ពង្រឹងទំនុកចិត្ត និងកម្លាំងចលករសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន-ចិន
កប.អនឡាញ - ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែកុម្ភៈ កិច្ចប្រជុំពិគ្រោះយោបល់មន្ត្រីជាន់ខ្ពស់អាស៊ាន-ចិនលើកទី៣១ បានប្រព្រឹត្តទៅនៅទីក្រុងកំពង់ផែ Ningbo ខេត្ត Zhejiang ប្រទេសចិន។ លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេស ប្រធាន SOM ASEAN វៀតណាមបានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ។
កិច្ចប្រជុំបានបញ្ជាក់ពីសារៈសំខាន់ និងតម្លៃនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន សម្រាប់ភាគីនីមួយៗ និងតំបន់ទាំងមូល។ នៅក្នុងកិច្ចប្រជុំនេះ ប្រតិភូទាំងឡាយបានពិភាក្សាអំពីស្ថានភាពក្នុងតំបន់ និងលើពិភពលោក ដូចជាទំនាក់ទំនងប្រទេសធំៗ ស្ថានភាពនៅសមុទ្រខាងកើត មជ្ឈិមបូព៌ា និងមីយ៉ាន់ម៉ា។ ក្នុងបរិបទនៃស្ថានការណ៍កាន់តែប្រែប្រួល ដែលមិនអាចទាយទុកជាមុនបាន ប្រតិភូទាំងឡាយបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការគោរពគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ការលើកកម្ពស់តម្លៃនៃពហុភាគីនិយម ការកសាងនិម្មាបនកម្មតំបន់បើកចំហ បរិយាប័ន្ន និងស្របច្បាប់ ដោយអាស៊ានជាមជ្ឈភាព ចូលរួមចំណែកយ៉ាងសកម្ម និងមានការទទួលខុសត្រូវចំពោះសន្តិភាព កិច្ចសហប្រតិបត្តិការ និងសន្តិសុខ។
    |
 |
ប្រតិភូចូលរួមកិច្ចប្រជុំ (រូបថត៖ ក្រសួងការបរទេសវៀតណាម) |
ថ្លែងក្នុងកិច្ចប្រជុំ លោក Do Hung Viet បានស្នើថា ភាគីទាំងពីរពង្រឹងប្រកបដោយប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការ ហើយសង្ឃឹមថាចិននឹងបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងបណ្ដាយន្តការដែលដឹកនាំដោយអាស៊ាន។ ប្រឈមមុខនឹងការបង្កើននៃបញ្ហាប្រឈមសន្តិសុខមិនប្រពៃណី លោក Do Hung Viet បានលើកឡើងទិសដៅចំនួន ៣ សម្រាប់កិច្ចសហប្រតិបត្តិការ រួមមាន៖ ការអនុវត្តរាល់សេចក្តីសម្រេចចិត្ត និងកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំនៃភាគីទាំងពីរ; បង្កើនការឆ្លើយតបទៅនឹងបញ្ហាដែលកំពុងកើតមានដូចជា ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ឧក្រិដ្ឋកម្មឆ្លងដែន និងការក្លែងបន្លំតាមអ៊ីនធឺណិត; ពង្រីកកិច្ចសហប្រតិបត្តិការក្នុងអនុតំបន់ រួមទាំងមហាអនុតំបន់មេគង្គក្នុងការដោះស្រាយបញ្ហាដូចជា សន្តិសុខទឹក ការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព ការប្រែប្រួលអាកាសធាតុ...។
ដោយបញ្ជាក់ឡើងវិញលើគោលជំហរជាគោលការណ៍របស់អាស៊ានចំពោះសមុទ្រខាងកើត លោក Do Hung Viet បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពថ្មីៗក្នុងការចរចាអំពីក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ហើយស្នើថាអាស៊ាន និងចិនបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវវឌ្ឍនភាពថ្មី បង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចា COC។ លោកសង្កត់ធ្ងន់លើសារៈសំខាន់នៃការជៀសវាងសកម្មភាពដែលធ្វើឲ្យស្ថានការណ៍មានភាពស្មុគស្មាញ ដើម្បីសន្តិភាព សន្តិសុខ សុវត្ថិភាព និងស្ថិរភាពនៅសមុទ្រខាងកើត៕
បកប្រែដោយ Thanh Cong