មានប្រសាសន៍ក្នុងព្រឹត្តការណ៍ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការធ្វើជាម្ចាស់ផ្ទះ APEC 2027 គឺជាកិត្តិយស និងទំនួលខុសត្រូវអន្តរជាតិដ៏ធំធេងរបស់វៀតណាម។ លោកបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការបន្តសហការជាមួយសមាជិកដទៃទៀត ដើម្បីជម្រុញពហុភាគីនិយម សាមគ្គីភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ បង្កើនការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ និងប្រព័ន្ធពាណិជ្ជកម្មពិភពលោក ព្រមទាំងបង្ហាញពីទំនុកចិត្តរបស់ខឿនសេដ្ឋកិច្ចជាសមាជិក APEC ចំពោះវៀតណាម។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានចាត់ទុកថា តំបន់អាស៊ី-ប៉ាស៊ីហ្វិក និង APEC តែងតែជាអាទិភាពសំខាន់ក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។ ចំពោះវៀតណាម កិច្ចសហប្រតិបត្តិការ APEC គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការបើកទីផ្សារ ទាក់ទាញការវិនិយោគ ការផ្ទេរបច្ចេកវិទ្យា និងលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ច។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងប្រតិភូចូលរួមពិធីប្រកាសបង្កើតគណៈកម្មាធិការជាតិ APEC 2027 (រូបថត៖ vnanet.vn)

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានឲ្យដឹងថា វៀតណាមប្តេជ្ញាចិត្តរៀបចំឆ្នាំ APEC ឆ្នាំ២០២៧ ដោយជោគជ័យទាំងក្នុងក្របខ័ណ្ឌពហុភាគី និងទ្វេភាគីក្នុងតំបន់ និងអន្តរជាតិ រួមវិភាគទានដល់ការអនុវត្តកម្មវិធីធ្វើសកម្មភាព និងចក្ខុវិស័យរបស់ APEC លើកកម្ពស់តួនាទីរបស់ APEC ក្នុងតួនាទីជាកម្លាំងចលករនៃកំណើន និងការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។ ទន្ទឹមនឹងនោះ បញ្ជាក់ពីតួនាទីរបស់វៀតណាមលើឆាកអន្តរជាតិ ព្រមទាំងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងវៀតណាមជាមួយបណ្តាខឿនសេដ្ឋកិច្ចសមាជិក និងដៃគូ។

ដើម្បីសម្រេចបាននូវគោលដៅពោលខាងលើ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើ “ការជំរុញចំនួន៥” រួមទាំង៖ លើកកម្ពស់ស្មារតីសហប្រតិបត្តិការរវាងសមាជិក APEC; លើកកម្ពស់ស្មារតីនៃការផ្លាស់ប្ដូរថ្មី និងការច្នៃប្រឌិត; លើកកម្ពស់ការប្តេជ្ញាចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់រវាងស្ថាប័ន និងមូលដ្ឋាន; ជំរុញការគាំទ្រ កិច្ចសហការរបស់សមាជិក APEC និងការរួមចំណែករបស់ប្រជាជន និងសហគមន៍ធុរកិច្ច; ពង្រីកលទ្ធផលនៃឆ្នាំ APEC ឆ្នាំ២០២៧ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចកាន់តែមានប្រសិទ្ធភាពសម្រាប់ប្រទេសសមាជិកនីមួយៗ និងសម្រេចបាននូវគោលដៅនៃ APEC។

លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ដោយមានការប្តេជ្ញាចិត្ត និងការធ្វើសកម្មភាពយ៉ាងសកម្មរបស់វៀតណាម ការគាំទ្រពីខឿនសេដ្ឋកិច្ចជាសមាជិក និងលេខាធិការដ្ឋាន APEC ឆ្នាំ APEC ២០២៧ នឹងទទួលបានជោគជ័យ រួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងវិបុលភាពនៅអាស៊ី-ប៉ាស៊ីហ្វិក និងពិភពលោក៕

បកប្រែដោយ Thuy Anh