ទិវាវប្បធម៌វៀតណាមនៅសាធារណរដ្ឋតាតារស្តាន់
កប.អនឡាញ - ទិវាវប្បធម៌វៀតណាមត្រូវបានប្រារព្ធឡើងនាពេលថ្មីៗនេះនៅទីក្រុង Kazan រដ្ឋធានីនៃសាធារណរដ្ឋ តាតារស្តាន់ សហព័ន្ធរុស្ស៊ី។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំនៅ Ekaterinburg ក្រសួងវប្បធម៌នៃសាធារណរដ្ឋតាតារស្តាន់ និងសមាគមជនជាតិវៀតណាមនៅសាធារណរដ្ឋតាតារស្តាន់ ក្នុងឱកាសអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី (១៩៥០-២០២៥)។
    |
 |
លោកស្រី Nguyen Mai Huong អគ្គកុងស៊ុលវៀតណាមប្រចាំនៅ Ekaterinburg មានប្រសាសន៍ក្នុងព្រឹត្តិការណ៍ (រូបថត៖ vnanet.vn) |
មានប្រសាសន៍ក្នុងព្រឹត្តិការណ៍ លោកស្រី Nguyen Mai Huong អគ្គកុងស៊ុលវៀតណាមប្រចាំនៅ Ekaterinburg បានសង្កត់ធ្ងន់ថា សហព័ន្ធរុស្ស៊ីតែងតែជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់វៀតណាម។ ប្រជាជនវៀតណាមនឹងចងចាំជានិច្ច និងដឹងគុណចំពោះការជួយគាំទ្រជាច្រើនពីសហភាពសូវៀតក្នុងអតីតកាល និងសហព័ន្ធរុស្ស៊ីនាពេលបច្ចុប្បន្ននេះ។
តំណាងថ្នាក់ដឹកនាំសាធារណរដ្ឋតាតារស្តាន់ បានអបអរសាទរចំពោះព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ដោយសង្កត់ធ្ងន់លើការរួមចំណែកដ៏ធំធេងរបស់ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅ Ekaterinburg ក្នុងការពង្រឹង និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច វិទ្យាសាស្ត្រ-បច្ចេកទេស និងវប្បធម៌រវាងវៀតណាម និងសាធារណរដ្ឋតាតារស្តាន់។
ព្រឹត្តិការណ៍នេះត្រូវបានបើកដោយការតាំងពិព័រណ៍រូបថតដែលបង្ហាញពីទេសភាព ប្រពៃណី វប្បធម៌ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនវៀតណាម។ ព្រឹត្តិការណ៍នេះក៏បានបង្កើតបរិយាកាសវប្បធម៌វៀតណាម ដោយមានរបាំប្រពៃណី ល្បែងប្រជាប្រិយ ថ្នាក់រៀនធ្វើម្ហូប និងសកម្មភាពទទួលទានម្ហូបប្រពៃណី...
ទិវាវប្បធម៌វៀតណាមនៅទីក្រុង Kazan បានបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អចំពោះសហគមន៍ជនវៀតណាម និងមិត្តរុស្ស៊ីនៅទីក្រុង Kazan រួមចំណែកតភ្ជាប់សហគមន៍ជនវៀតណាមនៅរុស្ស៊ីជាមួយវប្បធម៌ជាតិ ជួយយុវជនយល់ដឹង និងមានមោទនភាពចំពោះមាតុភូមិ៕
បកប្រែដោយ Thuy Anh