រធានរដ្ឋសភាឡាវ |
ភាគីទាំងពីរបានឯកភាពគ្នាបន្តជំរុញរាល់សកម្មភាពដ៏មានអត្ថន័យក្នុងឆ្នាំ២០២៥ ត្រៀមរៀបចំដំណើរទស្សនកិច្ចទៅកាន់វៀតណាមរបស់លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវក្នុងឱកាសរំលឹកខួបលើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការសភាទ្វេភាគី និងពហុភាគី និងរៀបចំចងក្រងសៀវភៅក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃការបង្កើតទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរ។
* គួររំលឹកថា នារសៀលថ្ងៃទី ២៩ ខែកក្កដា (ម៉ោងក្នុងតំបន់) លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានជួបទ្វេភាគីជាមួយលោកស្រី Verona Murphy ប្រធានសភាជាន់ទាបអៀរឡង់។
* នារសៀលថ្ងៃទី ២៩ ខែកក្កដា (ម៉ោងក្នុងតំបន់) លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានជួបជាមួយប្រធានគណៈប្រតិភូប្រទេសនានាដែលចូលរួមសន្និសីទប្រធានសភាពិភពលោកលើកទី៦ រួមមាន៖ ប្រធានរដ្ឋសភាកូរ៉េខាងត្បូង Woo Won Shik; ប្រធានសភាប្រជាជនកំពូលកូរ៉េខាងជើង Pak Il Chol; ប្រធានសភាជាន់ទាបកាហ្សាក់ស្ថាន Yerlan Koshanov។
* នារសៀលថ្ងៃទី ២៩ ខែកក្កដា (ម៉ោងក្នុងតំបន់) លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានជួបពិភាក្សាការងារជាមួយអគ្គនាយកនៃការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ លោកស្រី Geneva Tatiana Valovaya។
* នាយប់ថ្ងៃទី ៣០ ខែកក្កដា (ម៉ោងក្នុងតំបន់) លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានត្រឡប់មកដល់មាតុប្រទេសវិញ ដោយបញ្ចប់ដំណើរទៅចូលរួមសន្និសីទប្រធានសភាពិភពលោកលើកទី ៦ នៅប្រទេសស្វីស និងចូលរួមសកម្មភាពទ្វេភាគីនៅប្រទេសស្វីស និងធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសម៉ារ៉ុក និងសេណេហ្គាល់ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ៣០ ខែកក្កដា៕
បកប្រែដោយ Pham Diep