ការជំរុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនៅក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីដង្ហែព្រះអគ្គីជ័យកីទ្បា នៃការប្រកួតកីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ជាមួយអាជ្ញាធរខណ្ឌទាំង១៤, មន្ទីរពាក់ព័ន្ធ, កងកម្លាំងមានសមត្ថកិច្ចរបស់កងរាជអាវុធហត្ថរាជធានី និងប៉ូលីសរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

leftcenterrightdel
ព្រះអគ្គិជ័យកីឡាត្រូវបានប្រោសព្រះរាជប្រទាន ដល់អត្តពលិក មុនធ្វើដំណើរទៅប្រទេសអាស៊ានទាំង ១០ (រូប​ថត៖ phnompenhpost.com)

លោក ឃួង ស្រេង បានលើកឡើងថា កម្ពុជាយើងបានរង់ចាំ ៦៤ ឆ្នាំហើយ ដើម្បីធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ។ ដូច្នេះទេ លោកស្នើឲ្យអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងក្រមសីលធម៌ ធ្វើយ៉ាងណាឲ្យក្បួនដង្ហែព្រះអគ្គិជ័យកីឡានៃការប្រកួតកីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នេះ ទទួលបាននូវភាពអធិកអធម មិនចាញ់ប្រទេសគេ និងទទួលបានភាពជោគជ័យ។

លោកបញ្ជាក់ថា ចំពោះអ្នកដែលត្រូវដង្ហែ និងអ្នកឈរទទួលក្បួនដង្ហែព្រះអគ្គិជ័យកីឡា គឺត្រូវតែប្រើប្រាស់យុវជន។ បន្ថែមពីនេះ ការលាងសំអាតផ្លូវ ការតុបតែងរាជធានីភ្នំពេញ ឲ្យសោភណ្ឌភាព ត្រូវតែអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

សូមបញ្ជាក់ថា កម្មវិធីពិធីដង្ហែព្រះអគ្គិជ័យកីឡាពីតំបន់អាស៊ាននេះ ត្រូវចូលមកព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងគ្រៀល-ណងណុកឈៀន ខេត្តស្ទឹងត្រែង និងដង្ហែបន្តទៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប។ ក្នុងនោះ នៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ ក្បួនដង្ហែព្រះអគ្គិជ័យកីឡាមកដល់ផ្សារព្រែកអញ្ចាញ ស្ពានទី១២ ព្រំប្រទល់ខេត្តកណ្តាល-រាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញ រង់ចាំទទួលស្វាគមន៍ព្រះអគ្គិជ័យកីឡានៅស្ពានទី១២ ដើម្បីដង្ហែមកវេទិកា នៅរមណីយដ្ឋានវត្តភ្នំ។ លោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាង CAMSOC ប្រគល់ព្រះអគ្គិជ័យកីឡាជូន រដ្ឋបាលរាជធានីភ្នំពេញ ដង្ហែឆ្ពោះមកកាន់រមណីយដ្ឋានវត្តភ្នំ។

បន្ទាប់ពីប្រារព្ធពិធី អភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំរាជធានីភ្នំពេញ ដង្ហែព្រះអគ្គិជ័យកីឡា ពីចំណុចរមណីយដ្ឋានវត្តភ្នំ ឆ្ពោះទៅតម្កល់រក្សាទុកនៅវត្តលង្ក ព្រះកុសុមារាម ដោយមានរៀបចំពិធីសាសនា និងបាញ់កាំជ្រួចផងដែរ៕

បកប្រែដោយ Duy Hoan