រួមគ្នាសម្រាប់កិច្ចសហប្រតិបត្តិការ ការពឹងផ្អែកលើខ្លួនឯង និងការអភិវឌ្ឍប្រកបដោយចីរភាព

ក្នុងជំនួបនេះ លោក Anwar Ibrahim បានសម្តែងនូវការគោរពរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះរដ្ឋ និងប្រជាជនវៀតណាមចំពោះការទទួលមរណភាពរបស់លោក Tran Duc Luong អតីតប្រធានរដ្ឋវៀតណាម។

ទទួលស្វាគមន៍លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមមកបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី លោក Anwar Ibrahim បានសម្តែងនូវជំនឿថា ជាមួយនឹងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ប្រជាជនវៀតណាមនឹងបន្តទទួលបានភាពជោគជ័យបន្ថែមទៀតលើមាគ៌ាអភិវឌ្ឍន៍ ឆាប់ៗសម្រេចគោលដៅក្លាយជាប្រទេសឧស្សាហកម្មទំនើបនៅឆ្នាំ ២០៤៥។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានសម្តែងនូវសេចក្តីរីករាយក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសម៉ាឡេស៊ីក្នុងនាមជានាយករដ្ឋមន្ត្រី និងបានជួបជាមួយលោក Anwar Ibrahim ម្តងទៀត។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយម៉ាឡេស៊ី។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតសន្ទុះថ្មី ធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ជួបពិភាក្សាបិទទ្វារជាមួយលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី  (រូបថត៖ vnanet.vn)

នាយករដ្ឋមន្ត្រីទាំងពីរបានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីនាពេលថ្មីៗនេះ ជាពិសេសបន្ទាប់ពីការធ្វើឱ្យប្រសើរឡើងដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។ ទំនាក់ទំនងនយោបាយ និងការទូតត្រូវបានពង្រឹងកាន់តែខ្លាំងឡើង។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ គឺជាចំណុចភ្លឺស្វាងក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ ១៤.២ ពាន់លានដុល្លារក្នុងឆ្នាំ២០២៤។ ម៉ាឡេស៊ីនៅតែស្ថិតក្នុងក្រុមប្រទេសចំនួន ១០ ដែលមានការវិនិយោគធំជាងគេនៅវៀតណាមដែលមានដើមទុនចុះបញ្ជីសរុបជាង ១៣ ពាន់លានដុល្លារ។

ចំពោះទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងទំនាក់ទំនងគ្រប់កម្រិតតាមគ្រប់បណ្តាញ ឆ្ពោះទៅរកការបង្កើតយន្តការផ្លាស់ប្តូរប្រចាំឆ្នាំរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ភាគីទាំងពីរបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព ខិតខំនាំឱ្យទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ក្នុងទិសដៅប្រកបដោយតុល្យភាព បន្ថយការការអនុវត្តរបាំងពាណិជ្ជកម្ម ជួយសម្រួលដល់ការនាំចូល និងនាំចេញនូវផលិតផលដែលមានសក្តានុពល និងរឹងមាំនៃភាគីទាំងពីរ។

ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការពហុភាគី និងក្នុងតំបន់ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការសម្របសម្រួលជាប្រចាំរបស់ប្រទេសទាំងពីរ។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអះអាងជាថ្មីម្តងទៀតថា វៀតណាមនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រធានម៉ាឡេស៊ី និងប្រទេសដទៃទៀត ដើម្បីអនុវត្តរាល់ការផ្តល់អាទិភាពដែលបានកំណត់ ឆ្ពោះទៅអាស៊ានមួយប្រកបដោយ “និរន្តរភាព និងបរិយាប័ន្ន” ស្របតាមប្រធានបទអាស៊ានឆ្នាំនេះ។

នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពរក្សាគោលជំហររួមរបស់អាស៊ានលើបញ្ហាសមុទ្រខាងកើត បន្តសម្របសម្រួលក្នុងដំណាក់កាលបន្ទាប់នៃការចរចាលើក្រមស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) និងរួមចំណែកយ៉ាងសកម្មក្នុងការធានាការកសាង COC ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

ការពង្រឹងការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងពីរ

នាថ្ងៃទី២៥ ឧសភា នៅទីក្រុង Kuala Lumpur លោក Pham Minh Chinh ក៏មានជំនួបជាបន្តបន្ទាប់ជាមួយប្រធានរដ្ឋសភា ម៉ាឡេស៊ី Dato’ Johari Bin Abdul និងប្រធានព្រឹទ្ធសភាម៉ាឡេស៊ី Dato Awang Bemee Awang Ali Basah ផងដែរ។

នៅក្នុងជំនួបទាំងនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានអបអរសាទរម៉ាឡេស៊ីចំពោះសមិទ្ធផលសំខាន់ៗរបស់ខ្លួន ដោយមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសមានខឿនសេដ្ឋកិច្ចប្រកួតប្រជែងកំពូលទាំង ២៧ នៅលើពិភពលោក។ ហើយបានសម្តែងជំនឿថា ដោយមានការចូលរួមចំណែកពីរដ្ឋសភា ព្រឹទ្ធសភា ម៉ាឡេស៊ីនឹងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ទូលំទូលាយរបស់ខ្លួនក្រោមក្របខណ្ឌសេដ្ឋកិច្ច MADANI ។

ទាំងប្រធានរដ្ឋសភា និងព្រឹទ្ធសភាម៉ាឡេស៊ី សុទ្ធតែបានស្វាគមន៍យ៉ាងកក់ក្តៅ និងសម្តែងនូវសេចក្តីសោមនស្សរីករាយក្នុងជំនួបជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីក្នុងឱកាសលោកបំពេញទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី ព្រមទាំងអះអាងថា ដំណើរទស្សនកិច្ចកម្រិតខ្ពស់លើកដំបូង ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ មានសារសំខាន់ណាស់ បង្កើតកម្លាំងចលករថ្មី ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ បំពេញផលប្រយោជន៍ និងសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ។

លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ភាគីទាំងពីរនឹងបន្តពង្រឹងទំនាក់ទំនងនយោបាយ និងការទូត ជាពិសេសការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ព្រមទាំងរក្សាបាននូវបរិយាកាសសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់។ លោកនាយករដ្ឋមន្ត្រីបានស្នើថា ភាគីទាំងពីរពង្រឹងការតភ្ជាប់នៃសេដ្ឋកិច្ចទាំងពីរ តាមរយៈការអនុវត្តកិច្ចសហប្រតិបត្តិការបណ្តាញថាមពលអាស៊ាន ការតភ្ជាប់មូលដ្ឋានទិន្នន័យ ការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចរង្វង់ ដែលជាវិស័យដែលភាគីទាំងពីរមានសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ។

ដោយយល់ស្របនឹងការលើកឡើងរបស់នាយករដ្ឋមន្ត្រីវៀតណាម ប្រធានរដ្ឋសភា និងព្រឹទ្ធសភាម៉ាឡេស៊ី បានស្នើថា ភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការធានាសន្តិសុខស្បៀង និងស្នើឱ្យវៀតណាមជួយម៉ាឡេស៊ីក្នុងការអភិវឌ្ឍវិស័យកសិកម្មកាត់បន្ថយការពឹងផ្អែកលើការផ្គត់ផ្គង់ខាងក្រៅ។

ភាគីទាំងពីរក៏បានឯកភាពថា សភានៃប្រទេសទាំងពីរគប្បីតែបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសអាស៊ានដទៃទៀត ដើម្បីជំរុញការកំណត់អាទិភាព សម្របសម្រួលគោលជំហរនៅវេទិកាសភាតំបន់ និងអន្តរជាតិ។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមវាយតំលៃខ្ពស់ចំពោះតួនាទីរបស់ម៉ាឡេស៊ីក្នុងការទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២៥ និងជាប្រធាន AIPA 46 ដោយបញ្ជាក់ពីការគាំទ្ររបស់ខ្លួនចំពោះប្រធានបទដែលលើកឡើងដោយប្រទេសជាប្រធាន។

ជំរុញកិច្ចសហប្រតិបត្តិការ ការវិនិយោគ និងអាជីវកម្មរវាងសហគ្រាសនៃប្រទេសទាំងពីរ

នាព្រឹកថ្ងៃទី ២៥ ឧសភា នៅទីក្រុង Kuala Lumpur លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានចូលរួមកម្មវិធីកិច្ចប្រជុំធុរកិច្ចវៀតណាម-ម៉ាឡេស៊ី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ការវិនិយោគ និងសកម្មភាពធុរកិច្ចរវាងសហគ្រាសនៃប្រទេសទាំងពីរ។

អញ្ជើញថ្លែងមតិនៅទីនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឱ្យសហគ្រាសនានារួមចំណែកយ៉ាងសកម្មក្នុងការជំរុញការតភ្ជាប់អាស៊ាន រួមទាំងការតភ្ជាប់វៀតណាម-ម៉ាឡេស៊ី និងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចបៃតង នវានុវត្តន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល ថាមពលបៃតង។ល។ ទន្ទឹមនឹងនោះ ការបន្តជំរុញកំណើនប្រពៃណី រួមទាំងការវិនិយោគ ការនាំចេញ និងការប្រើប្រាស់។

ដោយអំពាវនាវឱ្យសហគ្រាសម៉ាឡេស៊ី និងបរទេសបន្តកិច្ចសហប្រតិបត្តិការ និងវិនិយោគនៅវៀតណាម លោកនាយករដ្ឋមន្ត្រីវៀតណាមបានអះអាងថា វៀតណាម ប្តេជ្ញាខិតខំប្រឹងប្រែងកែលម្អ និងបង្កើតបរិយាកាសវិនិយោគ និងអាជីវកម្មអំណោយផលសម្រាប់សហគ្រាសទាំងអស់។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យសហគ្រាស FDI ជាពិសេសសហគ្រាសម៉ាឡេស៊ី បន្តជឿជាក់ និងផ្សារខ្ជាប់ជាមួយវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍ បន្តរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រកបដោយវិបុលភាពនៃប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្នុងតំបន់ និងពិភពលោក។

* នាព្រឹកថ្ងៃដដែល នៅទីក្រុង Kuala Lumpur លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានទទួល និងធ្វើការជាមួយសហគ្រាស និងសមាគមធុរកិច្ចម៉ាឡេស៊ី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ វិនិយោគ និងសកម្មភាពអាជីវកម្មរបស់សហគ្រាសនៅវៀតណាម។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីមានប្រសាសន៍នៅវេទិកាមេដឹកនាំអាស៊ាន និងដៃគូ (រូបថត៖ vnanet.vn)

តភ្ជាប់ដើម្បីជំនះឧបសគ្គ និងអភិវឌ្ឍរួមគ្នា

នារសៀល ថ្ងៃទី ២៥ ឧសភា នៅទីក្រុង Kuala Lumpur ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនោះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមវេទិកាថ្នាក់ដឹកនាំ និងដៃគូអាស៊ាន។

ថ្លែងសុន្ទរកថានៅវេទិកានេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើបេសកកម្មសំខាន់ និងត្រួសត្រាយផ្លុវរបស់អង្គភាពអាជីវកម្មនានាក្នុងការរួមចំណែកដល់គោលដៅរួមក្នុងការកសាងអាស៊ានដែលអាចពឹងផ្អែកលើខ្លួនឯងជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព នាំមកនូវជីវភាពរស់នៅប្រកបដោយវិបុលភាព និងសុភមង្គលដល់ប្រជាជនអាស៊ានដោយមិនបន្សល់ទុកឱ្យនរណាម្នាក់ពីក្រោយឡើយ។

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា អាជីវកម្មត្រូវតែពង្រឹងទំនាក់ទំនងរវាងគ្នា ដោយហេតុនេះអាចតភ្ជាប់សេដ្ឋកិច្ចក្នុងអាស៊ាន និងអាស៊ានជាមួយពិភពលោក។ រួមចំណែកក្នុងការកសាងស្ថាប័ន និងគោលនយោបាយឆ្ពោះទៅរកការចុះសម្រុងគ្នារវាងប្រទេសអាស៊ាន និងប្រទេសជុំវិញពិភពលោក។ តភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ និងសង្វាក់ផលិតកម្មដែលត្រូវបានរអាក់រអួល និងរងផលប៉ះពាល់នាពេលកន្លងមក តភ្ជាប់ និងធ្វើពិពិធកម្មទីផ្សារ ផលិតផល និងខ្សែសង្វាក់ផ្គត់ផ្គង់ដើម្បីទប់ទល់នឹងស្ថានភាព ជៀសវាងការពឹងផ្អែកលើទីផ្សារតែមួយ ឬតំបន់មួយ តភ្ជាប់ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជន តភ្ជាប់ និងអភិវឌ្ឍកសិកម្មបៃតង ស្អាត និងឌីជីថល ជាសសរស្តម្ភនៃសេដ្ឋកិច្ច។

នៅក្នុងវេទិកានេះ វិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រអាស៊ី-ប៉ាស៊ីហ្វិក (KSI) បានផ្តល់កិត្តិយសដល់នាយករដ្ឋមន្ត្រីវៀតណាម ជាមេដឹកនាំអាស៊ានគំរូឆ្នាំ ២០២៥។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងមានប្រសាសន៍ថា នេះគឺជាពានរង្វាន់សម្រាប់ប្រជាជន និងប្រទេសវៀតណាម ដែលនាយករដ្ឋមន្ត្រីជាតំណាងសម្រាប់ទទួលយក៕

បកប្រែដោយ Minh Trung