វៀតណាមតែងតែចាត់ទុកសិង្ហបុរីជាដៃគូសេដ្ឋកិច្ចដ៏សំខាន់
    
    
    
        
            
កប.អនឡាញ - នារសៀលថ្ងៃទី ៣ ខែវិច្ឆិកា លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម បានទទួលជួបលោក Jaya Ratnam ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំវៀតណាមមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិការងារនៅវៀតណាម។
        
        
        
            
	ក្នុងជំនួបនេះ  លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា បក្ស និងរដ្ឋវៀតណាមតែងតែចាត់ទុកសិង្ហបុរីជាមិត្តជិតស្និទ្ធ ជាដៃគូដែលគួរឱ្យទុកចិត្ត និងជាដៃគូសេដ្ឋកិច្ចដ៏សំខាន់ ព្រមទាំងលោកមានបំណងចង់បន្តពូនជ្រំ ជំរុញក្របខ័ណ្ឌទំនាក់ទំនងថ្មីដែលទើបបង្កើតឲ្យកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាព នាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។
	
		
			
				     | 
		
		
			
				  | 
		
		
			| 
				លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម ទទួលជួបលោកឯកអគ្គរដ្ឋទូតសិង្ហបុរី Jaya Ratnam  | 
		
	
	ដោយកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះការរួមដំណើរនិងការគាំទ្ររបស់សិង្ហបុរីសម្រាប់វៀតណាមចាប់តាំងពីការផ្លាស់ថ្មី និងសមាហរណកម្មអន្តរជាតិ ជាពិសេសតាមរយៈការបណ្តុះបណ្តាលកម្មាភិបាល និងការកសាងយន្តការ និងគោលនយោបាយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម លោកអគ្គលេខាបក្ស To Lam បានស្នើឱ្យប្រទេសទាំងពីរបន្តពង្រឹងបន្ថែមទៀតនូវទំនុកចិត្តខាងនយោបាយ តាមរយៈការផ្លាស់ប្តូរកម្រិតយុទ្ធសាស្ត្រ។ លើកកម្ពស់កិច្ចសហប្រតិបត្តិការតាមរយៈបណ្តាញបក្ស ផ្តល់អាទិភាពដល់ការអនុវត្តយន្តការសន្ទនាយុទ្ធសាស្ត្ររវាងបក្សកាន់អំណាចទាំងពីរ។ ព្រមទាំងផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីសកម្មភាព ដើម្បីអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលទើបចុះហត្ថលេខា ជាពិសេសនៅក្នុងវិស័យដែលសិង្ហបុរីមានប្រៀបខ្លាំង និងវៀតណាមមានតម្រូវការដូចជា ការធ្វើបរិវត្ដកម្មឌីជីថល ថាមពលកកើតឡើងវិញ ឥណទានកាបូន សន្តិសុខស្បៀង នវានុវត្តន៍ និងអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុ logistics តភ្ជាប់អាកាសចរណ៍ ដែនសមុទ្រ និងតភ្ជាប់បណ្តាញអគ្គិសនី ក៏ដូចជាការចូលរួមចំណែកដោយការទទួលខុសត្រូវចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ផងដែរ។
	លោកឯកអគ្គរដ្ឋទូត Jaya Ratnam បានសម្តែងសេចក្តីសោមនស្សរីករាយដែលឃើញថា ការអភិវឌ្ឍរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ និងចែករំលែកថា វៀតណាមដូចជាដំបូលផ្ទះទីពីររបស់លោកបន្ទាប់ពីធ្វើការនៅទីនេះជិត ៥ ឆ្នាំ។ លោកឯកអគ្គរដ្ឋទូត Jaya Ratnam ចងចាំជានិច្ចនូវអនុស្សាវរីយ៍ដ៏ស្រស់ស្អាត និងកោតសរសើរចំពោះភាពធន់ ស្មារតីក្រោកឈរឡើង និងសាមគ្គីភាពរបស់ប្រជាជនវៀតណាម។ លោកជឿជាក់ថា វៀតណាមនឹងសម្រេចបានជោគជ័យសម្រាប់គោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។
	លោកឯកអគ្គរដ្ឋទូត Jaya Ratnam បញ្ជាក់ថា សក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការនៅមានច្រើនណាស់។ លោកឯកអគ្គរដ្ឋទូត Jaya Ratnam បានយល់ស្របនឹងមតិយោបល់របស់លោកអគ្គលេខាបក្ស To Lam ស្តីពីទំនាក់ទំនងទ្វេភាគី ហើយឲ្យដឹងថា ការជឿទុកចិត្តខាងនយោបាយរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយដើម្បីជួយឱ្យទំនាក់ទំនងទ្វេភាគីកាន់តែជិតស្និទ្ធ រួមចំណែកពង្រឹងសាមគ្គីភាព និងវិបុលភាពរួមរបស់អាស៊ាន។ លោកឯកអគ្គរដ្ឋទូត Jaya Ratnam វាយតម្លៃថា កម្មវិធីសកម្មភាពសម្រាប់ការអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សិង្ហបុរី ដំណាក់កាល ២០២៥-២០៣០ នឹងបើកដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពសម្រាប់ប្រទេសទាំងពីរ។
	លោកឯកអគ្គរដ្ឋទូត Jaya Ratnam បានសង្កត់ធ្ងន់ថា ទោះបីជាលោកក្នុងឋានៈណាមួយក៏ដោយ ក៏នឹងរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី។ ព្រមទាំងមានបំណងចង់ប្រទេសទាំងពីរនឹងសហការយ៉ាងជិតស្និទ្ធ និងលើកកម្ពស់ប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការនៅឆ្នាំ ២០២៧ នៅពេលដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ APEC និងសិង្ហបុរីជាប្រធានអាស៊ាន៕
	បកប្រែដោយ Pham Diep