គោលការណ៍ និងដំណោះស្រាយសំខាន់ៗសម្រាប់ការអនុវត្តកម្មវិធីគោលដៅជាតិ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០
កប.អនឡាញ - មិត្តអ្នកអាន Tran Van Hung នៅទីរួមស្រុក Xuan Hoa ស្រុក Ha Quang ខេត្ត Cao Bang បានសួរថា៖ តើគោលការណ៍ និងដំណោះស្រាយសំខាន់ៗសម្រាប់ការអនុវត្តកម្មវិធីគោលដៅជាតិក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ត្រូវបានច្បាប់កំណត់យ៉ាងដូចម្ដេច?
ចម្លើយ៖ បញ្ហាដែលអ្នកសួរមានចែងក្នុងប្រការទី ៤ មាត្រាទី ១ នៃសេចក្តីសម្រេចចិត្តលេខ ១២០/២០២០/QH១៤ ចុះថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២០ របស់រដ្ឋសភា អនុម័តលើគោលនយោបាយវិនិយោគនៃកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ដូចតទៅ៖
ក) វិនិយោគលើចំណុចសំខាន់ៗ ដោយផ្តោតលើឃុំ និងភូមិជួបការលំបាកខ្លាំង; ដោះស្រាយបញ្ហាបន្ទាន់; ផ្តល់អាទិភាពជួយដល់គ្រួសារក្រីក្រ និងក្រុមជនជាតិភាគតិចជួបការលំបាកខ្លាំង។
ខ) ធានាបាននូវតម្លាភាពប្រជាធិបតេយ្យ លើកកម្ពស់សិទ្ធិជាម្ចាស់ និងការចូលរួមយ៉ាងសកម្មរបស់សហគមន៍ និងប្រជាជន; លើកកំពស់ស្មារតីខិតខំប្រឹងប្រែងរបស់ជនជាតិភាគតិច។
គ) ធ្វើវិមជ្ឈការ និងវិសហមជ្ឈការដល់មូលដ្ឋានក្នុងការកសាង និងរៀបចំការអនុវត្តកម្មវិធីស្របតាមលក្ខខណ្ឌ លក្ខណៈ សក្ដានុពល ប្រៀបខ្លាំង អត្តសញ្ញាណវប្បធម៌ ទំនៀមទម្លាប់និងប្រពៃណីល្អរបស់ជនជាតិភាគតិច តំបន់នានាជាប់ពាក់ព័ន្ធការពង្រឹងការការពារជាតិ និងសន្តិសុខ។
ឃ) ធ្វើពិពិធកម្មធនធាន ដែលក្នុងនោះ ថវិការដ្ឋមានសារៈសំខាន់ និងជាការសម្រេចចិត្ត ផ្តល់អាទិភាពដល់ការបែងចែកដើមទុនគាំទ្រការអភិវឌ្ឍផ្លូវការក្នុងការអនុវត្តកម្មវិធី; កៀរគរ និងលើកទឹកចិត្តឱ្យមានការចូលរួម និងការរួមចំណែកពីអង្គភាពអាជីវកម្ម អង្គការ និងបុគ្គល។
ឃ) ពង្រឹងការត្រួតពិនិត្យ ឃ្លាំមើល និងវាយតម្លៃចំពោះការអនុវត្តកម្មវិធីនៅគ្រប់កម្រិត និងគ្រប់វិស័យ។ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការបង្ហាញអវិជ្ជមានអំឡុងពេលអនុវត្តកម្មវិធី។
* មិត្តអ្នកអាន Tran Van Duc នៅសង្កាត់ Long Thanh ទីរួមខេត្ត Tan Chau ខេត្ត An Giang បានសួរថា៖ តើសាលាវិទ្យាល័យជនជាតិអន្តេវាសិកត្រូវបានច្បាប់កំណត់យ៉ាងដូចម្ដេច? តើសិស្សអន្តេវាសិកនៅឃុំ និងភូមិជួបការលំបាកពិសេសត្រូវបានច្បាប់កំណត់យ៉ាងដូចម្ដេច?
ចម្លើយ៖ ខ្លឹមសារដែលអ្នកសួរត្រូវបានចែងក្នុងប្រការទី ៣ នៃក្រឹត្យលេខ ១១៦/២០១៦/ND-CP របស់រដ្ឋាភិបាលដែលកំណត់គោលនយោបាយគាំទ្រដល់សិស្សានុសិស្ស និងវិទ្យាល័យនៅតាមឃុំ និងភូមិជួបការលំបាកពិសេសដូចតទៅ៖
១. សាលាវិទ្យាល័យជនជាតិអន្តេវាសិក៖ គឺជាវិទ្យាល័យឯកទេសដែលរដ្ឋបង្កើតឡើងសម្រាប់កូនៗជាជនជាតិភាគតិច និងកុមារនៃគ្រួសារជនជាតិភាគតិចដែលរស់នៅជាអចិន្ត្រៃយ៍នៅក្នុងឃុំ និងភូមិជួបការលំបាកពិសេស ដើម្បីរួមចំណែកបង្កើតធនធានបណ្តុះបណ្តាលកម្មាភិបាលក្នុងតំបន់ទាំងនេះ។ សាលាវិទ្យាល័យជនជាតិអន្តេវាសិកមានចំនួនសិស្សអន្តេវាសិកតាមបទប្បញ្ញត្តិបច្ចុប្បន្ន។
២. សិស្សអន្តេវាសិក៖ គឺជាសិស្សដែលខ្លួនឯង និងឪពុកម្តាយ ឬ អាណាព្យាបាលមានលំនៅអចិន្ត្រៃយ៍នៅក្នុងឃុំ និងភូមិជួបការលំបាកពិសេស ហើយត្រូវបានគណៈកម្មាធិការប្រជាជនថ្នាក់ស្រុកអនុញ្ញាតឲ្យស្នាក់នៅសាលារៀន ឬ ក្នុងតំបន់ក្បែរសាលាដើម្បីសិក្សាក្នុងអំឡុងពេលមួយសប្តាហ៍ ដោយសារមិនអាចទៅរៀន និងត្រឡប់មកផ្ទះវិញក្នុងពេលថ្ងៃ៕
បកប្រែដោយ Huyen Trang