ស្រុក Tran De លើកកម្ពស់សមភាពយេនឌ័រ
កប.អនឡាញ - ដោយអនុវត្តគម្រោងលេខ៨ (ការអនុវត្តសមភាពយេនឌ័រ និងការដោះស្រាយបញ្ហាបន្ទាន់សម្រាប់ស្ត្រី និងកុមារី) ក្រោមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០; ដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ (កម្មវិធីលេខ ១៧១៩) ស្រុក Tran De (ខេត្ត Soc Trang ភាគខាងត្បូងវៀតណាម) បានជំរុញសកម្មភាពឃោសនាសម្រាប់ប្រជាជនអំពីសមភាពយេនឌ័រ និងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ដោយហេតុនេះ ដោះស្រាយជាមូលដ្ឋាននូវបញ្ហាវិសមភាពក្នុងវិស័យជាច្រើនសម្រាប់ស្ត្រី និងកុមារីនៅតំបន់ជនជាតិភាគតិច។
បន្ទាប់ពីរយៈពេលជាង ៣ ឆ្នាំនៃការអនុវត្តគម្រោងលេខ៨ នៃកម្មវិធីលេខ ១៧១៩ ស្រុក Tran De មានរបៀបធ្វើល្អ និងភាពច្នៃប្រឌិតជាច្រើនក្នុងការឃោសនា និងចលនាប្រជាជនឱ្យអនុវត្តសមភាពយេនឌ័រ និងការពារសិទ្ធិរបស់ស្ត្រី និងកុមារី។ នៅក្នុងឆ្នាំ ២០២៣ សមាគមសហព័ន្ធនារីស្រុក បានចែកចាយខិតប័ណ្ណជាង ៥,៥០០ សន្លឹក ផ្ទាំងរូបភាពចំនួន ២៤០ សន្លឹក និងឯកសារគ្រប់ប្រភេទចំនួន ២៥០០; កសាង និងចម្លងទម្រង់ល្អៗ និងសកម្មភាពគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ស្ត្រី; បង្កើតក្រុមប្រព័ន្ធផ្សព្វផ្សាយសហគមន៍ចំនួន ១៦ នៅក្នុងភូមិដែលជួបការលំបាកខ្លាំងចំនួន ១៦ អាសយដ្ឋានដែលអាចទុកចិត្តបានចំនួន ៨ ក្លឹប "អ្នកដឹកនាំនៃការផ្លាស់ប្តូរ" ចំនួន ៥ នៅក្នុងសាលារៀន។ល។ ដោយហេតុនោះជួយប្រជាជនផ្លាស់ប្តូរ "ផ្នត់គំនិត របៀបធ្វើ" កសាង និងចម្លងទម្រង់អភិវឌ្ឍសេដ្ឋកិច្ច ការពារសំឡេង និងការចូលរួមរបស់ស្ត្រី និងកុមារីក្នុងសកម្មភាពសង្គម។ល។
នៅឃុំ Vien An ទម្រង់ និងសកម្មភាពសំដៅដល់ស្ត្រី និងកុមារីតែងតែទទួលបានការគាំទ្រពីប្រជាជន និងទទួលបានវាយតម្លៃខ្ពស់ពីគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន។ លោកស្រី Kim Thi Chanh Thi ប្រធានសមាគមសហព័ន្ធនារីឃុំ Vien An បានឲ្យដឹងថា៖ “អនុវត្តគម្រោងលេខ៨ យើងខ្ញុំមិនត្រឹមតែឃោសនាប្រជាជនជំរុញការអនុវត្តសមភាពយេនឌ័រសម្រាប់ស្ត្រី និងកុមារីប៉ុណ្ណោះទេ ថែមទាំងអនុវត្តទម្រង់សេដ្ឋកិច្ច គាំទ្រស្ត្រីទទួលបានកម្ចីអនុគ្រោះ ដើម្បីអភិវឌ្ឍផលិតកម្ម រួមចំណែកលើកកំពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន”។
|
|
ក្លឹប “អ្នកដឹកនាំការផ្លាស់ប្តូរ” នៅអនុវិទ្យាល័យ Thanh Thoi An (ឃុំ Thanh Thoi An ស្រុក Tran De) |
អ្នកស្រី Thach Thi Suol ជនជាតិខ្មែរ សមាជិកាសមាគមសហព័ន្ធនារី នៅភូមិ Bung Sa ឃុំ Vien An ពីមុនជាគ្រួសារក្រីក្រនៅក្នុងមូលដ្ឋាន។ អាស្រ័យដោយមានការគាំទ្រពីសមាគមសហព័ន្ធនារីឃុំ អ្នកស្រីរូបនេះទទួលបានកម្ចីអនុគ្រោះដើម្បីអភិវឌ្ឍការចិញ្ចឹមគោពូជ និងបើកហាងលក់សារពើភណ្ឌសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ មកទល់បច្ចុប្បន្ននេះ គ្រួសាររបស់អ្នកស្រីមានប្រាក់ចំណូលប្រកបដោយស្ថិរភាព ព្រមទាំងបានសាងសង់ផ្ទះឡើងវិញ ហើយជីវភាពរស់នៅក៏កាន់តែមានភាពប្រសើរឡើង។
នៅអនុវិទ្យាល័យ Thanh Thoi An ឃុំ Thanh Thoi An បន្ទាប់ពីដំណើរការជិត ២ ឆ្នាំ ក្លឹប "អ្នកដឹកនាំនៃការផ្លាស់ប្តូរ" បានទាក់ទាញសមាជិកចំនួន ២៥ នាក់ដែលជាសិស្សមានអាយុពី ១១ ទៅ១៥ ឆ្នាំ។ ក្លឹប គឺជាកន្លែងលេងកម្សាន្តដ៏មានប្រយោជន៍ ដើម្បីជួយសិស្សបង្កើនចំណេះដឹង និងជំនាញការពារខ្លួនឯង។ ជាមួយគ្នានេះ កន្លែងនេះគឺជាកន្លែងសម្រាប់កុមារជួបប្រាស្រ័យ ចែករំលែក បង្កើនការយល់ដឹង និងរៀបចំសកម្មភាពកម្សាន្តតាមអាយុ។
លោក Huynh Nhu Y ប្រធានសមាគមសហព័ន្ធនារីស្រុក Tran De បានឲ្យដឹងថា៖ “ដើម្បីបន្តលើកកំពស់ប្រសិទ្ធភាពនៃគម្រោងលេខ ៨ នាពេលខាងមុខ យើងខ្ញុំនឹងសម្របសម្រួលជាមួយស្ថាប័ន និងសាខានានានៃស្រុក រៀបចំការប្រកួត និងពិធីបុណ្យដើម្បីចែករំលែកទម្រង់ច្នៃប្រឌិត និងមានប្រសិទ្ធភាព ដែលរួមចំណែកជំរុញសមភាពយេនឌ័រ លុបបំបាត់អំពើហិង្សាក្នុងគ្រួសារ និងការជួញដូរស្ត្រី និងកុមារីនៅក្នុងតំបន់ជនជាតិភាគតិច។ ទន្ទឹមនឹងនោះ ជំរុញការអនុវត្តទម្រង់គាំទ្រ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងដោះស្រាយបញ្ហាបន្ទាន់សម្រាប់ស្ត្រី និងកុមារីនៅតំបន់ជនជាតិភាគតិច។ ផ្តោតលើការលើកកម្ពស់សមត្ថភាពរបស់កម្មាភិបាលជាស្ត្រីជនជាតិភាគតិច និងសមត្ថភាពសមភាពយេនឌ័រសម្រាប់មេភូមិ និងអ្នកមានកិត្យានុភាពក្នុងសហគមន៍”។
ការអនុវត្តគម្រោងលេខ ៨ នៅស្រុក Tran De ក្នុងរយៈពេលកន្លងមក សម្រេចបានលទ្ធផលសំខាន់ៗជាច្រើន រួមចំណែកដល់ការសម្រេចបាននូវគោលដៅនៃការពង្រឹងអំណាចសេដ្ឋកិច្ចសម្រាប់ស្ត្រី; លើកកម្ពស់សមភាពយេនឌ័រ និងដោះស្រាយបញ្ហាបន្ទាន់របស់ស្ត្រី និងកុមារីនៅតំបន់ជនជាតិភាគតិចក្នុងតំបន់៕
បកប្រែដោយ Huyen Trang