ស្រុក Mai Son បច្ចុប្បន្នមានប្រជាជនជិត ៧០% ជាជនជាតិភាគតិច ដែលភាគច្រើនជាជនជាតិ Thai ហើយប្រជាជននៅសេសសល់គឺជនជាតិ Muong, Mong, Kho Mu, Xinh Mun។ កម្រិតនៃការយល់ដឹងរបស់ប្រជាជនគឺមិនស្មើគ្នា ជីវភាពសេដ្ឋកិច្ចសង្គម និងការងារថែទាំសុខភាពរបស់ប្រជាជននៅតែប្រឈមនឹងការលំបាកជាច្រើន។

ដើម្បីអនុវត្តគោលនយោបាយជនជាតិប្រកបដោយប្រសិទ្ធភាព អាជ្ញាធរស្រុក Mai Son គ្រប់លំដាប់ថ្នាក់បានផ្តោតសំខាន់លើការផ្សព្វផ្សាយគោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋ លើកកំពស់តួនាទីរបស់ព្រឹទ្ធាចារ្យភូមិ មេភូមិ និងអ្នកមានកិត្យានុភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ស្រុកក៏បានកៀរគរធនធានវិនិយោគ ផ្តល់អាទិភាពដល់ការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព ដោះស្រាយការលំបាករបស់ជនជាតិភាគតិច រួមចំណែកបង្កើនប្រាក់ចំណូល និងលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រជាបណ្តើរៗប្រកបដោយចីរភាព។

leftcenterrightdel
ស្រុក Mai Son ជួយឧបត្ថម្ភប្រជាជននៅភូមិ Na Nhung ឃុំ Phieng Pan សាងសង់ស្ពានយោលសម្រាប់ការធ្វើដំណើររបស់ប្រជាជន

នាពេលថ្មីៗនេះ យើងខ្ញុំបានមកសួរសុខទុក្ខគ្រួសារលោក Ha Van Vui នៅភូមិ Nam Put ឃុំ Phieng Cam (ស្រុក Mai Son) ដែលជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលបានរួចផុតពីភាពក្រីក្រ អាស្រ័យដោយអនុវត្តទម្រង់ដាំដើមឈើហូបផ្លែ។ លោក Vui បានចែករំលែកថា៖ «កាលពីមុន គ្រួសារខ្ញុំដាំតែពោត និងដំឡូងមី ទិន្នផលទាប ដូច្នេះរាល់ឆ្នាំយើងខ្ញុំអត់មានការហូបគ្រប់គ្រាន់ទេ។ នៅឆ្នាំ ២០១៦ អាស្រ័យដោយអាជ្ញាធរមូលដ្ឋានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ខ្ញុំទៅទស្សនាសិក្សាអំពីទម្រង់ដាំដើមឈើហូបផ្លែមួយចំនួន ខ្ញុំបានផ្ទេរផ្ទៃដីដាំពោតជាង ១.២ ហិកតា ទៅជាការដាំដើមឈើហូបផ្លែ ហើយទន្ទឹមនឹងនោះតភ្ជាប់ទំនាក់ទំនងជាមួយសហករណ៍ Truong Tien នៅឃុំ Chieng Ban ដើម្បីស្វែងយល់អំពីបទពិសោធន៍បន្ថែមទៀត។ អាស្រ័យដោយការផ្លាស់ប្តូរមកដាំដើមឈើហូបផ្លែ គ្រួសារខ្ញុំមានប្រាក់ចំណូលប្រមាណ ៣០០ លានដុងក្នុងមួយឆ្នាំ។ ជាពិសេសឆ្នាំនេះ ឈ្មួញបានបញ្ជាទិញចំការក្រូចទាំងមូល ដូច្នេះគ្រួសារខ្ញុំមិនចាំបាច់ព្រួយបារម្ភពីការលក់នោះទេ»។

ដោយអនុវត្តកម្មវិធីគោលដៅជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០; ដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ហើយចាប់ពីឆ្នាំ ២០២៣ ដល់បច្ចុប្បន្ននេះ ស្រុក Mai Son បានជួយឧបត្ថម្ភ និងដោះស្រាយការខ្វះខាតដីលំនៅដ្ឋាន ដីផលិតកម្ម និងទឹកប្រើប្រាស់សម្រាប់គ្រួសារជាង ១,២០០ ដោយមានថវិកាសរុបចំនួន ២៣.៤ ពាន់លានដុង។ ស្រុកក៏វិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួន ៣៨ ក្នុងឃុំចំនួន ១០ និងភូមិចំនួន ១០ ដែលជួបការលំបាកខ្លាំង ដោយចំណាយថវិកាសរុបជាង ៥.៦ ពាន់លានដុងដែរ។

ទន្ទឹមនឹងនោះ ការិយាល័យប្រតិបត្តិការធនាគារគោលនយោបាយសង្គមស្រុក ក៏បានផ្តល់កម្ចីដល់គ្រួសារក្រីក្រ គ្រួសារជិតខ្សែបន្ទាត់ភាពក្រីក្រ គ្រួសារទើបរួចផុតពីភាពក្រីក្រ និងគ្រួសារនៅតំបន់លំបាកចំនួន ២,៩៩៦ គ្រួសារ ដើម្បីអភិវឌ្ឍផលិតកម្ម និងធ្វើអាជីវកម្ម ជាមួយទឹកប្រាក់ចំនួន ១១២ ពាន់លានដុង។ តាមរយៈការត្រួតពិនិត្យ គ្រួសារភាគច្រើនដែលបានខ្ចីដើមទុនបានប្រើប្រាស់វាសម្រាប់គោលបំណងដោយត្រឹមត្រូវ និងបង់ដើមទុន និងប្រាក់កំរៃស្របតាមបទប្បញ្ញត្តិ។ លើសពីនេះ ស្រុកក៏បានអំពាវនាវការជួយឧបត្ថម្ភពីស្ថាប័ន អង្គភាព និងអង្គភាពអាជីវកម្ម ក្នុងការលុបបំបាត់ផ្ទះស្លឹកបណ្ដោះអាសន្នចំនួន ២០៨ ខ្នង និងអនុវត្តគោលនយោបាយសន្តិសុខសង្គម នៅតាមឃុំដាច់ស្រយាល និងជួបការពិបាកយ៉ាងខ្លាំង។

លោក Nguyen Thanh Hai ប្រធានមន្ទីរជនជាតិស្រុក Mai Son បានឲ្យដឹងថា៖ “ដោយឈរលើទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចនៃតំបន់នីមួយៗ និងតម្រូវការរបស់ប្រជាជន ស្រុកបានអនុវត្តកម្មវិធីគោលនយោបាយ និងគម្រោងនានាដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជន ដោយធានានូវមុខសញ្ញាត្រឹមត្រូវ បរិមាណគ្រប់គ្រាន់ ផ្សព្វផ្សាយជាសាធារណៈ និងតម្លាភាព។ ទន្ទឹមនឹងនោះ រៀបចំផែនការ និងបែងចែកប្រភពទុនលម្អិត ដើម្បីជួយឧបត្ថម្ភប្រជាជននៅតំបន់ជួបការលំបាក ក្នុងការអភិវឌ្ឍផលិតកម្ម ដើម្បីរួចផុតពីភាពក្រីក្រ»។

អាស្រ័យដោយអនុវត្តគោលនយោបាយជនជាតិ មកទល់បច្ចុប្បន្ននេះ ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជួបការលំបាកនៃស្រុក Mai Son ត្រូវបានវិនិយោគ និងសាងសង់ព្រមៗគ្នា រួមចំណែកលើកកំពស់គុណភាពអប់រំ និងសុខាភិបាល ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកស្ទួយជាបណ្តើរៗ។

ដើម្បីលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ នាពេលខាងមុខ ស្រុក Mai Son ផ្តោតលើការលើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាល រួមចំណែកលើកកំពស់កម្រិតបញ្ញារបស់ប្រជាជន; បញ្ចូលកម្មវិធី និងគម្រោង កៀរគរធនធានជាច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជំរុញការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចស្របតាមលក្ខខណ្ឌ និងលទ្ធភាពដាំដុះរបស់ជនជាតិភាគតិចនៅក្នុងមូលដ្ឋាន៕

បកប្រែដោយ Huyen Trang