បង Cho បានរៀបការតាំងពីនៅក្មេងពេក និងមានកូន ២ នាក់។ ក្នុងអំឡុងពេលកំពុងធ្វើការ គាត់ជាអកុសលបាត់បង់ដៃមួយ និងរងរបួសភ្នែកមួយ។ ក្នុងនាមជាបង្គោលរកប្រាក់ចិញ្ចឹមគ្រួសារ នេះបានប៉ះពាល់ដល់ជីវភាពរស់នៅរបស់គាត់ ក៏ដូចជាគ្រួសារទាំងមូលរបស់គាត់។

ជាមួយនឹងការប្តេជ្ញាចិត្តមិនស៊ូទ្រាំនឹងភាពក្រីក្រ ហើយមិនអាចធ្វើការជាកម្មករស៊ីឈ្នួលបាន បង Cho បានវិនិយោគក្នុងការកសាងជង្រុក និងផ្តោតលើការចិញ្ចឹមក្របី និងគោពូជ។ ពីក្របីតែ ២ ក្បាល និងគោពូជ ៣ ក្បាលប៉ុណ្ណោះ ដំបូងឡើយ ដោយដឹងពីប្រសិទ្ធភាពនៃការបង្កាត់ពូជគោក្របី គ្រួសាររបស់គាត់បានផ្តោតទៅលើការចិញ្ចឹមហ្វូង ដោយតែងតែរក្សាគោក្របីញីសម្រាប់បន្តពូជ។ បច្ចុប្បន្ន គ្រួសារបង Cho មានគោ ១១ ក្បាល និងក្របី ៩ ក្បាល។

leftcenterrightdel
ហ្វូងក្របីរបស់គ្រួសារបង Sung Mi Cho

លោក Cho បានចែករំលែកថា ក្រៅពីការធានាប្រភពស្មៅជាអាហារ ជារៀងរាល់ថ្ងៃ ពេលថែទាំគោក្របី គាត់ក៏បានកាប់ស្មៅលាយជាមួយកន្ទក់ពោតអង្ករឲ្យស៊ីពីរដងនៅពេលព្រឹក និងពេលរសៀល រក្សាគោក្របីឱ្យលូតលាស់ និងបន្តពូជបានល្អ។ ក្នុងដំណើរការចិញ្ចឹមសត្វ ត្រូវយកចិត្តទុកដាក់សម្អាតជង្រុកឱ្យស្អាតជានិច្ច ធានាភាពត្រជាក់ក្នុងរដូវក្តៅ រក្សាភាពកក់ក្តៅក្នុងរដូវរងា និងចាក់វ៉ាក់សាំងឱ្យបានពេញលេញដល់គោក្របី ដើម្បីការពារជំងឺរាតត្បាត។ លើសពីនេះ គ្រួសាររបស់គាត់ក៏បានជួលអ្នកស្រុកម្នាក់ ដើម្បីធានាការថែទាំសត្វគោបានយ៉ាងល្អ។

ជារៀងរាល់ឆ្នាំ គ្រួសារបង Cho លក់កូនគោពី ២ ទៅ ៣ ក្បាល ដោយតម្លៃចាប់ពី ១៥ ទៅ ២០ លានដុងក្នុងមួយក្បាល។ គាត់បានប្រើប្រាក់ពាក់កណ្តាលដើម្បីចំណាយលើការរស់នៅរបស់គ្រួសារគាត់ ហើយចំនួនដែលនៅសល់គាត់បន្តវិនិយោគលើការចិញ្ចឹមសត្វ។ ក្រៅពីការចិញ្ចឹមគោក្របីពូជ គ្រួសាររបស់គាត់ក៏ចិញ្ចឹមពពែ មាន់ ទា។ល។ អាស្រ័យដោយភាពឧស្សាហ៍ព្យាយាម គ្រួសាររបស់គាត់មិនត្រឹមតែរួចផុតពីភាពក្រីក្រប៉ុណ្ណោះទេ ថែមទាំងបានងើបឡើងក្លាយជាគ្រួសារចិញ្ចឹមសត្វដ៏ល្អបំផុតនៅក្នុងភូមិ។

Niem Tong ជាឃុំភ្នំដែលមានការលំបាកជាច្រើន ដែលភាគច្រើនជាជនជាតិ Mong រស់នៅ។ ទោះបីជា ទម្រង់ចិញ្ចឹមគោក្របីនៅ Niem Tong ទើបតែមានការអភិវឌ្ឍខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ប៉ុន្តែវាបាននាំមកនូវលទ្ធផលគួរឱ្យកត់សម្គាល់។ បច្ចុប្បន្ន ហ្វូងសត្វសរុបរបស់ឃុំមានជាង ៦៣០០ ក្បាល ក្នុងនោះមានគោជាង ២៤០០ ក្បាល និងក្របីជាង ២៥០ ក្បាល។ល។

លោក Nguyen Van Vang លេខាគណៈកម្មាធិការបក្សឃុំ Niem Tong បានឲ្យដឹងថា៖ “អាជ្ញាធរមូលដ្ឋានបានយកចិត្តទុកដាក់ និងជួយឧបត្ថម្ភប្រជាជនលើគ្រប់វិស័យ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសាររបស់ពួកគេ។ យើងខ្ញុំតែងតែទៅសួរសុខទុក្ខ និងលើកទឹកចិត្តដល់គ្រួសារបង Cho។ ជាមួយគ្នានេះ លោកក៏បានជ្រើសរើសទម្រង់ចិញ្ចឹមគោក្របីរបស់គ្រួសារគាត់ ដើម្បីធ្វើជាគំរូក្នុងការផ្សព្វផ្សាយ និងណែនាំដល់ប្រជាជននៅក្នុងតំបន់រៀនសូត្រ”។

បើតាមលោក Vang នាពេលខាងមុខ ដើម្បីចម្លងទម្រង់ចិញ្ចឹមគោក្របីនេះ ឃុំនឹងបន្តសម្របសម្រួលជាមួយស្ថាប័នមានសមត្ថកិច្ច រៀបចំថ្នាក់បង្រៀនបច្ចេកទេស ស្តីពីការចិញ្ចឹមគោក្របី ដល់គ្រួសារនានា ដោយហេតុនេះ ជួយប្រជាជនក្នុងតំបន់ឱ្យផ្លាស់ប្តូរផ្នត់គំនិត និងធ្វើការដើម្បីរួចផុតពីភាពក្រីក្រ៕

បកប្រែដោយ Huyen Trang