ជម្រុញឲ្យទំនាក់ទំនងវៀតណាម - ឡាវ ឡើងកម្រិតកំពស់ថ្មី
កប.អនឡាញ - នារសៀលថ្ងៃទី ២៨ ខែកក្កដា លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Thongsavanh Phomvihane រដ្ឋមន្ត្រីការបរទេសឡាវ និងលោក Bounleua Phandanouvong ប្រធានស្តីទីនៃគណៈកម្មការទាក់ទងបរទេសមជ្ឈិមឡាវ។
ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទទាំងពីរ លោក Bui Thanh Son បានវាយតម្លៃថា ទំនាក់ទំនងវៀតណាម-ឡាវបាននិងកំពុងអភិវឌ្ឍដោយឥតឈប់ឈរលើគ្រប់ជ្រុងជ្រោយ មានប្រសិទ្ធភាព និងជាក់ស្តែង។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរបានឯកភាពគ្នាលើបញ្ហាយុទ្ធសាស្ត្រ ទិសដៅសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី និងវិធានការដោះស្រាយការលំបាក។ ព្រមទាំង ភាគីទាំងពីរបញ្ជាឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធអនុវត្តយ៉ាងសកម្ម និងជម្រុញឲ្យទំនាក់ទំនងទ្វេភាគីអភិវឌ្ឍប្រកបដោយគុណភាព។ បច្ចុប្បន្ននេះ ក្រសួង ស្ថាប័ន និងមូលដ្ឋាននានានៃប្រទេសទាំងពីរកំពុងខិតខំប្រឹងប្រែងអនុវត្តកិច្ចព្រមព្រៀង ក៏ដូចជាត្រៀមរៀបចំឲ្យបានល្អសម្រាប់សកម្មភាពកិច្ចការបរទេសសំខាន់ៗរវាងប្រទេសទាំងពីរនាពេលខាងមុខ បង្ហាញពីការយកចិត្តទុកដាក់រួមដល់ការជម្រុញឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំពស់ថ្មីមួយ។
    |
 |
ទិដ្ឋភាពនៃកិច្ចសន្ទនា (រូបថត៖ ក្រសួងការបរទេសវៀតណាម) |
លោក Thongsavanh Phomvihane និងលោក Bounleua Phandanouvong បានវាយតម្លៃខ្ពស់ចំពោះការរក្សាជំនួបជាន់ខ្ពស់រវាងប្រទេសទាំងពីរ បង្ហាញពីទំនាក់ទំនងជិតស្និទ្ធ និងទំនុកចិត្តរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ហើយសម្ដែងនូវក្ដីរីករាយដែលបានឃើញទំនាក់ទំនងឡាវ-វៀតណាមបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា និងមានប្រសិទ្ធភាពលើគ្រប់វិស័យ។
ភាគីទាំងពីរបានឯកភាពថា ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងដែលមានស្រាប់ ជាមួយនឹងការខិតខំប្រឹងប្រែងរបស់បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវនឹងកាន់តែអភិវឌ្ឍយ៉ាងស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព។ ភាគីទាំងពីរក៏បានចែករំលែកទស្សនៈស្តីពីស្ថានភាពពិភពលោក និងតំបន់ ហើយឯកភាពរក្សាការផ្លាស់ប្តូរអំពីស្ថានភាព និងសហការយ៉ាងជិតស្និទ្ធក្នុងបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕
បកប្រែដោយ Thanh Cong