ការកសាងតំបន់ដាំស្រូវដែលមានគុណភាពខ្ពស់ កាត់បន្ថយការបំភាយឧស្ម័ន ផ្សារភ្ជាប់ជាមួយនឹងកំណើនបៃតងនៅក្នុងតំបន់ដីសណ្ដទន្លេ Cuu Long
កប.អនឡាញ - នាថ្ងៃទី ២១ ខែតុលា នៅទីក្រុងតូក្យូ ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន និងស្ថានទូតវៀតណាមប្រចាំនៅជប៉ុន បានរៀបចំសន្និសីទស្តីពីការជំរុញការវិនិយោគនៅតំបន់ដាំស្រូវដែលមានគុណភាពខ្ពស់ កាត់បន្ថយការបំភាយឧស្ម័ន ផ្សារភ្ជាប់ជាមួយនឹងកំណើនបៃតងនៅក្នុងតំបន់ដីសណ្ដទន្លេ Cuu Long។
នេះជាវេទិកាជំរុញការវិនិយោគកម្រិតអន្តរជាតិ ដោយផ្តោតលើវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការដូចជា៖ ការទាក់ទាញការវិនិយោគលើបច្ចេកវិទ្យាកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ការអនុវត្តបច្ចេកវិទ្យាឌីជីថល។ល។ សន្និសីទមានការចូលរួមពីប្រតិភូជាង ១២០ នាក់ រួមទាំងតំណាងក្រសួង ស្ថាប័ន សមាគម សហករណ៍ ធុរកិច្ចនៃប្រទេសទាំងពីរ និងធុរកិច្ចជប៉ុនជាង ៧០។
    |
 |
លោក Watanabe Yoichi អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន ថ្លែងប្រសាសន៍ក្នុងសន្និសីទ (រូបថត៖ vovworld.vn) |
ក្នុងពិធីនេះ លោក Watanabe Yoichi អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន បានឲ្យដឹងថា តាមរយៈគោលនយោបាយជាច្រើន ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បាននឹងកំពុងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោងជាច្រើន ក្នុងនោះមានកម្មវិធីដាំស្រូវដែលមានគុណភាពខ្ពស់ក្នុងទំហំ ១ លានហិកតា និងកម្មវិធីកាត់បន្ថយការបញ្ចេញឧស្ម័ននៅតំបន់ដីសណ្ដទន្លេ Cuu Long។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន នឹងសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ក្នុងស្មារតីនៃចក្ខុវិស័យរយៈពេលវែង និងមធ្យម វៀតណាម-ជប៉ុន សម្រាប់កិច្ចសហប្រតិបត្តិការកសិកម្ម ក៏ដូចជាកិច្ចព្រមព្រៀងសហប្រតិបត្តិការជប៉ុន-អាស៊ាន។
ចំណែកលោក Pham Quang Hieu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន បានវាយតំលៃខ្ពស់ចំពោះការជួយគាំទ្រ និងកិច្ចសហប្រតិបត្តិការដែលជប៉ុនផ្ដល់ដល់វៀតណាមលើវិស័យជាច្រើន ជាពិសេសវិស័យកសិកម្ម។
នៅក្នុងសន្និសីទនេះ ស្ថាប័ន និងធុរកិច្ចនៃភាគីទាំងពីរបានពិភាក្សាលើខ្លឹមសារជាច្រើននៃអនុស្សរណៈយោគយល់គ្នា (MOU) ដែលបង្ហាញពីជំហានជាក់ស្តែងក្នុងកិច្ចសហប្រតិបត្តិការវិនិយោគ និងផ្ទេរបច្ចេកវិទ្យារវាងវៀតណាម និងជប៉ុន៕
បកប្រែដោយ Thuy Anh