កូរ៉េខាងត្បូងចាត់ទុកវៀតណាមជាដៃគូដ៏សំខាន់ក្នុងតំបន់
កប.អនឡាញ - នាថ្ងៃទី ៣០ ខែកក្កដា នៅវិមានប្រធានរដ្ឋ លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានទទួលជួបលោក Park Chang Dal បេសកជនពិសេសរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា។
លោក Luong Cuong ប្រធានរដ្ឋ បានវាយតំលៃខ្ពស់ចំពោះជំនួបសន្ទនាតាមទូរស័ព្ទរវាងលោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង ជាមួយថ្នាក់ដឹកនាំវៀតណាម និងការបញ្ជូនបេសកជនពិសេសបំពេញទស្សនកិច្ចនៅវៀតណាមភ្លាមៗបន្ទាប់ពីចូលកាន់តំណែង តាមរយៈនោះបង្ហាញពីការយកចិត្តទុកដាក់ដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកូរ៉េខាងត្បូង។ លោកអះអាងថា វៀតណាមយកចិត្តទុកដាក់ជានិច្ចចំពោះទំនាក់ទំនងជាមួយកូរ៉េខាងត្បូង និងគាំទ្រគោលនយោបាយអភិវឌ្ឍន៍របស់រដ្ឋបាលរបស់លោក Lee Jae Myung ប្រធានាធិបតី តាមរយៈនោះ រួមចំណែកលើកកំពស់តួនាទី និងកិត្យានុភាពអន្តរជាតិរបស់កូរ៉េខាងត្បូង។
    |
 |
លោក Luong Cuong ប្រធានរដ្ឋ ទទួលជួបលោក Park Chang Dal |
លោក Luong Cuong ប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា បន្ទាប់ពីរយៈពេលជាង ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត ជាពិសេសបន្ទាប់ពីតម្លើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២២ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបានអភិវឌ្ឍយ៉ាងខ្លាំងក្លា និងមានប្រសិទ្ធភាពលើវិស័យជាច្រើន។ ប្រទេសទាំងពីរក្លាយជាដៃគូដ៏សំខាន់របស់គ្នាទៅវិញទៅមក។ លោក Luong Cuong ប្រធានរដ្ឋ បានស្នើថា ភាគីទាំងពីរបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលកូរ៉េខាងត្បូងមានប្រៀបខ្លាំង ហើយវៀតណាមមានតម្រូវការដោយឈរលើមូលដ្ឋាននៃផលប្រយោជន៍ទៅវិញទៅមក។ លោកប្រធានរដ្ឋបញ្ជាក់សារជាថ្មីនូវគោលដៅសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១៥០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០៣០ ក្នុងទិសដៅប្រកបដោយតុល្យភាព និងនិរន្តរភាព ហើយពង្រីកកិច្ចសហប្រតិបត្តិការវប្បធម៌ កីឡា និងជំនួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ។ លោកស្នើឲ្យភាគីកូរ៉េខាងត្បូងបន្តយកចិត្តទុកដាក់ និងជួយដល់ប្រជាពលរដ្ឋវៀតណាមជិត ៣៥០,០០០ នាក់ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅកូរ៉េខាងត្បូង រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត។
លោក Park Chang Dal បានឲ្យដឹងថា លោក Lee Jae Myung ប្រធានាធិបតី យកចិត្តទុកដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងជាមួយវៀតណាម ហើយចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងតំបន់។ លោកសង្ឃឹមថា ដោយឈរលើមូលដ្ឋាននៃគោលដៅអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋបាលថ្មី កូរ៉េខាងត្បូងនឹងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីការអភិវឌ្ឍរួម ហើយស្នើឲ្យវៀតណាមបន្តយកចិត្តទុកដាក់ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចកូរ៉េខាងត្បូងក្នុងការវិនិយោគនៅវៀតណាម។
ចំពោះបញ្ហាតំបន់ និងអន្តរជាតិ ភាគីទាំងពីរបានឯកភាពបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់ និងអន្តរជាតិលើបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា៕
បកប្រែដោយ Thuy Anh