ប្រធានសមាគមសម្ព័ន្ធនារីដ៏សកម្ម និងធ្វើសេដ្ឋកិច្ចពូកែ
កប.អនឡាញ - បន្ទាប់ពីរយៈពេល ១៦ ឆ្នាំក្នុងតួនាទីជាប្រធានសមាគមសម្ព័ន្ធនារីឃុំ Xa Nhe ស្រុក Tua Chua (ខេត្ត Dien Bien) អ្នកស្រី Hang Thi Su ជាជនជាតិ Mong បានជំរុញការងាររបស់សមាគម និងចលនាស្ត្រីរបស់មូលដ្ឋានកាន់តែរីកចម្រើន ទាក់ទាញសមាជិកាយ៉ាងច្រើនកុះករចូលរួម ហើយត្រូវបានវាយតម្លៃខ្ពស់ដោយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានផងដែរ។
សមាគមសម្ព័ន្ធនារីឃុំ Xa Nhe បច្ចុប្បន្នមានកម្មាភិបាល និងសមាជិកាចំនួន ១,០៩៤ នាក់ ដែលជាជនជាតិ Mong, Dao, Khang និង Thai ហើយកម្រិតនៃការអប់រំនៅទាប ពួកគេភាគច្រើននៅផ្ទះធ្វើស្រែចម្ការ និងចិញ្ចឹមសត្វ ដូច្នេះហើយជីវភាពរស់នៅជួបការលំបាកយ៉ាងខ្លាំង។ ដើម្បីជួយស្ត្រីឱ្យរួចផុតពីភាពក្រីក្រ អ្នកស្រី Su បានស្នើឱ្យសមាគមសម្ព័ន្ធនារីស្រុក Tua Chua បើកវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្ត្រ និងបច្ចេកទេសថ្មីអំពីការចិញ្ចឹមសត្វ វិធីបង្ការ និងគ្រប់គ្រងជំងឺសម្រាប់បសុសត្វ និងសត្វបក្សី និងស្នើសុំអាជ្ញាធរគ្រប់លំដាប់ថ្នាក់វិនិយោគលើការផ្តល់មូលនិធិ និងផ្តល់ពូជសត្វដល់ស្ត្រីក្នុងឃុំ។ ក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ សមាគមសម្ព័ន្ធនារីឃុំ Xa Nhe ទទួលបានគោពូជ ៩៣ ក្បាល ពពែ ២០ ក្បាល និងជ្រូក ៤០ ក្បាល។ អ្នកស្រី Su បានបែងចែកសមាជិការជា ៣ ក្រុម ដែលចូលរួមក្នុងការចិញ្ចឹមសត្វ។ មកទល់បច្ចុប្បន្ននេះ សមាគមមានគោចំនួន ២០០ ក្បាល ហើយហ្វូងពពែ និងជ្រូកក៏បានកើនឡើងក្នុងចំនួនច្រើនផងដែរ ដើម្បីគាំទ្រសមាជិការក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។
|
|
អ្នកស្រី Hang Thi Su ថែទាំហ្វូងជ្រូករបស់គ្រួសារ |
ទន្ទឹមនឹងនោះ អ្នកស្រី Su ក៏បានចលនាសមាគមសម្ព័ន្ធនារីចំនួន ១២ នៅតាមភូមិ ដើម្បីបង្កើតក្រុមសន្សំឥណទានគ្រប់គ្រងដោយខ្លួនឯងរបស់ស្ត្រី។ ក្រុមនីមួយៗមានសមាជិកាពី១០ ទៅ៣០ នាក់ចូលរួមវិភាគទានចាប់ពី ៥០,០០០ ទៅ២០០,០០០ ដុង/ម្នាក់/ខែ។ បន្ទាប់ពី២ ទៅ៣ ឆ្នាំ ក្រុមបានដកប្រាក់ពី ៣០ ទៅ ៤០ លានដុងពីការសន្សំរបស់ពួកគេដើម្បីជួយឧបត្ថម្ភសមាជិការដែលជួបការលំបាកជាមួយប្រាក់កម្ចីសម្រាប់ការអភិវឌ្ឍផលិតកម្ម។ ដើម្បីឱ្យដើមទុន និងពូជត្រូវបានប្រើប្រាស់ក្នុងគោលបំណងត្រឹមត្រូវ អ្នកស្រី Su តែងតែចុះទៅសាខានីមួយៗ និងគ្រួសារសមាជិកនីមួយៗ ដើម្បីពិនិត្យ ស្វែងយល់ពីស្ថានភាព និងណែនាំស្ត្រីពីរបៀបចិញ្ចឹមសត្វ និងប្រើប្រាស់ដើមទុនឱ្យបានត្រឹមត្រូវ។ អាស្រ័យហេតុនេះ មកទល់បច្ចុប្បន្ននេះ សមាជិកាជាច្រើនមានសេដ្ឋកិច្ចស្ថិរភាពគួរសម ដូចជាអ្នកស្រី Giang Thi Vang, Giang Thi Do, Vang Thi Tinh នៅភូមិ B ឃុំ Xa Nhe ជាដើម។
ដើម្បីធ្វើឲ្យបានល្អក្នុងការចលនាសមាជិកាអភិវឌ្ឍសេដ្ឋកិច្ច អ្នកស្រី Su បានគិតថា ខ្លួនត្រូវតែជាអ្នកធ្វើសេដ្ឋកិច្ចល្អ និងជាគំរូសម្រាប់សមាជិកាអនុវត្តតាម។ ដូច្នេះហើយ ក្នុងឆ្នាំ ២០១០ អ្នកស្រី Su បានខ្ចីប្រាក់ចំនួន ៥០ លានដុងពីធនាគារ ដើម្បីវិនិយោគសាងសង់ជង្រុក ដើម្បីចិញ្ចឹមជ្រូកចំនួន ១០ ក្បាលសម្រាប់យកសាច់ និងជ្រូកមេចំនួន ៣ ក្បាល។ មកទល់ពេលនេះ គ្រួសាររបស់អ្នកស្រី Su តែងមានជ្រូកពី៣០ ទៅ៤០ ក្បាល ជារៀងរាល់ឆ្នាំ បន្ទាប់ពីលក់រួច ក្រោយពីកាត់ចំណាយទាំងអស់ គ្រួសារគាត់រកចំណូលបានជិត ១៥០ លានដុង។ លើសពីនេះ គ្រួសាររបស់គាត់ក៏បានចិញ្ចឹមមាន់ ទា ក្ងាន និងគោក្របីចំនួន ៤ ក្បាល ព្រមទាំងដាំពោត ២ ហិកតា និងស្រូវដែលមានទំហំ ១០០០ ម៉ែត្រការ៉េ ដើម្បីបម្រើដល់ផលិតកម្ម និងតម្រូវការអាហាររបស់គ្រួសារ។
លោក Giang A Vang ប្រធានគណៈកម្មាធិការប្រជាជនឃុំ Xa Nhe បានឲ្យដឹងថា៖ “អ្នកស្រី Hang Thi Su គឺជាកម្មាភិបាលមានទឹកចិត្តល្អ មានទំនួលខុសត្រូវ និងស្វាហាប់ ដែលបានរួមចំណែកជាច្រើនក្នុងការទាក់ទាញ និងប្រមូលផ្តុំសមាជិកា និងជួយសមាជិកាអភិវឌ្ឍសេដ្ឋកិច្ច និងរួចផុតពីភាពក្រីក្រ។ សមាគមសម្ព័ន្ធនារីឃុំ Xa Nhe មានសកម្មភាពដ៏រំភើប ប្រកបដោយប្រសិទ្ធភាព និងស៊ីជម្រៅ និងរីកសាយភាយដូចសព្វថ្ងៃនេះ អាស្រ័យដោយមានការរួមចំណែកយ៉ាងសំខាន់ពីអ្នកស្រី Su។ ចំពោះការរួមចំណែករបស់ខ្លួន អស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា អ្នកស្រី Su ត្រូវបានលើកសរសើរ និងផ្តល់រង្វាន់ដោយគណៈកម្មាធិការប្រជាជនឃុំ គណៈកម្មាធិការប្រជាជនស្រុក និងសមាគមសម្ព័ន្ធនារីថ្នាក់លើ”៕
បកប្រែដោយ Huyen Trang