ក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំការនៅទីក្រុងប៊ែរឡាំង លោកស្រី Dang Thi Thanh Phuong ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅអាល្លឺម៉ង់ បានសង្ខេបសមិទ្ធផល និងទស្សនវិស័យនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) បន្ទាប់ពីរយៈពេល ៥ ឆ្នាំនៃការចូលជាធរមានជាផ្លូវការចាប់ពីខែសីហា ឆ្នាំ២០២០។

តាមលោកស្រីថា នេះជាជំហានដ៏សំខាន់ឆ្ពោះទៅមុខដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម និង អឺរ៉ុប ទន្ទឹមនឹងនោះបើកចេញឱកាសដ៏អស្ចារ្យជាច្រើនសម្រាប់ធុរកិច្ចវៀតណាម ប៉ុន្តែថែមទាំងបង្កបញ្ហាប្រឈមជាច្រើនដែលត្រូវជំនះ។ យោងតាមទិន្នន័យពីនាយកដ្ឋានគយវៀតណាម ក្នុងរយៈពេលពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីវៀតណាម-សហភាពអឺរ៉ុប បានកើនឡើងចំនួន ៤៦.៥% ឈានដល់ជាង ៦៤.៦ ពាន់លានដុល្លារអាមេរិក បើធៀបនឹង ៤៤.១ ពាន់លានដុល្លារកាលពី ៥ ឆ្នាំមុន។

ក្នុងនោះ ការនាំចេញរបស់វៀតណាមទៅកាន់អឺរ៉ុប កើនឡើង ៥៦.៤% ពី ៣១.១ ពាន់លានដុល្លារអាមេរិក ដល់ជិត ៤៨.៧ ពាន់លានដុល្លារ ខណៈការនាំចូលកើនឡើង ១៣% ពី ១៤ ពាន់លានដុល្លារ ដល់ ១៥.៩ ពាន់លានដុល្លារ។ នៅក្នុងទីផ្សារអាល្លឺម៉ង់ ពាណិជ្ជកម្មទ្វេភាគីក៏បានកត់ត្រាកំណើនជាវិជ្ជមានផងដែរ ដោយឈានដល់ការកើនឡើង ១៧% ដែលក្នុងនោះការនាំចេញរបស់វៀតណាមទៅកាន់អាល្លឺម៉ង់កើនឡើង ២០% និងការនាំចូលពីអាល្លឺម៉ង់កើនឡើង ១៣%។

ទោះបីជាមិនទាន់មានរបកគំហើញច្បាស់លាស់ក៏ដោយ ប៉ុន្តែ EVFTA បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាកំណើនពាណិជ្ជកម្មវៀតណាម-សហភាពអឺរ៉ុប ក្នុងបរិបទនៃការប្រែប្រួលជាច្រើនក្នុងពិភពលោក ដូចជាជំងឺរាតត្បាត COVID-19 ជម្លោះរុស្ស៊ី-អ៊ុយក្រែន ឬការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ តាមលោកស្រី EVFTA បានបង្កើតឱកាសដ៏អស្ចារ្យសម្រាប់ឧស្សាហកម្មសំខាន់ៗរបស់វៀតណាម ដើម្បីទាញយកផលប្រយោជន៍ពីគោលនយោបាយលុបបំបាត់ពន្ធនាំចូល។ នៅពេលដែលកិច្ចព្រមព្រៀងចូលជាធរមាន សហភាពអឺរ៉ុបនឹងលុបចោលពន្ធនាំចូលលើ ៨៥.៦% នៃបន្ទាត់ពន្ធ ស្មើនឹង ៧០.៣% នៃចំណូលនាំចេញរបស់វៀតណាម ទៅកាន់សហភាពអឺរ៉ុប។

leftcenterrightdel
រូបភាពជាឧទាហរណ៍ (រូបថត៖ vnanet.vn)

បន្ទាប់ពីរយៈពេល ៧ ឆ្នាំ អត្រានេះនឹងកើនឡើងដល់ ៩៩.២% ស្ទើរតែទាំងអស់នៃចំណូលនៃការនាំចេញរបស់វៀតណាមនឹងទទួលបានការលើកទឹកចិត្តពន្ធ។ ទំនិញមួយចំនួនដូចជា អង្ករ កាហ្វេ អាហារសមុទ្រ បន្លែ វាយនភណ្ឌ និងស្បែកជើង សុទ្ធតែអាចទទួលបានអត្រាពន្ធ ០% ចាប់ពីពេលចាប់ផ្តើម ដោយជួយអាជីវកម្មលើកកំពស់ការប្រកួតប្រជែង និងពង្រីកទីផ្សាររបស់ពួកគេ។

អត្ថប្រយោជន៍នេះបង្ហាញឱ្យឃើញយ៉ាងច្បាស់ចំពោះរាល់ផលិតផលកសិកម្ម និងជលផល ដូចជា កាហ្វេ គ្រឿងអាហារសមុទ្រ គ្រាប់ស្វាយចន្ទី និងតែ ដែលទទួលបានកំណើនគួរឱ្យកត់សម្គាល់។ ជាក់ស្តែង ការនាំចេញកាហ្វេរបស់វៀតណាមទៅកាន់សហភាពអឺរ៉ុបបានកើនឡើងចំនួន ១២០% ពី ៩៨៣ លានដុល្លារក្នុងឆ្នាំ ២០២០ ដល់ ២.២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤; បន្លែ និងផ្លែឈើកើនឡើង ៦៥,៦% ពី ១៤៦ លានដុល្លារដល់ ២៤២ លានដុល្លារ; ការនាំចេញស្បែកជើងបានកើនឡើង ៥២.៤% ពី ៣.៧ ពាន់លានដុល្លារដល់ ៥.៥៦ ពាន់លានដុល្លារ។

នេះជាភ័ស្តុតាងច្បាស់លាស់នៃការប្រើប្រាស់ការលើកទឹកចិត្ត EVFTA ឱ្យបានល្អ ជាពិសេសសហគ្រាសធំៗដែលផ្តោតលើការកែលម្អគុណភាព បំពេញតាមស្តង់ដារច្បាប់នៃប្រភពដើម និងការកសាងម៉ាកយីហោប្រកបដោយនិរន្តរភាព។ ទោះជាយ៉ាងណាក៏ដោយ លោកស្រី Dang Thi Thanh Phuong បាននិយាយថា រាល់វិស័យឧស្សាហកម្មដូចជាវាយនភណ្ឌ ស្បែកជើង ឈើ និងឱសថ នៅតែមានចំណុចជាច្រើនដែលត្រូវជម្នះ ដើម្បីបង្កើនគុណសម្បត្តិដែលនាំមកដោយ EVFTA។

មូលហេតុចម្បងគឺមកពីកត្តាខាងក្នុងដូចជា បច្ចេកវិទ្យាផលិតកម្មឱនថយ កង្វះការវិនិយោគស៊ីជម្រៅក្នុងការរចនា និងម៉ាកយីហោ រួមជាមួយនឹងការលំបាកក្នុងការបំពេញរាល់តម្រូវការប្រភព។ រាល់របងខាងបច្ចេកទេស ស្តង់ដារតឹងរឹងលើប្រភពដើម បច្ចេកវិទ្យា និងការរចនាក៏កាត់បន្ថយភាពប្រកួតប្រជែងរបស់សហគ្រាសវៀតណាមផងដែរ។ លើសពីនេះ បើតាមលោកស្រី វិស័យឧស្សាហកម្មឱសថមិនទាន់មានការរីកចំរើននៅឡើយ ដោយសារសហគ្រាសក្នុងស្រុកនៅតែខ្សោយ ខ្វះស្តង់ដារ GMP អឺរ៉ុប និងមិនទាន់អាចប្រកួតប្រជែងជាមួយឱសថអឺរ៉ុបបាន។ នៅក្នុងវិស័យឈើ ការធ្លាក់ចុះនៃចំណូលក៏បង្ហាញពីបញ្ហាប្រឈមក្នុងការបំពេញតម្រូវការនៃប្រភពដើមស្របច្បាប់ និងការបំប្លែងបច្ចេកវិជ្ជាឱ្យសមស្របតាមចំណង់ចំណូលចិត្តទីផ្សារ។

ចែករំលែកការវាយតម្លៃរួមរបស់អ្នកជំនាញពាណិជ្ជកម្មជាច្រើនចាត់ទុកថា EVFTA គឺជាកម្លាំងចលករសម្រាប់វៀតណាមអនុវត្តកំណែទម្រង់ស្ថាប័ន និងការអភិវឌ្ឍ ប្រកបដោយចីរភាពជាមួយនឹងបទប្បញ្ញត្តិស្តង់ដារស្តីពីការងារ បរិស្ថាន កម្មសិទ្ធិបញ្ញា។ល។ លោកស្រី Dang Thi Thanh Phuong ក៏បាននិយាយផងដែរថា វៀតណាមបានខិតខំប្រឹងប្រែងយ៉ាងច្បាស់លាស់ក្នុងការកែលម្អលក្ខខណ្ឌការងារ និងបរិយាកាសដើម្បីអនុវត្តតាម EVFTA ដូចជាការផ្តល់សច្ចាប័នលើអនុសញ្ញាស្នូលមួយចំនួនរបស់អង្គការពលកម្មអន្តរជាតិ (ILO) ដូចជា អនុសញ្ញាលេខ ៩៨ ស្តីពីសិទ្ធិរៀបចំ និងការចរចាជាសមូហភាព អនុសញ្ញាលេខ ១០៥ ស្តីពីការលប់បំបាត់ការធ្វើពលកម្មដោយបង្ខំ...

លើសពីនេះ វៀតណាមក៏បានអនុម័តច្បាប់ស្តីពីការការពារបរិស្ថានឆ្នាំ ២០២០ ដោយសង្កត់ធ្ងន់លើការអភិវឌ្ឍប្រកបដោយចីរភាព ការទទួលខុសត្រូវរបស់អ្នកផលិតបន្ថែម (EPR) ការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងការបង្កើនការចូលរួមរបស់សហគមន៍។ ការអនុវត្តការប្តេជ្ញាចិត្តក្នុងក្របខ័ណ្ឌនៃសន្និសីទលើកទី ២៦ នៃរាល់ភាគីហត្ថលេខីអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) ដូចជាគោលដៅនៃការបំភាយឧស្ម័នសូន្យសុទ្ធនៅឆ្នាំ ២០៥០; វិសោធនកម្មច្បាប់ស្តីពីកម្មសិទ្ធិបញ្ញានៅឆ្នាំ ២០២២ រួមទាំងការពង្រឹងកម្មសិទ្ធិបញ្ញា ការកំណត់ច្បាស់អំពីការការពារសូចនាករភូមិសាស្រ្ត កម្មសិទ្ធិបញ្ញា ការកែលម្អយន្តការអនុវត្តកម្មសិទ្ធិបញ្ញា បង្កើនការពិន័យ និងវិធានការដើម្បីដោះស្រាយការរំលោភបំពាន។ អាចនិយាយបានថា វៀតណាមបានបោះជំហានសំខាន់ក្នុងការធ្វើកំណែទម្រង់ស្ថាប័ន ដើម្បីអនុវត្ត EVFTA ជាពិសេសលើវិស័យការងារ បរិស្ថាន និងកម្មសិទ្ធិបញ្ញា។

លោកស្រី Dang Thi Thanh Phuong បាននិយាយថា ការអនុវត្ត EVFTA ត្រូវបានគេរំពឹងថានឹងបន្តនាំមកនូវផលប្រយោជន៍ដល់អាជីវកម្ម នៅពេលដែលមុខទំនិញជាច្រើននឹងបន្តរួចផុតពីពន្ធនៅពេលដល់ឆ្នាំ ២០២៧, សហភាពអឺរ៉ុបនឹងលុបបំបាត់ខ្សែពន្ធប្រហែល ៩៩.២% ស្មើនឹង ៩៩.៧% នៃប្រាក់ចំណូលនាំចេញ។ ជាពិសេស ក្នុងបរិបទដែលអាមេរិកបង្កើនវិធានការពន្ធគយជាមួយប្រទេសនានា អឺរ៉ុប និងវៀតណាមទាំងពីរចាំបាច់ត្រូវធ្វើពិពិធកម្មនូវទីផ្សារ និងដៃគូ។ វៀតណាមមានប្រៀបយ៉ាងធំធេង ដោយសារប្រទេសនេះមាន FTA ជាមួយអឺរ៉ុប ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់លើពន្ធគយសម្រាប់ក្រុមនាំចេញសំខាន់ៗជាច្រើនរបស់វៀតណាម។

ដើម្បីលើកកំពស់ប្រសិទ្ធភាពរយៈពេលវែងរបស់ EVFTA លោកស្រី Dang Thi Thanh Phuong ជឿជាក់ថា វៀតណាមត្រូវមានការបោះជំហានវែងជាងមុនក្នុងការលើកកំពស់សមត្ថភាពផលិតកម្ម ការផ្លាស់ប្តូរបៃតង និងនិរន្តរភាព អភិវឌ្ឍធនធានមនុស្ស និងជំរុញការធ្វើមូលដ្ឋានីយកម្មជាដើម៕

បកប្រែដោយ Minh Trung