លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីនេះ ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នតំណាងនៃប្រទេស និងអង្គការអន្តរជាតិនានាប្រចាំនៅវៀតណាម និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងមូលដ្ឋាននានា។

leftcenterrightdel
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសមានប្រសាសន៍នៅក្នុងពិធី (រូបថត៖ vnanet.vn)

មានប្រសាសន៍នៅក្នុងពិធី លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស បានអះអាងនូវអត្ថន័យជាប្រវត្តិសាស្ត្រនៃការសម្រេចចិត្តរបស់វៀតណាមក្នុងការចូលរួមអាស៊ាននៅឆ្នាំ ១៩៩៥។ ទាំងអាស៊ាន និងវៀតណាមមានសេចក្តីប្រាថ្នាដូចគ្នាក្នុងការកសាងអាស៊ីអាគ្នេយ៍សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ វៀតណាមបានចូលរួមអាស៊ានក្នុងស្មារតីបើកចំហ ទំនួលខុសត្រូវ ហើយសំខាន់បំផុតគឺការប្តេជ្ញាផ្សារភ្ជាប់រយៈពេលវែង។

លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស បានចែករំលែកថា សម្រាប់វៀតណាម អាស៊ានមិនគ្រាន់តែជាក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងជាទ្វារដំបូងដែលបើកសម្រាប់វៀតណាមធ្វើសមាហរណកម្មទៅក្នុងតំបន់ និងការអភិវឌ្ឍប្រទេសជាតិ។ នៅក្នុងគ្រួសារអាស៊ាន វៀតណាមពិតជាទទួលបានការជឿទុកចិត្ត និងការតភ្ជាប់យ៉ាងជិតស្និទ្ធ។ វៀតណាមមានមោទនភាពក្នុងការចូលរួម និងរួមចំណែកក្នុងព្រឹត្តិការណ៍សំខាន់ៗរបស់អាស៊ាន។

leftcenterrightdel
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស រួមជាមួយប្រតិភូនានា

ក្រឡេកមើលទៅលើសមិទ្ធិផលរបស់អាស៊ានក្នុងរយៈពេលជិត ៦០ ឆ្នាំកន្លងមក លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស បានសង្កត់ធ្ងន់ថា អាស៊ានបានប្រែក្លាយទៅជាសហគមន៍ស្អិតរមួតរបស់ប្រទេសចំនួន ១០ ហើយក្នុងពេលឆាប់ៗនេះ មានប្រទេសចំនួន ១១ ចែករំលែកគោលដៅ ចក្ខុវិស័យ និងតម្លៃរួម។ ប្រឈមមុខនឹងការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅក្នុងសម័យកាល ប្រទេសនានាត្រូវបន្តពួតដៃគ្នាដើម្បីលើកកម្ពស់តម្លៃនៃកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ ពហុភាគីនិយម ការគោរពច្បាប់ ជាពិសេសការរក្សាបរិយាកាសសន្តិភាព សន្តិសុខ និងស្ថិរភាព សម្រាប់ធានាកំណើនប្រកបដោយចីរភាព និងជោគជ័យរួមនៃសហគមន៍អាស៊ាន។ អាស្រ័យហេតុនេះ វៀតណាមស្វាគមន៍ចំពោះបទឈប់បាញ់ភ្លាមៗ និងគ្មានលក្ខខណ្ឌរវាងកម្ពុជា និងថៃ។

លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស បានអះអាងនូវកិច្ចសន្យាយ៉ាងមុតមាំរបស់វៀតណាមក្នុងការគាំទ្រ និងរួមចំណែកជាក់ស្តែងក្នុងការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ ពង្រឹងសាមគ្គីភាព តួនាទីជាមជ្ឈភាព និងម្ចាស់ការជាយុទ្ធសាស្ត្ររបស់អាស៊ាន។ វៀតណាមនឹងបន្តផ្តល់អាទិភាពខ្ពស់ចំពោះវិស័យនវានុវត្តន៍ ការធ្វើបរិវត្តកម្មបៃតង ការធ្វើបរិវត្តកម្មឌីជីថល ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។ វេទិកាអនាគតអាស៊ានដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនឹងក្លាយជាឱកាសសម្រាប់កិច្ចសន្ទនាបរិយាប័ន្ន និងបើកចំហ រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន។

តាងនាមបណ្តាប្រទេសជាសមាជិក ក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២៥ លោក Dato' Tan Yang Thai ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅវៀតណាម បានអបអរសាទរយ៉ាងកក់ក្តៅចំពោះវៀតណាម។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមទៅកាន់លេខាធិការដ្ឋានអាស៊ានក្នុងខែមីនា ឆ្នាំ២០២៥ មានអត្ថន័យដ៏សំខាន់ក្នុងឱកាសរំលឹកខួបលើកទី៣០ នៃការចូលរួមរបស់វៀតណាមក្នុងអាស៊ាន។

លោកឯកអគ្គរដ្ឋទូតបានចែករំលែកថា  ក្នុងរយៈពេល ៣ ទស្សវត្សរ៍កន្លងមក វៀតណាមបានបញ្ជាក់ពីតួនាទីជាសមាជិកសកម្ម មានទំនួលខុសត្រូវ និងតួនាទីស្ថាបនា រួមចំណែកដ៏សំខាន់ក្នុងការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវការធ្វើសមាហរណកម្មសេដ្ឋកិច្ច ថែរក្សាសន្តិភាព ស្ថិរភាព និងជំរុញសណ្តាប់ធ្នាប់តំបន់ដែលផ្អែកលើច្បាប់។ វៀតណាមតែងតែគាំទ្រតួនាទីជាមជ្ឈភាពរបស់អាស៊ាន។ លោកឯកអគ្គរដ្ឋទូតម៉ាឡេស៊ី បានសង្កត់ធ្ងន់លើភាពជាអ្នកដឹកនាំរបស់វៀតណាមក្នុងអំឡុងពេលកាន់តំណែងជាប្រធានអាស៊ានឆ្នាំ ២០២០ រក្សាសន្ទុះនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជំរុញការងើបឡើងវិញសេដ្ឋកិច្ច ការពឹងផ្អែកលើខ្លួនឯងក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងការសម្រេចបាននូវគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រដូចជាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។

លោក Dato' Tan Yang Thai ឯកអគ្គរដ្ឋទូត ក៏បានវាយតំលៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមវេទិកាអនាគតអាស៊ាន របស់វៀតណាមថាជាការបង្ហាញពីចក្ខុវិស័យយុទ្ធសាស្ត្ររបស់វៀតណាម។ វេទិកានេះមិនត្រឹមតែជាកន្លែងប្រមូលផ្តុំគំនិតប៉ុណ្ណោះទេ ថែមទាំងបញ្ជូនសារថាអាស៊ានម្ចាស់ការកំណត់ទិសដៅយ៉ាងសកម្ម ត្រៀមខ្លួនជាស្រេចដើម្បីបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលរបស់សម័យកាល និងផ្តោតលើប្រជាជន។

ដំណើរការ ៣០ ឆ្នាំនៃការចូលរួមក្នុងកិច្ចសហប្រតិបត្តិការអាស៊ានគឺជាការបង្ហាញយ៉ាងច្បាស់អំពីជម្រើសដ៏ត្រឹមត្រូវ និងយុទ្ធសាស្ត្ររបស់វៀតណាម។ អាស៊ានតែងតែជាអាទិភាពយុទ្ធសាស្ត្រក្នុងគោលនយោបាយការបរទេសឯករាជ្យ ម្ចាស់ការ ពហុភាគីភាវូបនីយកម្ម ពិពិធកម្ម និងធ្វើសមាហរណកម្មអន្តរជាតិ។ ឆ្ពោះទៅអនាគត វៀតណាមនឹងបន្តជំរុញស្មារតីសកម្ម វិជ្ជមាន និងមានទំនួលខុសត្រូវ ខិតខំប្រឹងប្រែងដើម្បីជោគជ័យរបស់អាស៊ាន ដើម្បីតំបន់អាស៊ីអាគ្នេយ៍សន្តិភាព ស្ថិរភាព និងអភិវឌ្ឍ ប្រកបដោយចីរភាព៕

បកប្រែដោយ Huyen Trang