ក្នុងឱកាសនេះ លោក Dato' Tan Yang Thai ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅវៀតណាម មានការចែលរតំលែកយោបល់របស់ខ្លួនជាមួយអ្នកសារព័ត៌មានអំពីតួនាទីនិងការរួមចំណែករបស់វៀតណាម។

អ្នកយកព័ត៌មាន៖ តើលោកអាចចែករំលែកយោបល់អំពីការត្រៀមរៀបចំរបស់ម៉ាឡេស៊ីក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២៥ ក្នុងឱកាសខួបលើកទី ១០ នៃការបង្កើតសហគមន៍អាស៊ានបានទេ? តើលោកអាចប្រាប់អំពីអត្ថន័យនៃប្រធានបទ "បរិយាប័ន្ននិងនិរន្តរភាព" សម្រាប់ឆ្នាំ ២០២៥ ដែលជាប្រធានអាស៊ានបានទេ?

លោក Dato’ Tan Yang Thai៖ ព្រឹត្តិការណ៍ខួបលើកទី ១០ នៃបង្កើតសហគមន៍អាស៊ាន គឺជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃប្រទេសសមាជិកទាំងឡាយរំលឹកឡើងវិញនូវឧបសគ្គក្នុងដំណើរការកសាងសហគមន៍ ព្រមទាំង ដកបទពិសោធន៍ ហើយបញ្ចូលវាទៅក្នុងរបៀបវារៈក្រោយឆ្នាំ២០២៥។

សេចក្តីប្រកាសទីក្រុងគូឡាឡាំពួ ស្តីពីអាស៊ាន ២០៤៥ ដែលទើបអនុម័តនាពេលថ្មីៗនេះ បានដាក់ទិសដៅសម្រាប់អនាគតរួមរបស់អាស៊ាន។ នេះគឺជាលើកទីមួយហើយដែលថ្នាក់ដឹកនាំអាស៊ានបានអនុម័តលើសេចក្តីប្រកាសនយោបាយតែមួយគត់ដោយកំណត់ពេលវេលាវដ្តបង្កើតផែនការមានរយៈពេល ១០ ឆ្នាំ តាមរយៈនោះ ជួយវិនិយោគិន និងប្រជាពលរដ្ឋឲ្យយល់ពីទិសដៅនៃសហគមន៍អាស៊ាន។

សេចក្តីប្រកាសក៏បានអនុម័តលើចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងផែនការយុទ្ធសាស្ត្រជាក់លាក់ចំនួន ៤ សម្រាប់សសរស្តម្ភទាំងបួន (នយោបាយ-សន្តិសុខ សេដ្ឋកិច្ច សង្គម-វប្បធម៌ និងការតភ្ជាប់) ហើយធានាឲ្យមានការអភិវឌ្ឍព្រមៗគ្នាលើគ្រប់វិស័យ។

សេចក្តីប្រកាសមួយនេះបានសង្កត់ធ្ងន់លើ “អាស៊ានមួយដែលមានភាពធន់ ការផ្លាស់ថ្មី ស្វាហាប់ និងផ្តោតលើប្រជាជន” ដោយបញ្ជាក់ពីស្មារតីរបស់សមាគមក្នុងការនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជន។ នេះគឺស្របនឹងប្រធានបទ “បរិយាប័ន្ន និងនិរន្តរភាព” របស់ប្រទេសម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៥។

ក្នុងឆ្នាំ២០២៥ ដែលជាប្រធានអាស៊ាន ម៉ាឡេស៊ីបានជ្រើសរើសប្រធានបទ "បរិយាប័ន្ននិងនិរន្តរភាព"។ “បរិយាប័ន្ន” មានន័យថា  ប្រជាពលរដ្ឋអាស៊ានទាំងអស់មើលឃើញពីអត្ថប្រយោជន៍នៃសហគមន៍នៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ តាមនោះ ម៉ាឡេស៊ីមានគោលបំណង “មិនទុកនរណាម្នាក់ចោល” ដោយបង្រួមគម្លាតអភិវឌ្ឍន៍ក្នុងប្លុក ផ្តល់ឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយសមធម៌ និងបង្កើនការគាំពារសង្គមនៅទូទាំងអាស៊ាន។ “និរន្តរភាព” មានន័យថា ការពារផលប្រយោជន៍របស់មនុស្សជំនាន់ក្រោយ។ តាមនោះ អាស៊ានបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការធ្វើបរិវត្តកម្មថាមពលស្អាត ការវិនិយោគប្រកបដោយនិរន្តរភាព និងការគ្រប់គ្រងបរិស្ថាន រួមទាំងការរួមបញ្ចូលក្របខ័ណ្ឌហិរញ្ញវត្ថុបៃតង និងថាមពលនៅប្រទេសសមាជិកអាស៊ានទាំងឡាយ។

leftcenterrightdel
លោក Dato' Tan Yang Thai ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅវៀតណាម​ (រូបថត៖ nhandan.vn)

អ្នកយកព័ត៌មាន៖ តើលោកអាចវាយតម្លៃតួនាទី កិត្យានុភាព និងការរួមចំណែករបស់វៀតណាមក្នុងការអនុវត្តចក្ខុវិស័យអភិវឌ្ឍន៍របស់អាស៊ានបានទេ?

លោក Dato’ Tan Yang Thai៖ វៀតណាមបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចស្វាហាប់បំផុតរបស់អាស៊ាន រួមចំណែកលើកកម្ពស់តួនាទីពាណិជ្ជកម្មសកលរបស់អាស៊ាន។ វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សច្ចាប័ន និងអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ជំរុញពាណិជ្ជកម្មក្នុងអាស៊ាន និងអាស៊ាន+៦ ជួយគាំទ្រយ៉ាងសកម្មនូវគោលដៅសមាហរណកម្មសេដ្ឋកិច្ចរបស់អាស៊ាន រួមទាំងការបង្រួមគម្លាតនៃការអភិវឌ្ឍ តាមរយៈគំនិតផ្តួចផ្តើមដូចជា គំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន (IAI) និងក្របខ័ណ្ឌមហាអនុតំបន់ទន្លមគង្គ។

វៀតណាមតែងតែការពារតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងកិច្ចការបរទេស និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត វៀតណាមបានរួមចំណែកបង្កើតគោលជំហររួមរបស់អាស៊ានក្នុងការគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) និងជំរុញការកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)។ វៀតណាមតែងតែសម្តែងនូវគោលបំណងចង់រក្សាគោលការណ៍មិនជ្រៀតជ្រែក គោរពអធិបតេយ្យភាព និងរក្សាឯកភាពក្នុងអាស៊ាន ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិកទាំងឡាយ។

ទន្ទឹមនឹងនោះ វៀតណាមក៏បានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យវប្បធម៌ អប់រំ និងយុវជនផងដែរ។ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ វៀតណាមបានក្លាយជាសមាជិកដែលអាចជឿទុកចិត្តបាន និងមានឆន្ទៈស្ថាបនា។

អ្នកយកព័ត៌មាន៖ នៅឆ្នាំ២០២៤ វៀតណាម និងម៉ាឡេស៊ីបានតម្កើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ តើលោកអាចវាយតម្លៃអំពីសមិទ្ធិផល និងយថាទស្សន៍សម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងម៉ាឡេស៊ីបានទេ?

លោក Dato’ Tan Yang Thai៖ នៅឆ្នាំ២០២៤ ដំណើរទស្សនកិច្ចនៅម៉ាឡេស៊ីរបស់លោក To Lam អគ្គលេខាបក្ស និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម សម្រេចបានលទ្ធផលសំខាន់ៗ។ ប្រទេសទាំងពីរបានតម្លើងទំនាក់ទំនងទ្វេភាគីទៅជាភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បើកសម័យថ្មីនៃកិច្ចសហប្រតិបត្តិការ រវាងវៀតណាមនិងម៉ាឡេស៊ី។

ព្រឹត្តិការណ៍ដ៏សំខាន់នេះបានបង្ហាញពីទំនាក់ទំនងមិត្តភាព ការជឿទុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសន្យាជម្រុញឲ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ ជាពិសេសការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មី។

ក្នុងវិស័យពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ២០២៤ សម្រេចបានជិត ១៨ ពាន់លានដុល្លារអាមេរិក ហើយអាចសម្រេចបាន ២០ ពាន់លានដុល្លារនាពេលខាងមុខ។ ធុរកិច្ចម៉ាឡេស៊ីក៏បានចាត់ទុកវៀតណាមជាបរិយាកាសវិនិយោគដ៏មានសក្តានុពលផងដែរ។ មកទល់នឹងពេលនេះ ម៉ាឡេស៊ីបានវិនិយោគជាង ១៣ ពាន់លានដុល្លារនៅវៀតណាម ជាមួយនឹងគម្រោងប្រហែល ៧៦០ លើវិស័យជាច្រើន។

ទេសចរណ៍ក៏ជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគី។ នៅឆ្នាំ ២០២៤ ម៉ាឡេស៊ីបានទទួលភ្ញៀវទេសចរវៀតណាមជាង ៣០០.០០០ នាក់ ហើយខ្ញុំសង្ឃឹមថា ភ្ញៀវទេសចរវៀតណាមកាន់តែច្រើននឹងមកម៉ាឡេស៊ី។ នេះបង្ហាញពីទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជននៃប្រទេសទាំងពីរ ដោយសារប្រទេសទាំងពីរបានបើកជើងហោះហើរត្រង់រវាងទីក្រុងធំៗក្នុងប្រទេសវៀតណាមដូចជា ទីក្រុងហាណូយ ទីក្រុងហូជីមិញ និងទីក្រុង Da Nang និងមូលដ្ឋាននានាក្នុងប្រទេសម៉ាឡេស៊ី។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកឯកអគ្គរដ្ឋទូត៕

បកប្រែដោយ Thuy Anh