យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម នៅទីក្រុងបាងកក គេហទំព័រ ThaiPBSworld របស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍សាធារណៈរបស់ប្រទេសថៃ បានឲ្យដឹងថា វៀតណាមកំពុងកំណត់យ៉ាងសកម្មឡើងវិញនូវវិធីសាស្រ្តការទូតរបស់ខ្លួនដើម្បីក្លាយទៅជាប្រទេសថ្នាក់មធ្យមនៅឆ្នាំ ២០៤៥។

វៀតណាមមានគោលបំណងលើកកំពស់កិត្យានុភាពអន្តរជាតិរបស់ខ្លួនតាមរយៈទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ កំណើនសេដ្ឋកិច្ច និងលទ្ធភាពស្តារឡើងវិញខាងការទូត។  ក្នុងនាមជាសមាជិកអាស៊ាន វៀតណាមបានត្រៀមខ្លួនជាស្រេចដើម្បីនាំមុខក្នុងប្លុកនេះ បន្ទាប់ពីការធ្វើសមាហរណកម្មរយៈពេលបីទសវត្សរ៍ និងយល់ជ្រាបពីមាគ៌ារបស់អាស៊ាន។

leftcenterrightdel
លោក Prabowo Subianto ប្រធានាធិបតីឥណ្ឌូនេស៊ី ជាអធិបតីនៃពិធីទទួលបដិសណ្ឋារកិច្ចលោកអគ្គលេខាបក្ស To Lam នៅវិមានប្រធានាធិបតីក្នុងទីក្រុងហ្សាកាតា (រូបថត៖ vnanet.vn)

គេហទំព័រនេះក៏បានសរសេរថា អាជ្ញាធរវៀតណាមកំពុងអនុវត្តការធ្វើកំណែទម្រង់សំខាន់ៗ ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋ។ វៀតណាមតែងតែដើរតួនាទីជាអ្នករក្សាស្ថិរភាពក្នុងតំបន់ ដោយសារសមត្ថភាពសហប្រតិបត្តិការជាមួយមហាអំណាចនានា ខណៈពេលនៅតែរក្សាបានតួនាទីស្នូលរបស់អាស៊ាន។ លើសពីនេះ វៀតណាមក៏បានប្រើប្រាស់គ្រាប់វិធីសាស្រ្តមានភាពបត់បែន និងតុល្យភាព ដើម្បីកសាងចំណងមិត្តភាពថ្មី និងធ្វើពិពិធកម្មដៃគូពាណិជ្ជកម្មរបស់ខ្លួន។

ThaiPBSworld បានធ្វើអត្ថាធិប្បាយថា ជាមួយនឹងសេចក្តីប្រាថ្នាពង្រីកកិត្យានុភាពរបស់ខ្លួនផុតពីកម្រិតក្នុងតំបន់អាស៊ីអាគ្នេយ៍ វៀតណាមកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសមហាអំណាចពិភពលោក ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក និងចិន។ ទន្ទឹមនឹងនោះ វៀតណាមក៏ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងការពារជាតិ ដើម្បីរក្សាតុល្យភាពផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ខ្លួនផងដែរ។

អឺរ៉ុបក៏ដើរតួនាទីសំខាន់ក្នុងការជួយវៀតណាមពង្រីកទំនាក់ទំនងរបស់ខ្លួនលើសកលលោក។ ក្នុងដំណើរការបង្កើនការបោះជំហានជាសកលរបស់ខ្លួន វៀតណាមបង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយប្លុកសេដ្ឋកិច្ចទាំងលោកខាងលិច និងខាងកើត។

ទន្ទឹមនឹងនោះ អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅទីក្រុងប៉េកាំង បានឲ្យដឹងថា គេហទំព័រចិនមួយចំនួនរបស់ចិន ក៏បានផ្សាយព័ត៌មានអំពីព្រឹត្តិការណ៍នេះដោយធ្វើអត្ថាធិប្បាយថា ដំណើរទស្សនកិច្ចនេះបានពង្រឹងយុទ្ធសាស្ត្រការទូតរបស់វៀតណាម “ប្រកាន់យកអាស៊ានជាស្នូល” ក៏ដូចជាពង្រឹងទំនាក់ទំនងផ្ទៃក្នុងរបស់អាស៊ាន តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី។

បណ្តាញទំនាក់ទំនងសង្គមរបស់ចិនដូចជា Weibo, TikTok, Wechat ជាដើម បានបញ្ចេញមតិថា គោលដៅនៃដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស To Lam គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន ដោយផ្តោតលើវិស័យសំខាន់ពីរគឺ ការពង្រឹងការតភ្ជាប់សេដ្ឋកិច្ច និងសន្តិសុខជាមួយឥណ្ឌូនេស៊ី និងជំរុញការកសាងបទប្បញ្ញត្តិ ក៏ដូចជាការទាក់ទាញការវិនិយោគនៅក្នុងប្រទេសសិង្ហបុរី។ អត្ថបទលើកឡើងថា ការព្រមព្រៀងគ្នារបស់អាស៊ាននាំមកនូវផលប្រយោជន៍ និងស្ថិរភាពដល់តំបន់ទាំងមូល៕

បកប្រែដោយ Huyen Trang