ក្រុមធុរកិច្ចស៊ុយអែតទៅបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន
កប.អនឡាញ - ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែវិច្ឆិកា លោកស្រី Sara Modig រដ្ឋលេខាធិការក្រសួងអាកាសធាតុ និងធុរកិច្ចស៊ុយអែត បានដឹកនាំក្រុមធុរកិច្ចស៊ុយអែតទៅបំពេញទស្សនកិច្ចនៅវៀតណាម ដោយផ្តោតលើការជម្រុញកិច្ចសហប្រតិបត្តិការក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព។
ដំណើរទស្សនកិច្ចនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសស៊ុយអែតក្នុងការរួមដំណើរជាមួយប្រទេសវៀតណាមក្នុងការអភិវឌ្ឍប្រកបដោយចីរភាព នវានុវត្តន៍ និងការធ្វើបរិវត្តកម្មបៃតងក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។
ក្រុមធុរកិច្ចស៊ុយអែតដែលរួមមានធុរកិច្ច និងអ្នកជំនាញស៊ុយអែតឈានមុខគេ បានជួបធ្វើការជាមួយក្រសួង ស្ថាប័ន ដៃគូបច្ចេកទេស និងវិនិយោគិនជាច្រើនរបស់វៀតណាម។ ជំនួបទាំងឡាយបានផ្តោតលើការពិភាក្សាអំពីឱកាសសហប្រតិបត្តិការក្នុងការអភិវឌ្ឍផ្លូវដែក រួមទាំងគម្រោងផ្លូវរថភ្លើងល្បឿនលឿនខាងជើង-ខាងត្បូង ក៏ដូចជាការធ្វើបរិវត្តកម្មបៃតងនៅក្នុងប្រព័ន្ធកំពង់ផែ និងការអភិវឌ្ឍកំពង់ផែថ្មី។
    |
 |
|
លោកស្រី Sara Modig ថ្លែងនៅក្នុងសន្និសីទស្តីពីកម្មវិធី Erasmus+ និង Horizon Europe 2025 ដែលជម្រុញការស្រាវជ្រាវ និងការអប់រំក្រោយឧត្តមសិក្សារវាងធុរកិច្ចអឺរ៉ុប និងធុរកិច្ចវៀតណាម នៅព្រឹកថ្ងៃទី ៣ ខែវិច្ឆិកា នៅទីក្រុងហាណូយ (រូបថត៖ ស្ថានទូតស៊ុយអែតប្រចាំវៀតណាម) |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកស្រី Sara Modig ជួបជាមួយតំណាងក្រុមហ៊ុនស៊ុយអែតជាង ៧០ ដែលកំពុងប្រតិបត្តិការនៅវៀតណាម ដែលជាសក្ខីភាពនៃតួនាទីកាន់តែសំខាន់របស់ប្រទេសស៊ុយអែតក្នុងការគាំទ្រដល់ការធ្វើទំនើបកម្ម និងការធ្វើបរិវត្តកម្មបៃតងរបស់វៀតណាម។
នៅទីក្រុងហាណូយ លោកស្រី Sara Modig ណែនាំអំពីប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ស៊ុយអែតនៅក្នុងព្រឹត្តិការណ៍ថ្ងៃ Erasmus+ និង Horizon Europe ដែលរៀបចំដោយគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសវៀតណាម និងក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម។
ក្នុងឱកាសនេះ លោកស្រី Modig ក៏បំពេញទស្សនកិច្ចនៅទីក្រុង Hai Phong ដើម្បីធ្វើការជាមួយគណៈកម្មាធិការប្រជាជនទីក្រុង ជួបជាមួយក្រុមហ៊ុនស៊ុយអែតដែលកំពុងវិនិយោគនៅក្នុងទីក្រុង និងទៅទស្សនារោងចក្រផលិតរថយន្តអគ្គិសនី VinFast។ល៕
បកប្រែដោយ Thuy Anh