វៀតណាម - សមាជិកសកម្មរបស់អាស៊ាន
កប.អនឡាញ - នាថ្ងៃទី ៨ ខែសីហា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានប្រារព្ធខួបលើកទី ៥៨ នៃការបង្កើត និងអភិវឌ្ឍន៍ (៨ សីហា ១៩៦៧ / ៨ សីហា ២០២៥)។
ក្នុងរយៈពេល ៥៨ ឆ្នាំកន្លងមកនេះ អាស៊ានគឺជាគំរូជោគជ័យនៃកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ក្នុងតំបន់ ជាមួយនឹងតួនាទី និងកិត្យានុភាពកាន់តែមានសារៈសំខាន់។ ក្នុងដំណើរនោះ វៀតណាមដែលជាសមាជិកក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក បានរួមចំណែកយ៉ាងធំធេង និងបញ្ជាក់ពីឋានៈ និងតួនាទីរបស់អាស៊ានលើឆាកអន្តរជាតិ។
ក្នុងអត្ថបទ “ដំណើរ ៣០ ឆ្នាំ៖ ពីសេចក្តីប្រាថ្នារួម ទៅកាន់សមាជិកជាទីទុកចិត្ត និងការទទួលខុសត្រូវ” ក្នុងឱកាសនេះ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានសង្កត់ធ្ងន់ថា រយៈពេល ៣០ឆ្នាំមុន វៀតណាមបានចូលក្នុងផ្ទះរួមអាស៊ាន ដោយមានផ្នត់គំនិតសកម្ម ទំនួលខុសត្រូវ និងមានបំណងចង់រួមចំណែកប្រកបដោយប្រសិទ្ធភាព។ ឆ្លងកាត់រយៈពេល ៣០ ឆ្នាំ ជាមួយនឹងវិធីសាស្រ្តប្រកបដោយតុល្យភាព និងសុច្ឆន្ទៈ វៀតណាមបានរួមចំណែកក្នុងការចុះសម្រុងគ្នានូវភាពខុសប្លែកគ្នា និងការបង្កើនលក្ខណៈស្រដៀងគ្នា រក្សាសំឡេងរួមរបស់អាស៊ានលើបញ្ហាយុទ្ធសាស្ត្រក្នុងតំបន់ ដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ វៀតណាមបានដើរតួនាទីដ៏ល្អជាស្ពានរវាងគោលនយោបាយនិងការអនុវត្ត បំពេញផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជន ធុរកិច្ច និងមូលដ្ឋាន។ វៀតណាមតែងតែជាអ្នកត្រួសត្រាយផ្លូវក្នុងការជំរុញការអភិវឌ្ឍប្រកបដោយសមធម៌ និងបរិយាប័ន្ន។ ជាពិសេស វិធីសាស្រ្តរបស់វៀតណាម “កំណត់ប្រជាជនជាស្នូល គោលដៅ និងកម្លាំងជំរុញនៃដំណើរការកសាងសហគមន៍” ត្រូវបានបញ្ចូលទៅក្នុងទិសដៅទូទៅនៃឯកសារអាស៊ាន ២០៤៥។ ទន្ទឹមនឹងនោះ វៀតណាមក៏ជាកត្តាសកម្មក្នុងការជំរុញបណ្តាញភាពជាដៃគូ និងបង្កើនឥទ្ធិពលរបស់អាស៊ានផងដែរ។
    |
 |
លោក Kao Kim Hourn អគ្គលេខាធិការអាស៊ាន (រូបថត៖ vov.vn) |
តាមទស្សនៈក្នុងតំបន់ លោក Kao Kim Hourn អគ្គលេខាធិការអាស៊ាន បានបញ្ជាក់ថា៖ “វៀតណាមបានក្លាយជាសមាជិកយ៉ាងសកម្មរបស់អាស៊ានក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ។ ប្រការនេះ បានឆ្លុះបញ្ចាំងតាមរយៈគំនិតផ្តួចផ្តើម និងសំណើដែលវៀតណាមបានដាក់ចេញក្នុងមុខតំណែងផ្សេងៗគ្នា។ អាចនិយាយបានថា វៀតណាមបានរួមចំណែកក្នុងការអភិវឌ្ឍ និងការផ្លាស់ប្តូរយន្តការដឹកនាំដោយអាស៊ាន នាំមកនូវផលប្រយោជន៍ និងពង្រឹងសហគមន៍អាស៊ាន។ បច្ចុប្បន្នវៀតណាមជាប្រទេសធំទី៣បើគិតពីចំនួនប្រជាជនក្នុងតំបន់ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន។ ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់វៀតណាមគួរជាទីចាប់អារម្មណ៍យ៉ាងខ្លាំង ដោយ GDP របស់វៀតណាមបានរួមចំណែកដល់តំបន់គឺមានទំហំធំណាស់។ វៀតណាមក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ដូច្នេះ តាមរបៀបជាច្រើន ក្នុងរយៈពេល៣០ឆ្នាំមកនេះ ខ្ញុំគិតថា វៀតណាមបានរួមចំណែកជាច្រើនក្នុងការអភិវឌ្ឍអាស៊ាន”។
ក្រឡេកមើលទៅក្រោយរយៈពេល ៣០ ឆ្នាំកន្លងមក ការប្តេជ្ញាចិត្ត សកម្មភាពនីមួយៗ គំនិតផ្តួចផ្តើមនីមួយៗ បានបង្ហាញពីភាពម្ចាស់ការ និងការទទួលខុសត្រូវរបស់វៀតណាម ដែលបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងសម្រាប់អាស៊ាន។ ឈានចូលដំណាក់កាលថ្មី ដោយមានផ្នត់គំនិតថ្មី និងឥរិយាបទថ្មី វៀតណាមនឹងបន្តរួមដំណើរជាមួយប្រទេសផ្សេងទៀតក្នុងការកសាងសហគមន៍អាស៊ានខ្លួនទីពឹងខ្លួន បរិយាប័ន្ននិងនិរន្តរភាព៕
បកប្រែដោយ Thanh Cong