ជួយយុវជនជនជាតិខ្មែរក្នុងការចាប់ផ្តើមអាជីវកម្ម
កប.អនឡាញ - Tri Ton គឺជាស្រុកជួបការលំបាកនៃខេត្ត An Giang ប្រទេសវៀតណាម ហើយក៏ជាស្រុកមួយក្នុងចំណោមស្រុកក្រីក្ររបស់ប្រទេសក្នុងដំណាក់កាលឆ្នាំ ២០២១-២០២៥។ បច្ចុប្បន្ន មូលដ្ឋាននេះមានប្រជាជន ៣៤% ជាជនជាតិខ្មែរ។
ដើម្បីឱ្យយុវជនជនជាតិខ្មែរចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក សហភាពសហព័ន្ធយុវជនវៀតណាមស្រុក Tri Ton និងសម្ព័ន្ធយុវជនស្រុក Tri Ton បានសម្របសម្រួលជាមួយអាជ្ញាធរឃុំ និងទីរួមស្រុក បង្កើតទម្រង់អភិវឌ្ឍន៍សេដ្ឋកិច្ចជាច្រើន ដោយណែនាំប្រភពឧបត្ថម្ភ និងកម្មវិធីឥណទានគោលនយោបាយ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់យុវជនក្នុងការចាប់ផ្តើមអាជីវកម្ម។
ថ្វីត្បិតតែអ្នកប្រុស Chau Kim Seng នៅទីរួមស្រុក Co To ស្រុក Tri Ton បានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រដំណាំពីសាកលវិទ្យាល័យ Can Tho និងមានការងារសមស្របទៅនឹងមុខជំនាញរបស់ខ្លួន ប៉ុន្តែជាមួយនឹងស្មារតីច្នៃប្រឌិតចាប់ផ្តើមអាជីវកម្មរបស់យុវជន គាត់បានសម្រេចចិត្តត្រឡប់ទៅស្រុកកំណើតវិញដើម្បីចាប់ផ្តើមអាជីវកម្ម។ ដំបូងឡើយ ដោយទាញយកអត្ថប្រយោជន៍ពីតំបន់សួនច្បាររបស់គ្រួសារ បង Seng បានវិនិយោគលើទម្រង់ដាំបន្លែបែបអ៊ីដ្រូប៉ូនិក រួមជាមួយនឹងការចិញ្ចឹមត្រីក្នុងធុងផ្ទាំងក្រណាត់លើផ្ទៃដីប្រហែល ២៥០ ម៉ែត្រការ៉េ។
បង Seng ភាគច្រើនដាំត្រកួន ស្ពៃផ្អែម... ប្រមូលផលបានប្រហែល ១០ គីឡូក្រាមក្នុងមួយថ្ងៃ។ គាត់បានផ្គត់ផ្គង់បន្លែទាំងនេះដល់អាជីវករតូចៗនៅផ្សារ Co To អាស្រ័យហេតុនោះ គាត់ទទួលបានប្រាក់ចំណូលជាមធ្យមជាង ១០ លានដុងក្នុង ១ ខែ ពីការដាំបន្លែ។ នៅក្រោមធុងក្រណាត់ បង Seng ចិញ្ចឹមត្រីអណ្តែង បន្ទាប់ពីប្រហែល ៣ ខែ គាត់នឹងប្រមូលផលត្រីប្រហែល ៨០០ គីឡូក្រាម។
|
|
តំណាងសម្ព័ន្ធយុវជនស្រុក Tri Ton ណែនាំសមាជិកក្រុមសហករណ៍ចិញ្ចឹមគោពូជអំពីរបៀបថែទាំគោពូជ |
ដោយដឹងពីឆន្ទៈចាប់ផ្តើមអាជីវកម្មរបស់អ្នកប្រុស Chau Kim Seng ហើយដើម្បីជួយគាត់ពង្រីកផលិតកម្ម និងអភិវឌ្ឍសេដ្ឋកិច្ច សហភាពសហព័ន្ធយុវជនវៀតណាមស្រុក Tri Ton និងសម្ព័ន្ធយុវជនស្រុក Tri Ton បានស្នើឲ្យមជ្ឈមណ្ឌលគាំទ្រយុវជន ចាប់ផ្តើមអាជីវកម្ម ខេត្ត An Giang បានឧបត្ថម្ភគាត់ប្រាក់កម្ចីចំនួន ១១០ លានដុង ដើម្បីវិនិយោគលើសម្ភារៈបរិក្ខារ គ្រឿងចក្រ បរិក្ខារ... អាស្រ័យដោយប្រាក់កម្ចីនេះ បង Seng បានផ្លាស់ទៅឃុំ O Lam ស្រុក Tri Ton ដើម្បីពង្រីកផលិតកម្ម។
អ្នកប្រុស Chau Kim Seng បានចែករំលែកថា៖ “ដោយទទួលបានការឧបត្ថម្ភដើមទុន និងការណែនាំបច្ចេកទេសពីអង្គការនានា បច្ចុប្បន្នខ្ញុំកំពុងពង្រីកទម្រង់ចិញ្ចឹមត្រី គួបផ្សំនឹងការដាំបន្លែដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ សំដៅលើកសិផលស្អាត និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ ដើម្បីលក់ផលិតផល ខ្ញុំផ្សព្វផ្សាយ និងលក់ជាចម្បងលើបណ្តាញសង្គមដូចជា TikTok, Facebook... វាមានអត្ថប្រយោជន៍ជាងការលក់ដោយផ្ទាល់ទៅទៀត”។
ដើម្បីជួយយុវជនជនជាតិខ្មែរនៅតំបន់ជួបការលំបាក សហភាពសហព័ន្ធយុវជនវៀតណាមស្រុក Tri Ton បានសហការជាមួយសហភាពសហព័ន្ធយុវជនវៀតណាមខេត្ត An Giang និងមជ្ឈមណ្ឌលគាំទ្រយុវជន និងកុមារវៀតណាម បង្កើតក្រុមសហករណ៍ចិញ្ចឹមគោមេនៅឃុំ Le Tri ស្រុក Tri Ton ដោយមានសមាជិកចូលរួមចំនួន ៣០ នាក់។ សមាជិកទាំងនេះភាគច្រើនជាសមាជិកសម្ព័ន្ធយុវជន យុវជនក្រីក្រ ប្រកៀកបន្ទាត់ក្រីក្រជាជនជាតិភាគតិច។ យុវជនម្នាក់ៗដែលចូលរួមក្នុងក្រុមសហករណ៍នឹងត្រូវបានឧបត្ថម្ភគោមេមួយក្បាលដែលមានតម្លៃ ២០ លានដុង ហើយទទួលបានការបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹម និងថែទាំគោមេ។ នេះក៏ជាលក្ខខណ្ឌសម្រាប់សមាជិកផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ក្នុងការចិញ្ចឹមសត្វ។
អ្នកប្រុស Chau Long សមាជិកក្រុមសហករណ៍ចិញ្ចឹមគោមេនៅឃុំ Le Tri បានឲ្យដឹងថា៖ “គ្រួសារខ្ញុំជួបការលំបាកខ្លាំងណាស់ ឪពុកម្តាយខ្ញុំធ្វើការស៊ីឈ្នួល ហើយខ្ញុំចូលរួមជាមួយកងជីវពលក្នុងមូលដ្ឋាន។ ដោយបានចូលរួមក្នុងក្រុមសហករណ៍ ខ្ញុំពិតជារីករាយណាស់ដែលទទួលបានការឧបត្ថម្ភគោពូជ ហើយបានរៀនសូត្រចំណេះដឹង និងផ្លាស់ប្តូរបទពិសោធន៍ជាច្រើន ដើម្បីអភិវឌ្ឍការចិញ្ចឹមគោឲ្យបានល្អ”។
អាចនិយាយបានថា ការដាំបន្លែបែបអ៊ីដ្រូប៉ូនិក រួមជាមួយនឹងការចិញ្ចឹមត្រី និងក្រុមសហករណ៍ចិញ្ចឹមគោមេ គឺជាទម្រង់ជោគជ័យពីរដែលរៀបចំដោយសហភាពសហព័ន្ធយុវជនវៀតណាមស្រុក Tri Ton និងសម្ព័ន្ធយុវជនស្រុក Tri Ton ដើម្បីគាំទ្រដល់យុវជនចាប់ផ្តើមអាជីវកម្ម។ ទន្ទឹមនឹងនោះ ដោយទទួលបានប្រាក់កម្ចី ការណែនាំបច្ចេកទេសលើការចិញ្ចឹមសត្វ ការដាំដុះ ការឧបត្ថម្ភដើមឈើ និងពូជ... យុវជនជនជាតិខ្មែរជាច្រើននាក់នៅស្រុក Tri Ton បានរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព៕
បកប្រែដោយ Huyen Trang