សម្បូរធូធាពី "វាលស្រែ ១៣២" នៅ Ea Kar
កប.អនឡាញ - ក្នុងប៉ុន្មានឆ្នាំកន្លងមក មូលដ្ឋាននានាក្នុងខេត្ត Dak Lak តំបន់ខ្ពង់រាបភាគកណ្តាលវៀតណាម បានអនុវត្តយ៉ាងល្អនូវគោលនយោបាយឧបត្ថម្ភដីផលិតកម្មសម្រាប់គ្រួសារជនជាតិភាគតិចក្រីក្ររាប់ពាន់គ្រួសារ ដោយហេតុនេះបង្កើតស្រែចម្ការដ៏ខៀវស្រងាត់។
នាំយើងខ្ញុំទៅទស្សនាស្រែចម្ការដ៏ខៀវស្រងាត់នៅឃុំ Cu Elang ស្រុក Ea Kar លោក Nguyen Dang Kai អនុប្រធានការិយាល័យជនជាតិនៃស្រុក Ea Kar បានឲ្យដឹងថា៖ “វាលស្រែទាំងនេះមានរូបរាងដូចត្រូវបានបង្កើតឡើងក្រោមសេចក្តីសម្រេចលេខ ១៣២/២០០២/QD-TTg ចុះថ្ងៃទី ៨ ខែតុលា ឆ្នាំ២០០២ របស់នាយករដ្ឋមន្ត្រីស្តីពីការដោះស្រាយដីផលិតកម្ម និងដីលំនៅដ្ឋានសម្រាប់ជនជាតិភាគតិចក្នុងតំបន់ខ្ពង់រាបភាគកណ្តាល Tay Nguyen (កម្មវិធីលេខ ១៣២)។ វាលស្រែស្រូវរីកលូតលាស់ដូចសព្វថ្ងៃនេះ គឺអាស្រ័យការធ្វើផែនការ និងការឧបត្ថម្ភដីធ្លី រហូតដល់ការវិនិយោគលើការកែលម្អដីធ្លី ប្រព័ន្ធគមនាគមន៍ និងប្រឡាយចែកចាយទឹកជាដើម។ ទន្ទឹមនឹងនោះ ប្រជាជនឧស្សាហ៍ព្យាយាមធ្វើការ និងខិតខំអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការផលិតដើម្បីបង្កើនទិន្នផល”។
អ្នកស្រី H'Ngat Bkrong (អាយុ ៤៣ ឆ្នាំ) នៅភូមិ M'Briu ឃុំ Cu Hue បានចែករំលែកថា៖ «ក្រោយពីរៀបការ ដោយសារគ្មានស្រែចម្ការ ប្តីប្រពន្ធខ្ញុំត្រូវធ្វើការជាកម្មករស៊ីឈ្នួលដើម្បីរកប្រាក់។ ចាប់តាំងពីស្រុក Ea Kar បានអនុវត្តកម្មវិធីលេខ ១៣២ មក គ្រួសាររបស់ខ្ញុំទទួលបានការឧបត្ថម្ភដីស្រែចំនួន ៣៦០០ ម៉ែត្រការ៉េ ហើយប្តីប្រពន្ធខ្ញុំដាំស្រូវទ្វេរដងក្នុងមួយឆ្នាំៗ។ អាស្រ័យដោយការណែនាំអំពីបច្ចេកទេសដាំដុះ ទិន្នផលស្រូវខ្ពស់មិនត្រឹមតែធានាបាននូវអាហារគ្រប់គ្រាន់ពេញមួយឆ្នាំប៉ុណ្ណោះទេ ថែមទាំងខ្ញុំក៏មានលក្ខខណ្ឌអភិវឌ្ឍន៍ការចិញ្ចឹមមាន់ និងគោបន្ថែមទៀតដើម្បីបង្កើនប្រាក់ចំណូលទៀតផង»។
|
|
វាលស្រែខៀវស្រងាត់នៅឃុំ Cu Elang (ស្រុក Ea Kar ខេត្ត Dak Lak) ត្រូវបានអនុវត្តអាស្រ័យដោយកម្មវិធីលេខ ១៣២ |
ដោយអនុវត្តកម្មវិធីលេខ១៣២ ចាប់ពីឆ្នាំ ២០០៣ មកទល់បច្ចុប្បន្ននេះ ស្រុក Ea Kar បានជួយឧបត្ថម្ភផ្ទៃដីផលិតស្រូវសើមចំនួន ២៥០ ហិកតាសម្រាប់គ្រួសារជនជាតិ E De ចំនួន ៤៤៨ គ្រួសារនៅឃុំ Cu Elang, Cu Hue និងឃុំ Cu Ni; អាស្រ័យហេតុនេះ ពលកររាប់ពាន់នាក់មានការងារដែលមានស្ថិរភាព និងរួចផុតពីភាពក្រីក្រ។ លោក Nhu Dinh Tuyen ប្រធានគណៈកម្មាធិការប្រជាជនឃុំ Cu Ni បានឲ្យដឹងថា៖ “អនុវត្តកម្មវិធីលេខ ១៣២ ឃុំ Cu Ni មានគ្រួសារជួបការលំបាកចំនួន ២០១ គ្រួសារ ទទួលបានការឧបត្ថម្ភដីដាំស្រូវទ្វេដងក្នុងមួយឆ្នាំៗចំនួន ៦៨ ហិកតា (គ្រួសារនីមួយៗទទួលបាន ៣,៥០០ ទៅ ៤,៥០០ ម៉ែត្រការ៉េ)។ អាស្រ័យដោយមានប្រព័ន្ធប្រឡាយ គមនាគមន៍ តាមវាលស្រែហើយប្រជាជនមានការយល់ដឹងអំពីបច្ចេកទេសបានជាទិន្នផលមានស្ថិរភាព ដែលសម្រេចបានពី ៥ ទៅ ៦ តោនក្នុងមួយហិកតា”។
ជាក់ស្តែង ក្នុងរយៈពេលកន្លងមក ការឧបត្ថម្ភដីផលិតកម្មពីកម្មវិធីលេខ ១៣២ សម្រេចលទ្ធផលជាវិជ្ជមាន នាំមកនូវជីវភាពរស់នៅដ៏សម្បូរធូធារដល់គ្រួសារជនជាតិ E De រាប់រយគ្រួសារ។ ជាមួយនឹងលទ្ធផលនេះ លោក Nguyen Dang Kai បានអះអាងថា៖ “វាលស្រែ ១៣២” មិនត្រឹមតែជាវាលស្រែទទួលបានលទ្ធផលល្អប៉ុណ្ណោះទេ ថែមទាំងប្រជាជននឹងបន្តកសាងក្លាយទៅជាវាលស្រែដ៏ស្រស់ស្អាតទៀតផង។ ការិយាល័យជនជាតិស្រុក Ea Kar បានផ្តល់យោបល់ដល់គណៈកម្មាធិការប្រជាជនស្រុក ធ្វើការឃោសនា និងចលនាប្រជាជនចូលរួមវិភាគទាន ឬប្រើប្រាស់ដើមទុនក្នុងស្រុក ដើម្បីដាំដើមឈើតាមវាលស្រែ បង្កើតជាម្លប់ដល់ប្រជាជនបានសម្រាកនៅថ្ងៃត្រង់ និងនៅពេលច្រូតស្រូវ។ ដោយហេតុនោះ បង្កើតទម្រង់វាលស្រែដ៏សម្បូរធូធារនៅតំបន់ជនជាតិភាគតិចនៅតំបន់ខ្ពង់រាបភាគកណ្តាល Tay Nguyen”។
មិនត្រឹមតែ “វាលស្រែ ១៣២” នៅស្រុក Ea Kar ប៉ុណ្ណោះទេ ថែមទាំងខេត្ត Dak Lak និយាយដោយឡែក និងតំបន់ខ្ពង់រាបភាគកណ្តាល Tay Nguyen និយាយរួមមានវាលស្រែជាច្រើនដែលបង្កើតឡើងពីកម្មវិធី និងគោលនយោបាយរបស់បក្ស និងរដ្ឋ។ ខណៈដែលគោលនយោបាយនេះបញ្រ្ជាបទៅក្នុងជីវភាពបានជួយឲ្យគ្រួសារជនជាតិភាគតិចរាប់ពាន់គ្រួសារមានមធ្យោបាយផលិត អភិវឌ្ឍន៍សេដ្ឋកិច្ច និងរក្សាលំនឹងជីវភាពរស់នៅនៅតំបន់ខ្ពង់រាបភាគកណ្តាល Tay Nguyen៕
បកប្រែដោយ Huyen Trang