នៅក្នុងជំនួប លោក To Lam អគ្គលេខាបក្សបានអះអាងនូវគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់បក្ស និងរដ្ឋវៀតណាម ជានិច្ចកាលយកចិត្តទុកដាក់ និងមានគោលបំណងចង់ជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយកូរ៉េខាងត្បូងឡើងកម្រិតកម្ពស់ថ្មីមួយប្រកបដោយភាពជាក់ស្តែង ប្រសិទ្ធភាព និងយូរអង្វែង។ លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា ក្រៅពីវិស័យសហប្រតិបត្តិការជាប្រពៃណី ភាគីទាំងពីរគប្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) ការសាងសង់មជ្ឈមណ្ឌលទិន្នន័យនៅវៀតណាម និងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។

leftcenterrightdel
លោក To Lam អគ្គលេខាបក្សទទួលជួបលោក Park Chang Dal បេសកជនពិសេសរបស់ប្រធានាធិបតីកូរ៉េខាងត្បូង (រូបថត៖ vnanet.vn)

រីឯលោក Park Chang Dal បេសកជនពិសេសបានសង្កត់ធ្ងន់ថា លោក Lee Jae Myung ប្រធានាធិបតីតែងតែចាត់ទុកវៀតណាមជាដៃគូសំខាន់នាំមុខគេក្នុងគោលនយោបាយការបរទេសនៃកូរ៉េខាងត្បូងក្នុងតំបន់។ លោក Park Chang Dal សង្ឃឹមថា ភាគីទាំងពីរនឹងបង្កើនការផ្លាស់ប្តូរ និងការជួបជុំកម្រិតខ្ពស់បន្ថែមទៀត ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិនិយោគ ដើម្បីអភិវឌ្ឍប្រកបដោយជាក់ស្តែង ប្រសិទ្ធភាព និងនិរន្តរភាព។ លោក Park Chang Dal ក៏បានស្នើឲ្យវៀតណាមយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសកូរ៉េខាងត្បូង ធ្វើអាជីវកម្ម និងពង្រីកការវិនិយោគនៅវៀតណាម ជាពិសេសលើវិស័យថាមពលនុយក្លេអ៊ែរ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ  ឆ្លើយតបទៅនឹងការផ្លាស់ប្តូរបរិយាកាសសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn)

ស្តីពីបញ្ហាអន្តរជាតិ និងតំបន់ លោក To Lam អគ្គលេខាបក្ស បានស្នើឲ្យភាគីទាំងពីរបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាអន្តរជាតិពហុភាគី។ លោក Park Chang Dal បានអះអាងថា កូរ៉េខាងត្បូងនឹងសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីរៀបចំកិច្ចប្រជុំកំពូល APEC ឆ្នាំ២០២៥ នៅប្រទេសកូរ៉េខាងត្បូង និងកិច្ចប្រជុំ APEC ឆ្នាំ២០២៧ នៅវៀតណាមប្រកបដោយជោគជ័យ។

* នាថ្ងៃដដែល នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោក Park Chang Dal។

នៅក្នុងជំនួបនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយកូរ៉េខាងត្បូង ហើយសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍកាន់តែជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព សម្បូរបែប និងនិរន្តរភាពថែមទៀតនាពេលខាងមុខ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទទួលជួបលោក Park Chang Dal បេសកជនពិសេសរបស់ប្រធានាធិបតីកូរ៉េខាងត្បូង (រូបថត៖ baochinhphu.vn)

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសម្តែងនូវការពេញចិត្តចំពោះសមិទ្ធិផលដែលប្រទេសទាំងពីរសម្រេចបានបន្ទាប់ពីរយៈពេលជាង ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត ជាពិសេសបន្ទាប់ពីប្រទេសទាំងពីរបានតម្លើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយនៅខែធ្នូ ឆ្នាំ ២០២២ ហើយសង្កត់ធ្ងន់ថាទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរត្រូវបានពង្រឹងជាបន្តបន្ទាប់។ ប្រទេសទាំងពីរបានក្លាយជាដៃគូសំខាន់នាំមុខក្នុងវិស័យជាច្រើន។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានវាយតម្លៃថាសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតែមានច្រើនណាស់។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរបន្តជំរុញទំនាក់ទំនងនយោបាយឲ្យកាន់តែស៊ីជម្រៅថែមទៀត ជំរុញទំនាក់ទំនងសេដ្ឋកិច្ច បង្កើនការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការទេសចរណ៍ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការធ្វើបរិវត្តកម្មឌីជីថល។ ទន្ទឹមនឹងនោះ លោក Pham Minh Chinh បានស្នើឱ្យភាគីកូរ៉េខាងត្បូងបន្តគាំទ្រវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ក្នុងវិស័យ semiconductors បញ្ញាសិប្បនិម្មិត (AI) និងបទពិសោធន៍គ្រប់គ្រង។

លោក Park Chang Dal បេសកជនពិសេស បានសង្កត់ធ្ងន់ថា កូរ៉េខាងត្បូងតែងតែចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងគោលនយោបាយការបរទេសក្នុងតំបន់។ លោក Park Chang Dal មានគោលបំណងចង់រួមជាមួយវៀតណាម ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលខាងមុខលើគ្រប់វិស័យដូចជា នយោបាយ សេដ្ឋកិច្ច វប្បធម៌ អប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ទន្ទឹមនឹងនោះ លោកសង្ឃឹមថា វៀតណាមនឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ច និងប្រជាពលរដ្ឋកូរ៉េខាងត្បូង ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅវៀតណាម។

ស្តីពីបញ្ហាអន្តរជាតិ និងតំបន់ ភាគីទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងវេទិកាតំបន់ និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងធ្វើការជាមួយគ្នាដើម្បីជោគជ័យនៃកិច្ចប្រជុំកំពូល APEC ឆ្នាំ ២០២៥ ដែលប្រព្រឹត្តទៅនៅប្រទេសកូរ៉េខាងត្បូង និងកិច្ចប្រជុំកំពូល APEC ឆ្នាំ ២០២៧ ដែលប្រព្រឹត្តទៅនៅប្រទេសវៀតណាម។

* នាល្ងាចថ្ងៃទី ២៩ ខែកក្កដា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានទទួលជួបលោក Kim Hyoung-nyon អនុប្រធានសាជីវកម្ម Dunamu (កូរ៉េខាងត្បូង) និងលោក Lee Eun-hyung អនុប្រធានសាជីវកម្ម Hana (កូរ៉េខាងត្បូង) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម ដើម្បីចែករំលែកបទពិសោធន៍ និងស្វែងយល់អំពីលទ្ធភាពសហប្រតិបត្តិការលើវិស័យទ្រព្យសកម្មគ្រីបតូ៕

បកប្រែដោយ Huyen Trang