តើការជួយឧបត្ថម្ភការកសាងទម្រង់ដើម្បីលើកកម្ពស់គុណភាពប្រជាជនក្នុងភូមិ ត្រូវបានកំណត់យ៉ាងដូចម្តេច?
កប.អនឡាញ - មិត្តអ្នកអាន Pham Van Hung នៅឃុំ Vinh Son ស្រុក Vinh Linh ខេត្ត Quang Tri បានសួរថា៖ តើខ្លឹមសារនៃការជួយឧបត្ថម្ភការកសាងទម្រង់ដើម្បីលើកកម្ពស់គុណភាពប្រជាជនក្នុងភូមិ ដែលមានជនជាតិភាគតិចច្រើន ជួបការលំបាកពិសេសក្នុងការអនុវត្តគម្រោងទី៩ (ការវិនិយោគលើការអភិវឌ្ឍក្រុមជនជាតិភាគតិចដែលមានប្រជាជនយ៉ាងតិច និងក្រុមជនជាតិភាគតិចដែលជួបការលំបាកជាច្រើន) ក្រោមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំក្នុងកំឡុងឆ្នាំ ២០២១-២០៣០; ដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ (កម្មវិធីលេខ១៧១៩) ត្រូវបានកំណត់យ៉ាងដូចម្តេច?
ចម្លើយ៖ បញ្ហាដែលមិត្តអ្នកសួរមានចែងនៅក្នុងមាត្រាទី ៣០ ប្រការទី ១ នៃសារាចរលេខ ០២/២០២៣/TT-UBDT ចុះថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣ វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃសារាចរណែនាំលេខ ០២/២០២២/TT-UBDT ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២២ របស់រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ ដឹកនាំការអនុវត្តគម្រោងមួយចំនួនក្រោមកម្មវិធីលេខ១៧១៩ ដូចខាងក្រោម៖
ដោយផ្អែកលើផែនការ និងទិសដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់មូលដ្ឋាន គណៈកម្មាធិការប្រជាជនថ្នាក់ខេត្ត/ស្រុក/ឃុំ ជ្រើសរើសខ្លឹមសារជួយឧបត្ថម្ភ ដើម្បីកសាងទម្រង់លើកកម្ពស់គុណភាពប្រជាជនសម្រាប់ក្រុមជនជាតិដែលជួបការលំបាកពិសេស ដែលប៉ះពាល់ដល់ផ្នែករាងកាយ បញ្ញា និងស្មារតីនៅក្នុងផ្នែកខាងក្រោម៖
ក) ការថែទាំសុខភាព និងការអភិវឌ្ឍរាងកាយសម្រាប់ប្រជាជន។
ខ) ការអភិវឌ្ឍការអប់រំ និងការជួយឧបត្ថម្ភផ្លូវចិត្ត ដើម្បីបង្កើនសមត្ថភាពផ្ទាល់ខ្លួនក្នុងការធ្វើសមាហរណកម្មទៅក្នុងសហគមន៍។
គ) ការថែរក្សា និងអភិរក្សតម្លៃវប្បធម៌ និងពិធីបុណ្យប្រពៃណី។
ឃ) អភិវឌ្ឍទេសចរណ៍សហគមន៍ និងទម្រង់មួយចំនួនទៀតដែលសមស្របនឹងសមត្ថភាព និងលក្ខខណ្ឌជាក់ស្តែងក្នុងមូលដ្ឋាន។
* មិត្តអ្នកអាន Phan Van Dung នៅឃុំ Quang Chieu ស្រុក Muong Lat ខេត្ត Thanh Hoa បានសួរថា ៖ តើខ្លឹមសារនៃការជួយឧបត្ថម្ភការរៀបចំសកម្មភាពសិល្បៈអាជីពបម្រើជនជាតិភាគតិច ត្រូវបានកំណត់យ៉ាងដូចម្តេច?
ចម្លើយ៖ បញ្ហាដែលមិត្តអ្នកសួរមានចែងនៅក្នុងប្រការទី ៨ នៃសារាចរណែនាំលេខ ១២/២០១៤/TT-BVHTTDL ចុះថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៤ របស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ដូចខាងក្រោម៖
១. ជួយឧបត្ថម្ភការរៀបចំសកម្មភាពវប្បធម៌ និងសិល្បៈពិសេស (អនុវត្តដោយអង្គភាពសិល្បៈរបស់មជ្ឈិម និងខេត្ត) ដើម្បីបម្រើជនរួមជាតិភាគតិច ដោយផ្តល់អាទិភាពដល់តំបន់ដែលនៅជិតព្រំដែន និងតំបន់ដែលជួបការលំបាក។
២. ផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុតាមការគ្រប់គ្រងវិមជ្ឈការ ឬមានយន្តការលើកទឹកចិត្តក្រុមសិល្បៈអាជីព និងក្រុមឃោសនាចល័ត រៀបចំសកម្មភាពបម្រើជនរួមជាតិភាគតិចនៅតំបន់ដាច់ស្រយាល ព្រំដែន និងកោះសមុទ្រ និងតំបន់ដែលជួបការលំបាកជាពិសេស៕
បកប្រែដោយ Huyen Trang