បន្ទាប់ពីរយៈពេលជាង ៣ ឆ្នាំនៃការអនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំសម្រាប់រយៈពេលឆ្នាំ ២០២១-២០៣០ ដំណាក់កាលទី១ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ (កម្មវិធី ១៧១៩) បានជួយភូមិៗនៅតំបន់ព្រំដែន Tri Ton ឲ្យមានការរីកចម្រើន។

O Lam ជាឃុំភ្នំនៃស្រុក Tri Ton ដែលមានជនជាតិខ្មែរជាង ៩៨% រស់នៅបន្ទាប់ពីរយៈពេលជាង ៣ ឆ្នាំនៃការអនុវត្តកម្មវិធី ១៧១៩ ជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនខ្មែរកាន់តែមានភាពប្រសើរឡើង។ ផ្លូវដែលបានក្រាលបេតុង ជំនួសឱ្យផ្លូវលំចាស់ៗ ផ្ទះទ្រុឌទ្រោមត្រូវបានជំនួសដោយផ្ទះថ្មីរឹងមាំស្អាតៗ។

គ្រួសារក្រីក្រជាច្រើនបានទទួលការឧបត្ថម្ភពីរដ្ឋក្នុងការសាងសង់ផ្ទះ ដីផលិតកម្ម និងជួយសម្រួលដល់ទុនកម្ចី ចាប់តាំងពីពេលនោះមក គំរូនៃការចិញ្ចឹមគោ ជ្រូក មាន់បានលេចចេញជារូបរាង ដែលជួយឱ្យជីវភាពរស់នៅរបស់ប្រជាជនមានការរីកចម្រើនគួរឱ្យចាប់អារម្មណ៍។ លោក Chau Soc Sa  ដែលជាអ្នកមានកិត្តិនាមនៅភូមិ Phuong Binh ឃុំ O Lam ឱ្យដឹងថា៖ “ពីមុនផ្លូវក្នុងភូមិមានសភាពទ្រុឌទ្រោម ជន់លិចនៅរដូវវស្សា មានហុយធូលីដីនៅរដូវប្រាំង ធ្វើឱ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរ។ ដោយមានការគាំទ្រពីកម្មវិធី ១៧១៩ រហូតមកដល់ពេលនេះ រាល់ខ្សែផ្លូវសុទ្ធតែត្រូវបានក្រាលដោយបេតុងយ៉ាងស្អាត។ ប្រជាជនគ្រប់គ្នានៅភូមិមានក្តីសប្បាយ រីកសុខសាបហត”។

មិនត្រឹមតែកសាងផ្លូវជនបទប៉ុណ្ណោះទេ ចាប់តាំងពីកម្មវិធី ១៧១៩ ឃុំ O Lam  ក៏ត្រូវបានកសាងសាលារៀនកាន់តែធំទូលាយ ស្អាត និងស្រស់ស្អាត។ រាល់ទីតាំង កេរ្តិ៍ដំណែលប្រវត្តិសាស្ត្របដិវត្តន៍ដែលត្រូវបានជួសជុលឡើងវិញ រាល់មុខរបរប្រពៃណីត្រូវបានស្ដារឡើងវិញ ជំរុញឱ្យប្រជាជនធ្វើការ ធ្វើពលកម្ម ធ្វើផលិតកម្មដើម្បីបង្កើនប្រាក់ចំណូល។

leftcenterrightdel
ដោយមានកម្មវិធី ១៧១៩ គ្រួសាររបស់លោក Chau Rothy នៅភូមិ Phuoc Binh ឃុំ O Lam (ស្រុក Tri Ton ខេត្ត An Giang) បានអនុវត្តគំរូចិញ្ចឹមគោក្របី ដើម្បីមានចំណូលប្រកបដោយស្ថិរភាព

លោក Chau Phi Rom អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ O Lam បានមានប្រសាសន៍ថា៖ “ពីដើមទុនកម្មវិធី ១៧១៩ ព្រមទាំងដាក់រួមបញ្ចូលនូវរាល់កម្មវិធី និងគម្រោងនានា ឃុំ O Lam បានផ្តល់អាទិភាពដល់ការជួយនូវលំនៅដ្ឋាន និងទឹកប្រើប្រាស់ និងការផ្លាស់ប្តូរមុខរបរ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការគាំទ្រអភិវឌ្ឍផលិតកម្ម ដើម្បីធ្វើពិពិធកម្មជីវភាពរស់នៅ និងគាំទ្រការបណ្តុះបណ្តាលវិជ្ជាជីវៈដល់ប្រជាជន។ តាមនោះ ឃុំបានផ្តល់ជំនួយផ្លាស់ប្តូរមុខរបរសម្រាប់គ្រួសារចំនួន ២៥ (គ្រួសារនីមួយៗ ១០ លានដុង) និងផ្តល់ជំនួយជាទីលំនៅដ្ឋានសម្រាប់ ៧២ គ្រួសារ (គ្រួសារនីមួយៗ ៤៤ លានដុង)។ ដោយមានដើមទុននៃកម្មវិធី ១៧១៩ ប្រជាជនខ្មែរមានភាពងាយស្រួលក្នុងការអភិវឌ្ឍផលិតកម្ម និងស្ថិរភាពជីវិតរបស់ពួកគេ”។

រីឯនៅឃុំ Le Tri ស្រុក Tri Ton នាពេលថ្មីៗនេះ បានអនុវត្តយ៉ាងសកម្មនូវរាល់គោលការណ៍ដើម្បីឲ្យគ្រួសារក្រីក្រ និងជិតបន្ទាត់ក្រីក្រអាចទទួលបានអត្ថប្រយោជន៍ និងលើកកម្ពស់ជីវភាពរបស់ពួកគេបន្តិចម្តងៗ។ តាមរយៈការស្រាវជ្រាវ យើងដឹងថា ពីកម្មវិធីគោលដៅជាតិសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព និងកម្មវិធី ១៧១៩ ដល់ឆ្នាំ ២០២៣ ឃុំ Le Tri បានដាក់ពង្រាយការថែទាំ និងជួសជុលផ្លូវចំនួន ៤ ខ្សែ ស្តារប្រឡាយរំដោះទឹកប្រវែង ៤,៤១៩ ម៉ែត្រ ដោយមានទុនវិនិយោគសរុបជាង ១៥.១ ពាន់លានដុង ឧបត្ថម្ភ ៦២ គ្រួសារដែលជួបការលំបាកក្នុងការសាងសង់ និងជួសជុលផ្ទះដោយចំនួនទឹកប្រាក់សរុបជាង ២.៦ ពាន់លានដុង គាំទ្រការសាងសង់គម្រោងទឹកប្រើប្រាស់ក្នុងស្រុកចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង ១.៦ ពាន់លានដុងសម្រាប់តំបន់ជនជាតិភាគតិចនៅភូមិនានា៖ Soc Tuc, An Thanh, Trung An។

អាចបញ្ជាក់បានថា កម្មវិធី ១៧១៩ មានសារសំខាន់ និងឥទ្ធិពលយ៉ាងខ្លាំង ក្នុងការខិតខំប្រឹងប្រែង ដើម្បីលើកកំពស់ជីវភាពរបស់ជនជាតិភាគតិចខ្មែរ។ ដោយសារការរួមដៃនៃប្រព័ន្ធនយោបាយទាំងមូល និងការប្តេជ្ញាចិត្តរួចផុតពីភាពក្រីក្ររបស់ប្រជាជន បានជួយឱ្យសេដ្ឋកិច្ចនៃតំបន់ជនជាតិភាគតិចនៅស្រុក Tri Ton មានការអភិវឌ្ឍកាន់តែខ្លាំង ហើយជីវភាពរស់នៅរបស់ប្រជាជនកាន់តែមានភាពរីកចម្រើន។ អាស្រ័យហេតុនេះ រួមចំណែកលើកតម្កើងអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្មែរ រក្សាបាននូវសាមគ្គីភាពរបស់ជនជាតិក្នុងមូលដ្ឋាន៕

បកប្រែដោយ Minh Trung