ក្នុងសារលិខិតនោះ លោកនាយករដ្ឋមន្ត្រីវៀតណាម បានអបអរសាទរចំពោះក្រុមបាល់ទាត់ U.23 វៀតណាម  ក្រុមបង្វឹក សហព័ន្ធកីឡាបាល់ទាត់​វៀតណាម និងអ្នកគាំទ្រទូទាំងប្រទេស បន្ទាប់ពីជ័យជម្នះរបស់ក្រុមបាល់ទាត់ U.23 វៀតណាមក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ។ នេះជាជ័យឈ្នះជើងឯក U.23 អាស៊ីអាគ្នេយ៍ជាលើកទី៣ជាប់ៗគ្នា។ ជ័យជំនះនេះបន្តបញ្ជាក់ពីការនាំមុខគេរបស់កីឡាបាល់ទាត់យុវជនវៀតណាមក្នុងតំបន់ ហើយបង្ហាញយ៉ាងច្បាស់នូវភាពក្លាហាន ទេពកោសល្យ ស្មារតីនិងសេចក្ដីប្រាថ្នារបស់កីឡាករវ័យក្មេង។ 

leftcenterrightdel
ក្រុមបាល់ទាត់ U.23 វៀតណាម ដែលបានឈ្នះជើងឯក U.23 អាស៊ីអាគ្នេយ៍  (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្នុងអំឡុងពេលប្រកួត កីឡាករទាំងអស់បានបង្ហាញពីស្មារតីតស៊ូ ភាពរឹងមាំ ទំនុកចិត្ត មោទនភាព និងផ្ដល់អារម្មណ៍ល្អដល់ប្រជាជនវៀតណាមរាប់លាននាក់ក្នុងនិងក្រៅប្រទេស។ ជ័យជំនះនេះមិនត្រឹមតែជាសមិទ្ធិផលកីឡាប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃឆន្ទៈក្រោកឈរ និងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់យុវជនវៀតណាមទៀតផង។  លោកនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគាំទ្ររាប់លាននាក់នៅទូទាំងប្រទេសដែលតែងតែរួមដំណើរនិងប្រកៀកស្មាគ្នា ហើយជាទីបង្អែកដ៏រឹងមាំសម្រាប់ក្រុមបាល់ទាត់ក្នុងអំឡុងពេលនៃការប្រកួត។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឱ្យក្រសួងវប្បធម៌ កីឡា និងទេសចរណ៍សហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីផ្តល់រង្វាន់   លើកទឹកចិត្តដល់កីឡាករ ក្រុមបង្វឹក និងក្រុមបាល់ទាត់។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា កីឡាករទាំងអស់នឹងបន្តហ្វឹកហាត់ សាមគ្គីភាព និងបន្ដលើកកម្ពស់បន្ថែមទៀតនូវលទ្ធផលដែលសម្រេចបាន៕

បកប្រែដោយ Pham Diep