ទីក្រុងហូជីមិញ-សមាហរណកម្មនិងអភិវឌ្ឍន៍
ការត្រួសត្រាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចវិលជុំ
កប.អនឡាញ - ក្នុងបរិបទ និងនិន្នាការអភិវឌ្ឍនៃសេដ្ឋកិច្ចពិភពលោក ទីក្រុងហូជីមិញកំពុងជំរុញ និងដើរត្រួសត្រាយក្នុងការផ្លាស់ប្តូរ និងអភិវឌ្ឍន៍សេដ្ឋកិច្ចវិលជុំ ដោយចាត់ទុកថានេះជាកម្លាំងចលករថ្មីមួយដើម្បីជំរុញកំណើន។ ការកសាងសេដ្ឋកិច្ចវិលជុំក៏ជួយលើកកម្ពស់សមត្ថភាពប្រកួតប្រជែង ទាក់ទាញការវិនិយោគ និងជម្រុញការអភិវឌ្ឍប្រកបដោយអរិយធម៌និងទំនើបក្នុងវិស័យជាច្រើន។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញស្តីពីលទ្ធផលនៃការអនុវត្តគម្រោង “អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចចែករំលែក និងសេដ្ឋកិច្ចវិលជុំនៅទីក្រុងហូជីមិញ ដំណាក់កាល ២០២០-២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០” ទីក្រុងហូជីមិញបានអនុវត្តដំណោះស្រាយ និងគោលនយោបាយជាច្រើនដើម្បីអភិវឌ្ឍសេដ្ឋកិច្ចវិលជុំ ជាពិសេសគម្រោងផ្លាស់ប្តូរគំរូសេដ្ឋកិច្ច ជម្រុញការអភិវឌ្ឍឧស្សាហកម្មបៃតង និងជួយគាំទ្រសមាសភាពសេដ្ឋកិច្ចនានាចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។
    |
 |
រូបថតឧទាហរណ៍ (baochinhphu.vn) |
ទីក្រុងបានសុក្រិតគោលនយោបាយការពារបរិស្ថានដូចជា យន្តការពិសេសសម្រាប់ប្រព្រឹត្តិកម្មសំណល់រឹងតាមផ្ទះ គោលនយោបាយគាំទ្រផលិតកម្ម និងការប្រើប្រាស់កសិផល ហើយគណៈកម្មាធិការប្រជាជនខ័ណ្ឌ ស្រុកបានចេញផែនការអនុវត្តកម្មវិធីកាត់បន្ថយការបំពុលបរិស្ថានក្នុងដំណាក់កាល ២០២០-២០៣០ អនុវត្តកម្មវិធីបែងចែកប្រភេទសំរាមសំណល់រឹង ប្រមូលកាកសំណល់គ្រោះថ្នាក់ក្នុងគ្រួសារ។ល។ ទន្ទឹមនឹងនោះ បង្កើនការគ្រប់គ្រង កាត់បន្ថយ ការប្រើប្រាស់ឡើងវិញ ការកែច្នៃឡើងវិញ និងប្រព្រឹត្តិកម្មសំណល់ប្លាស្ទិកក្នុងដំណាក់កាល ២០២២-២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០។
ទីក្រុងហូជីមិញមានគុណសម្បត្តិជាច្រើនបើធៀបនឹងតំបន់ផ្សេងទៀតក្នុងទូទាំងប្រទេស ដែលមានធុរកិច្ចខ្នាតធំជាច្រើន កិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងទូលំទូលាយ ស៊ីជម្រៅ និងចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ ទន្ទឹមនឹងនោះ ក៏មានយន្តការ និងគោលនយោបាយពិសេសនៃសេចក្តីសម្រេចចិត្តលេខ ៩៨/២០២៣/QH១៥ របស់រដ្ឋសភា និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ ធុរកិច្ចក្រុងក្នុងការត្រួសត្រាយ ការផ្លាស់ប្ដូរថ្មី និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចវិលជុំ។
សេដ្ឋកិច្ចវិលជុំគឺជានិន្នាការជៀសមិនរួច និងតម្រូវការចាំបាច់ក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ទំនើប និងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅនៃទីក្រុងហូជីមិញក្នុងដំណាក់កាលថ្មី។ ដើម្បីសម្រេចបាននូវគោលដៅនេះ អ្នកជំនាញជាច្រើនចាត់ទុកថា ទីក្រុងគប្បីមានភាពសកម្ម ច្នៃប្រឌិត ដើរត្រួសត្រាយផ្លូវក្នុងការអនុវត្តគោលនយោបាយ និងយន្តការពិសេសដើម្បីផ្លាស់ប្ដូរថ្មីនូវបច្ចេកវិទ្យា កសាងវិស័យសសរស្ដម្ភក្នុងសេដ្ឋកិច្ចវិលជុំ គំរូសេដ្ឋកិច្ចវិលជុំ ជម្រុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងមានគោលនយោបាយលើកទឹកចិត្តឲ្យធុរកិច្ចក្នុងការផ្ទេរបច្ចេកវិទ្យា និងការជួយគាំទ្រ។ អាស្រ័យហេតុនេះ ទីក្រុងអាចបង្កើតគុណសម្បត្តិប្រកួតប្រជែង លើកកម្ពស់តម្លៃផលិតផល កសាងគំរូសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព សុខដុមរមនា មិនប៉ះពាល់ដល់បរិស្ថាន ធានាបាននូវកំណើនបៃតងក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី៕
បកប្រែដោយ Thuy Anh