អង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ ៣៣៧ អនុវត្តភារកិច្ចកសាងតំបន់សេដ្ឋកិច្ច ការពារជាតិ Khe Sanh ក្នុងតំបន់យុទ្ធសាស្ត្រនៃតំបន់ដាច់ស្រយាល និងតំបន់ជួបការលំបាកខ្លាំងក្នុងឃុំចំនួន ១៣ នៃស្រុក Huong Hoa និង Dakrong។ នេះជាតំបន់ដែលមានព្រំប្រទល់ជាប់ប្រទេសឡាវជាង ៦៥ គីឡូម៉ែត្រ ដែលមានចំនួនប្រជាជនជាង ៣២ ពាន់នាក់ ដែលក្នុងនោះជនជាតិភាគតិចមានចំនួនជាង ៩៣%។

យោងតាមលោកវរសេនីយ៍ឯក Uong Dinh Tan មេបញ្ជាការអង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ ៣៣៧ ដើម្បីអនុវត្តកម្មវិធីលេខ ១៧១៩ និងគម្រោងចលនាមហាជននៅតំបន់នោះ គណៈកម្មាធិការបក្សនៃអង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ ៣៣៧ បានសម្រេចចិត្តបង្កើតគណៈកម្មការដឹកនាំ និងក្រុមជំនួយ ផ្សព្វផ្សាយបទប្បញ្ញត្តិប្រតិបត្តិការ បង្កើតផែនការ និងណែនាំការអនុវត្ត។ ដើម្បីឱ្យកម្មវិធីទទួលបានលទ្ធផលល្អ អង្គភាពបានសម្របសម្រួលជាមួយមូលដ្ឋានដើម្បីធ្វើការស្ទាបស្ទង់មតិយ៉ាងម៉ត់ចត់ ត្រួតពិនិត្យជាប្រចាំ បង្កើត និងកែសម្រួលទម្រង់ដំណាំដាំដុះ និងចិញ្ចឹមសត្វនៅក្នុងតំបន់គម្រោង ស្របតាមប្រៀបខ្លាំងក្នុងមូលដ្ឋាន ហើយទន្ទឹមនឹងនោះ ធ្វើការផ្សព្វផ្សាយឲ្យបានល្អ និងស្វែងរកមធ្យោបាយប្រើប្រាស់ផលិតផលដែលធ្វើដោយប្រជាជន។

leftcenterrightdel
កម្មាភិបាលនៃកងវរសេនាធំលេខ៥២ អង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ៣៣៧ ផ្តល់ពូជស្រូវជូនប្រជាជននៅឃុំ Huong Linh ស្រុក Huong Hoa

លោក Ho Van Nuoc នៅភូមិ Se Pu ឃុំ Huong Lap ស្រុក Huong Hoa គឺជាគ្រួសារមួយក្នុងចំណោមគ្រួសារជាង ៥០០ ដែលត្រូវបានផ្តល់ពូជគោដោយអង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ ៣៣៧ តាមគម្រោងជួយឧបត្ថម្ភការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលជាទម្រង់កងទ័ពដែលភ្ជាប់ជាមួយនឹងអ្នកភូមិនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។ អាស្រ័យដោយមានការថែទាំដ៏ល្អ ពូជគោនេះដែលត្រូវបានផ្តល់នៅឆ្នាំ២០២២ បានកើតកូនគោមួយក្បាល ដែលបង្កើតការងារសម្រាប់គ្រួសារ។ គ្រួសារលោក Ho La Ngang នៅភូមិ Xa Ry ឃុំ Huong Phung ស្រុក Huong Hoa បានទទួលពូជសាគូ ជី និងជំនួយបច្ចេកទេសពីកងទ័ព។ ពីការដាំដើមសាគូលើផ្ទៃដីចំនួន ០.៣ ហិកតានៅឆ្នាំ ២០២២ លោក Ngang បានពង្រីកផ្ទៃដីដាំដុះដល់ជិត ១ ហិកតា។ ក្រោយពីប្រមូលផលរួច ក្រុមហ៊ុនសំណង់ (អង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ ៣៣៧) បានមកទិញដល់សួនច្បារ។ លោក Ngang បានមានប្រសាសន៍ថា៖ “អាស្រ័យដោយមានជំនួយរបស់កងទ័ពនៃអង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ ៣៣៧ មកទល់បច្ចុប្បន្ននេះ ភូមិ Van Kieu របស់យើងខ្ញុំកាន់តែធំទូលាយ និងស្អាតជាង។ ប្រជាជនចេះដាំដំណាំ និងចិញ្ចឹមសត្វ កុមារក៏បានមកសាលារៀន។ អ្នកភូមិសប្បាយចិត្តណាស់!”។

អនុវត្តកម្មវិធីលេខ ១៧១៩ នៅតំបន់សេដ្ឋកិច្ច ការពារជាតិ Khe Sanh អង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ ៣៣៧ បានសម្របសម្រួលជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការស្ទង់មតិ និងជ្រើសរើសគ្រួសារជិត ២ ពាន់គ្រួសារ ដើម្បីចូលរួមទម្រង់ដាំដំណាំ ចិញ្ចឹមសត្វសមរម្យ ដូចជា ចិញ្ចឹមគោ ពពែ និងជ្រូក; ការដាំស្រូវសើម ដើមសាគូ។ល។ មកទល់ពេលនេះ គោចំនួន ៥៤២ ក្បាល ពពែ ៧២៣ ក្បាល និងជ្រូកពូជចំនួន ១១៨ ត្រូវបានផ្តល់ជូនគ្រួសារនានា។ ប្រជាជនរាប់រយនាក់ក៏បានចូលរួមក្នុងគម្រោងដាំស្រូវសើមលើផ្ទៃដីចំនួន ៤៨ ហិកតា និងសាគូចំនួន ១៤ ហិកតា។ ទម្រង់ទាំងនេះសុទ្ធតែទទួលបានលទ្ធផលល្អ។

អង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ ៣៣៧ មិនត្រឹមតែជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជួយឧបត្ថម្ភកុមារជួបការលំបាកទៀតផង។ ប្អូន Ho Van Noi ជនជាតិ Van Kieu នៅភូមិ Chenh Venh ឃុំ Huong Phung តើឯណាទៅអនាគត ប្រសិនបើគ្មានជំនួយពីកងទ័ពនៃអង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ៣៣៧ ឡើយ។ ឪពុកម្តាយរបស់ Noi បានទទួលមរណៈភាព ដោយបន្សល់ទុកបងប្អូនទាំងបួននាក់ ដោយមិនមានទីបង្អែក។ ចែករំលែកជាមួយប្អូនទាំងនេះ ក្រុមផលិតកម្មលេខ៩ (កងវរសេនាធំលេខ៥២ អង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ ៣៣៧) បានជួយឧបត្ថម្ភប្អូនៗទៅសាលារៀន។ បច្ចុប្បន្ន Noi បានក្លាយជាយុទ្ធជននគរបាលម្នាក់; ប្អូនទី ២ ឈ្មោះ Ho Thi Ha ជានិស្សិតនៅអនុមហាវិទ្យាល័យគរុកោសល្យ Quang Tri; ប្អូនចំនួនពីរទៀតកំពុងរៀននៅវិទ្យាល័យ និងជាសិស្សដែលមានស្នាដៃសិក្សាល្អ។ មិនត្រឹមតែប្អូន Ho Van Noi ប៉ុណ្ណោះទេ ក្នុងឆ្នាំ ២០២៣ មានកុមារកំព្រា និងសិស្សានុសិស្សចំនួន ៣១ នាក់ដែលជួបការលំបាកត្រូវបានជួយឧបត្ថម្ភដោយអង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ ៣៣៧ តាមគម្រោង "កម្មាភិបាល និងយុទ្ធជននៃកម្លាំងកងទ័ពជួយឧបត្ថម្ភកុមារទៅសាលារៀន"។

ដោយវាយតំលៃអំពីការរួមវិភាគទានរបស់អង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ ៣៣៧ លោក Pham Trong Ho អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Huong Hoa បានអះអាងថា៖ “ដោយមានការចូលរួមពីគណៈកម្មាធិការបក្ស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការពួតដៃរបស់កម្មាភិបាល និងបុគ្គលិករបស់អង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ ៣៣៧ ស្រុក Huong Hoa បានអនុវត្តកម្មវិធីលេខ ៣៣៧ និងទទួលបានលទ្ធផលវិជ្ជមានជាច្រើន; មុខមាត់របស់ភូមិ និងជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនមានភាពប្រសើរឡើង។ ខ្លឹមសារនៃកម្មវិធីទាំងអស់សម្រេចបាន និងលើសពីគោលដៅដែលបានកំណត់ រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពង្រឹងការការពារជាតិ ថែរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមក្នុងតំបន់”៕

បកប្រែដោយ Huyen Trang