លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបពិភាក្សាតាមទូរស័ព្ទជាមួយ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី
កប.អនឡាញ - នាល្ងាចថ្ងៃទី ៣០ ខែកក្កដា តាមសំណើរបស់ភាគីម៉ាឡេស៊ី លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានជម្រាបជូនលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមអំពីវិធានការមួយចំនួនដែលម៉ាឡេស៊ី បានអនុវត្តក្នុងនាមជាប្រធានអាស៊ាន ដើម្បីដោះស្រាយភាពតានតឹងនៅព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់លើគោលនយោបាយរបស់ម៉ាឡេស៊ីគឺជំរុញការសន្ទនា និងធានានូវសាមគ្គីភាព និងឯកភាពក្នុងការដោះស្រាយបញ្ហាតានតឹងព្រំដែនរវាងប្រទេសទាំងពីរ ព្រមទាំងបានបន្តអំពាវនាវឱ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់ មិនប្រើប្រាស់កម្លាំង និងដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី និងសមស្រប ដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី (រូបថត៖ baochinhphu.vn) |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម វាយតំលៃខ្ពស់ចំពោះការដែលនាយករដ្ឋមន្ត្រីទាំងពីរតែងតែជួបពិភាក្សាតាមទូរស័ព្ទ ដើម្បីសម្របសម្រួល និងចែករំលែកព័ត៌មានអំពីបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា បង្ហាញពីការកើនឡើងនូវទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរនិយាយរួម និងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរនិយាយដោយឡែកក្នុងស្មារតីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោកនាយករដ្ឋមន្ត្រីបានពាំនាំការសួរសុខទុក្ខពីសំណាក់ លោក To Lam អគ្គលេខាបក្ស លោក Luong Cuong ប្រធានរដ្ឋ និងលោក Tran Thanh Man ប្រធានរដ្ឋសភា ជូនចំពោះនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក Anwar Ibrahim នាយករដ្ឋមន្ត្រីផ្ទាល់ ក៏ដូចជាប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានក្នុងការជំរុញការដោះស្រាយភាពតានតឹងនៅព្រំដែនរវាងកម្ពុជា និងថៃ។ ជាពិសេសការរៀបចំជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីស្តីទីថៃ នៅថ្ងៃទី២៨ ខែកក្កដា និងការឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ ដែលជាជំហានវិជ្ជមានដំបូងក្នុងការជួយគ្រប់គ្រងការកើនឡើងនៃជម្លោះរវាងប្រទេសទាំងពីរ។
    |
 |
លោកនាយករដ្ឋមន្ត្រីវៀតណាមអះអាងថា វៀតណាមជានិច្ចកាលគាំទ្រ និងត្រៀមខ្លួនជាស្រេចដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាននិយាយរួម និងសម្របសម្រួលជាមួយប្រធានម៉ាឡេស៊ីនិយាយដោយឡែកក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ (រូបថត៖ baochinhphu.vn) |
លោកនាយករដ្ឋមន្ត្រីវៀតណាមបានអះអាងថា វៀតណាមជានិច្ចកាលគាំទ្រ និងត្រៀមខ្លួនជាស្រេចដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាននិយាយរួម និងសម្របសម្រួលជាមួយប្រធានម៉ាឡេស៊ីនិយាយដោយឡែកក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ និងរក្សាសាមគ្គីភាពក្នុងប្លុក ត្រៀមខ្លួនជាស្រេចក្នុងការចាត់បញ្ជូនតំណាងទៅចូលរួមក្នុងយន្តការដឹកនាំដោយអាស៊ាន ដើម្បីធានាការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ ដូចដែលបានលើកឡើងដោយប្រធានម៉ាឡេស៊ី និងយកចិត្តទុកដាក់លើជំនួយមនុស្សធម៌ជូនប្រជាជននៃប្រទេសទាំងពីរ។
អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពបន្តផ្លាស់ប្តូរ បង្កើនទំនុកទុកចិត្ត និងសម្របសម្រួលវិធានការនានា ដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនវានុវត្តន៍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ថាមពល និងការបញ្ជូនអគ្គិសនីរវាងវៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី ដើម្បីបង្កើតបណ្តាញអគ្គិសនីអាស៊ាន ហើយនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអង្ករក្នុងពេលឆាប់ៗដើម្បីវៀតណាមអាចជួយគាំទ្រម៉ាឡេស៊ីក្នុងការធានាសន្តិសុខស្បៀង។
នាយករដ្ឋមន្ត្រីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា រួមទាំងបញ្ហាពាណិជ្ជកម្ម និងពន្ធដារជាមួយប្រទេសដទៃទៀត ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៃប្រទេសទាំងពីរ ក្នុងតំបន់ និងពិភពលោក៕
បកប្រែដោយ Duy Hoan