លោក Luong Cuong ប្រធានរដ្ឋ បានសម្តែងក្តីរីករាយថា បន្ទាប់ពីរយៈពេលជាង ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត វៀតណាម និងកូរ៉េខាងត្បូងបានតំឡើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (ខែធ្នូ ឆ្នាំ២០២២) និងក្លាយជាដៃគូសំខាន់ៗឈានមុខគេរបស់គ្នាទៅវិញទៅមកនៅក្នុងតំបន់។ លោកបានបញ្ជាក់ថា សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតែមានច្រើនណាស់ ហើយភាគីទាំងពីរកំពុងខិតខំជម្រុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យសម្រេចបាន ១៥០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០៣០ តាមទិសដៅតុល្យភាព និងចីរភាព។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋ និងលោក Park Heong Joon អភិបាលក្រុងប៊ូសាន

លោក Luong Cuong ប្រធានរដ្ឋ បានស្នើឲ្យទីក្រុងប៊ូសានបន្តជម្រុញកិច្ចសហប្រតិបត្តិការជាមួយខេត្ត និងទីក្រុងនានារបស់វៀតណាម ជាពិសេសនៅក្នុងវិស័យដែលទីក្រុងប៊ូសានមានប្រៀបខ្លាំង។ ក្នុងឱកាសនេះ លោក Luong Cuong ប្រធានរដ្ឋ បានថ្លែងអំណរគុណអាជ្ញាធរទីក្រុង និងសង្ឃឹមថា អាជ្ញាធរទីក្រុងប៊ូសាននឹងបន្តយកចិត្តទុកដាក់ និងគាំទ្រដល់សហគមន៍ជនវៀតណាមដែលរស់នៅ សិក្សា និងធ្វើការនៅទីក្រុងប៊ូសាន តាមនោះ រួមចំណែកដល់ការអភិវឌ្ឍទីក្រុង ក៏ដូចជាលើកកម្ពស់ប្រកបដោយប្រសិទ្ធភាពនូវតួនាទីជាស្ពានមិត្តភាពរវាងប្រទេសទាំងពីរ។

លោក Park Heong Joon អភិបាលក្រុងប៊ូសានបានសន្យាថា ក្រុងប៊ូសាននឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រុងហូជីមិញ និងខេត្ត ក្រុងដទៃទៀតនៃប្រទេសវៀតណាម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង ជាពិសេសនៅក្នុងវិស័យកំពង់ផែ សាងសង់កប៉ាល់ ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងកិច្ចសហប្រតិបត្តិការទេសចរណ៍ តាមនោះរួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកូរ៉េខាងត្បូង និងវៀតណាម។

លោក Park Heong Joon បានអះអាងថា អាជ្ញាធរក្រុងប៊ូសានត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រ និងបង្កើតលក្ខណៈងាយស្រួលដល់សកម្មភាពរបស់ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុងប៊ូសាន ព្រមទាំង បន្តមានគោលនយោបាយការពារសិទ្ធិស្របច្បាប់របស់ពលរដ្ឋវៀតណាមចំនួន ១៤.០០០ នាក់នៅទីក្រុងប៊ូសាន។

* នៅរសៀលថ្ងៃទី ១ ខែវិច្ឆិកា លោក Luong Cuong ប្រធានរដ្ឋ បានមានជំនួបជាមួយលោក Kim Ghee Whan ប្រធានមូលនិធិផ្លាស់ប្ដូរអន្តរជាតិកូរ៉េខាងត្បូង (KF)។ នៅក្នុងជំនួបនោះ លោក Kim Ghee Whan បានបញ្ជាក់ថា វៀតណាមតែងតែជាដៃគូសំខាន់ឈានមុខគេរបស់មូលនិធិនេះ។ បច្ចុប្បន្ននេះ សាកលវិទ្យាល័យវៀតណាមជាង ៣០ កំពុងទទួលបានជំនួយពីមូលនិធិតាមរយៈកម្មវិធីបណ្តុះបណ្តាលរបស់កូរ៉េខាងត្បូង។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋ ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោក Kim Ghee Whan ប្រធានមូលនិធិផ្លាស់ប្ដូរអន្តរជាតិកូរ៉េខាងត្បូង (KF)

នៅក្នុងជំនួបនោះ លោក Luong Cuong ប្រធានរដ្ឋ បានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់មូលនិធិ KF នាពេលកន្លងមក ដែលបង្ហាញពីតួនាទីជាអ្នកត្រួសត្រាយផ្លូវក្នុងវិស័យការទូតវប្បធម៌ ដោយពង្រឹងមូលដ្ឋានគ្រឹះមនុស្សធម៌សម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកូរ៉េខាងត្បូង។

លោកប្រធានរដ្ឋបានស្នើថា ដោយផ្អែកលើសក្តានុពល ប្រៀបខ្លាំង និងមនោសញ្ចេតនាចំពោះប្រទេស និងប្រជាជនវៀតណាម មូលនិធិ KF បន្តរៀបចំសកម្មភាពវប្បធម៌រវាងប្រទេសទាំងពីរ បន្តលើកកម្ពស់តួនាទីជាអ្នកត្រួសត្រាយផ្លូវក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបង្រៀនភាសាកូរ៉េនៅវៀតណាម ជម្រុញការបណ្តុះបណ្តាលគ្រូបង្រៀនភាសាកូរ៉េនៅវៀតណាម។

លោក Luong Cuong ប្រធានរដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម រួមទាំងលោកប្រធានមូលនិធិ KF បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងសារមន្ទីរជនជាតិវិទ្យាវៀតណាម (បណ្ឌិតសភាវិទ្យាសាស្ត្រសង្គមវៀតណាម) និងមជ្ឈមណ្ឌលវប្បធម៌អាស៊ាន-KF។

* នៅរសៀលថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងប៊ូសាន លោក Luong Cuong ប្រធានរដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានជួបជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថាប័នតំណាងវៀតណាមប្រចាំប្រទេសកូរ៉េខាងត្បូង និងសហគមន៍ជនវៀតណាមនៅប្រទេសកូរ៉េខាងត្បូង។

* នៅល្ងាចថ្ងៃទី ២ ខែវិច្ឆិកា លោក Luong Cuong ប្រធានរដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុងប៊ូសាន បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ច ដើម្បីចូលរួមសប្តាហ៍កំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី៣២ នៅទីក្រុង Gyeongju និងជួបទ្វេភាគីនៅប្រទេសកូរ៉េខាងត្បូង តបតាមការអញ្ជើញរបស់លោក Lee Jae Myung ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូង ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា៕

បកប្រែដោយ Thuy Anh