អ្នកយកព័ត៌មាន៖ សូមលោកសង្ខេបលទ្ធផលលេចធ្លោមួយចំនួនដែលមូលដ្ឋានសម្រេចបានក្នុងការអនុវត្តកម្មវិធីលេខ ១៧១៩ ក្នុងរយៈពេលកន្លងមក។
លោក Nguyen Kinh៖ ខេត្ត Dak Lak ស្ថិតនៅកណ្តាលតំបន់ខ្ពង់រាបកណ្តាល (Tay Nguyen) មានអង្គភាពរដ្ឋបាលថ្នាក់ស្រុកចំនួន ១៥ ក្នុងនោះមានស្រុកក្រីក្រចំនួន ២ និងឃុំព្រំដែនចំនួន ៤; ខេត្តមានប្រជាជនចំនួនជិត ១.៩ លាននាក់ ដែលមានជនជាតិភាគតិចចំនួន ៤៩ រស់នៅជាមួយគ្នា ក្នុងនោះជនជាតិភាគតិចមានចំនួន ៣៥.៧%។ ក្រៅពីជនជាតិភាគតិចដែលរស់នៅតាំងពីយូរយារណាស់មកហើយដូចជា E De, Mo Nong, Gia Rai ក៏មានជនជាតិភាគតិចជាច្រើននៅក្នុងមូលដ្ឋានផ្សេងទៀតដែលបានធ្វើចំណាកស្រុកមកតាំងទីលំនៅដូចជា៖ Nung, Tay, Mong និង Dao។
|
|
លោក Nguyen Kinh ប្រធានគណៈកម្មាធិការជនជាតិខេត្ត Dak Lak |
ខេត្តទាំងមូលមានឃុំចំនួន ១៣០ នៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ក្នុងនោះមានឃុំចំនួន ៥៤ នៃឃុំតំបន់ III, ឃុំចំនួន ៥ នៃឃុំតំបន់ II, ឃុំចំនួន ៧១ នៃឃុំតំបន់ I; មានភូមិជួបការលំបាកខ្លាំងចំនួន ៥១៩ នៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។ អត្រានៃភាពក្រីក្រនៅឆ្នាំ ២០២២ មានចំនួន ១០.៩៤% ដែលក្នុងនោះអត្រានៃភាពក្រីក្ររបស់គ្រួសារជនជាតិភាគតិចមានចំនួន ៦៥.៧៩% នៃអត្រាភាពក្រីក្រនៅក្នុងខេត្តទាំងមូល។
កម្មវិធីលេខ ១៧១៩ ត្រូវបានអនុម័ត និងអនុវត្តចាប់ពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១ យោងតាមសេចក្តីសម្រេចលេខ ១៧១៩/QD-TTg របស់នាយករដ្ឋមន្ត្រី។ ទោះជាយ៉ាងណាក៏ដោយ តាមការពិត មូលដ្ឋានទើបតែត្រូវបានផ្តល់ដើមទុនសម្រាប់ការអនុវត្តចាប់ពីពាក់កណ្តាលឆ្នាំ ២០២២ ប៉ុណ្ណោះ។
ក្នុងរយៈពេលពីរឆ្នាំកន្លងមក មូលដ្ឋានបានជួយឧបត្ថម្ភដីធ្លី និងលំនៅឋានជូនប្រជាជនចំនួន ៥៥២ គ្រួសារ; ជួយឧបត្ថម្ភទឹកស្អាតសម្រាប់គ្រួសារចំនួន ៨,៦២២ គ្រួសារ; ជួយឧបត្ថម្ភសម្រាប់ការផ្លាស់ប្តូរការងារ និងការទិញគ្រឿងចក្រ និងឧបករណ៍កសិកម្មសម្រាប់គ្រួសារចំនួន ១៣៩ គ្រួសារ; ជួយឧបត្ថម្ភអភិវឌ្ឍន៍ផលិតកម្ម និងការងារធ្វើសម្រាប់គ្រួសារចំនួន ១,២៥៩ គ្រួសារ។ បច្ចុប្បន្ន ខេត្តកំពុងអនុវត្តការវិនិយោគលើគម្រោងចំនួន ១៥ ដើម្បីរក្សាស្ថិរភាព និងរៀបចំប្រជាជននៅនឹងកន្លែងសម្រាប់ជនជាតិភាគតិចក្នុងស្រុកចំនួន ៧; វិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មីសំខាន់ៗចំនួន ១៥៧ ដែលបម្រើដល់ផលិតកម្ម និងជីវភាពរស់នៅ; គម្រោងសាលាចំណេះទូទៅអន្តេវាសិកជនជាតិចំនួន ១៨ នៅស្រុក ទីរួមខេត្ត និងក្រុងចំនួន ១៤។ល។ អាស្រ័យអនុវត្តកម្មវិធីលេខ ១៧១៩ អត្រាគ្រួសារជនជាតិភាគតិចក្រីក្របានថយចុះគួរឱ្យកត់សម្គាល់៖ ប្រសិនបើនៅឆ្នាំ ២០២១ គ្រួសារជនជាតិភាគតិចក្រីក្រមានចំនួន ២៦.៧៤% នៅចុងឆ្នាំ ២០២៣ បានថយចុះដល់ ១៩.៧%។
|
|
កម្មាភិបាលនៃបញ្ជាការដ្ឋានយោធាស្រុក Krong Pac និងអ្នកភូមិ Kon Hring ឃុំ Ea Yieng ផ្លាស់ប្តូរបទពិសោធន៍ក្នុងការថែទាំដើមគូលេន |
អ្នកយកព័ត៌មាន៖ ក្នុងដំណើរការអនុវត្តកម្មវិធីលេខ ១៧១៩ តើមូលដ្ឋានជួបការលំបាក និងបញ្ហាអ្វីខ្លះ?
លោក Nguyen Kinh៖ ក្នុងដំណើរការអនុវត្ត យើងខ្ញុំបានជួបការលំបាកមួយចំនួនដូចជា៖ វឌ្ឍនភាពនៃការកំណត់ និងចាត់តាំងគោលដៅលម្អិត ផែនការដើមទុនដំណាក់កាល និងផែនការឆ្នាំ ២០២២ មានភាពយឺតយ៉ាវបើធៀបនឹងផែនការ; ដើមទុនសេវាសាធារណៈប្រចាំឆ្នាំត្រូវបានចាត់ចែងយ៉ាងលម្អិតចំពោះគម្រោងសមាសភាគ និងវិស័យចំណាយនៃកម្មវិធីនីមួយៗ បណ្តាលឲ្យមានការថយចុះនៃភាពបត់បែនរបស់មូលដ្ឋានក្នុងការកសាងផែនការបែងចែកការប៉ាន់ប្រមាណដែលស្របតាមសមត្ថភាពអនុវត្ត។
ប្រឈមមុខនឹងការលំបាក និងឧបសគ្គទាំងនេះ ចាប់ពីដំណាក់កាលបង្កើតផែនការទូទៅ ក៏ដូចជាគម្រោងនីមួយៗ ខេត្ត Dak Lak បានប្រគល់ភារកិច្ចឱ្យស្ថាប័នពាក់ព័ន្ធ និងអ្នកដឹកនាំដើម្បីស្វែងរកដំណោះស្រាយ; បែងចែកផែនការដើមទុនលម្អិត សម្រាប់គម្រោងនីមួយៗ និងខ្លឹមសារចាប់ពីដើមឆ្នាំ។ ក្រៅពីនោះ ខេត្តបានកំណត់យ៉ាងសកម្មនូវគោលដៅសំខាន់ៗនៃកម្មវិធី ដើម្បីដាក់បញ្ចូលក្នុងគោលដៅផែនការសេដ្ឋកិច្ច-សង្គមរបស់ខេត្ត។
អ្នកយកព័ត៌មាន៖ ដើម្បីអនុវត្តកម្មវិធីលេខ ១៧១៩ ប្រកបដោយប្រសិទ្ធភាព តើខេត្ត Dak Lak បានកំណត់គោលដៅអ្វីខ្លះនាពេលខាងមុខ?
លោក Nguyen Kinh៖ គោលដៅរបស់ខេត្ត Dak Lak ដល់ឆ្នាំ ២០២៥ គឺកាត់បន្ថយអត្រាគ្រួសារក្រីក្រនៅតំបន់ជនជាតិភាគតិចចំនួន ៣.៥% ក្នុងមួយឆ្នាំ; ខិតខំឱ្យមានភូមិចំនួន ២៦០ និងឃុំចំនួន ២៦ រួចផុតពីការលំបាកខ្លាំងនៅឆ្នាំ ២០២៥; ចាប់ពីឆ្នាំ ២០២៥ ដល់ឆ្នាំ ២០២៣០ ខិតខំកាត់បន្ថយអត្រាគ្រួសារក្រីក្រនៅតំបន់ជនជាតិភាគតិចពី ៣ ទៅ៤% ក្នុងមួយឆ្នាំ។ អត្រាភូមិ ឃុំ ដែលរួចផុតពីការលំបាកខ្លាំងគឺ ៥០%។
ដើម្បីសម្រេចបាននូវគោលដៅនេះ ខេត្តបានកំណត់ដំណោះស្រាយសំខាន់ៗមួយចំនួនដូចជា៖ បន្តជំរុញការផ្សព្វផ្សាយ ដើម្បីបង្កើតការផ្លាស់ប្តូរដ៏រឹងមាំនៃការយល់ដឹងរបស់គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសជនជាតិភាគតិចអំពីកម្មវិធីលេខ ១៧១៩ រួមចំណែកបង្កើតការស្រុះចិត្តគំនិត និងលើកកំពស់កម្លាំងរួមនៃប្រព័ន្ធនយោបាយទាំងមូល ជម្រុញការពឹងលើខ្លួនឯងរបស់ជនជាតិភាគតិច;
លើកកំពស់គុណភាពកម្មាភិបាល និងអ្នករដ្ឋការ ដែលធ្វើសេនាធិការរៀបចំការអនុវត្តកម្មវិធីលេខ ១៧១៩ នៅគ្រប់លំដាប់ថ្នាក់ ជាពិសេសនៅថ្នាក់មូលដ្ឋាន។
អ្នកយកព័ត៌មាន៖ សូមអរគុណលោក!
បកប្រែដោយ Huyen Trang