អត្ថបទមួយចេញផ្សាយថ្មីៗនេះនៅក្នុងសារព័ត៌មាន China Daily ដែលជាសារព័ត៌មានភាសាអង់គ្លេសដ៏លេចធ្លោមួយរបស់ប្រទេសចិន មានចំណងជើងថា៖ “ពាណិជ្ជកម្មឆ្លងព្រំដែនជម្រុញទំនាក់ទំនងចិន - វៀតណាម” បានបង្ហាញថា ការរីកចម្រើននៃពាណិជ្ជកម្មតាមព្រំដែន កំពុងជម្រុញទំនាក់ទំនងយុទ្ធសាស្ត្ររវាងទាំងពីរប្រទេសអោយកាន់តែរឹងមាំ។

leftcenterrightdel
ច្រកព្រំដែនអន្តរជាតិ Lao Cai (រូបភាព៖ TTXVN)

អត្ថបទនេះបានលើកឡើងថា ការផ្លាស់ប្ដូរផលិតផល និងប្រជាជននៅតាមព្រំដែនវៀតណាម-ចិន គឺជារូបភាពតំណាងនៃទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ។ ទំនាក់ទំនងនេះត្រូវបានពង្រឹងបន្ថែមទៀត ដោយសកម្មភាពទិញលក់ និងទេសចរណ៍។ ការកើនឡើងនៃអត្រាទិញទំនិញឆ្លងព្រំដែនពីខាងវៀតណាម បានជម្រុញដល់ការចែកចាយទំនិញចិនច្រើនទៅខាងត្បូង។ អត្ថបទបានលើកឧទាហរណ៍ដូចជាតំបន់ឧស្សាហកម្មផ្នែកឧបករណ៍អេឡិចត្រូនិកចិន-អាស៊ាន នៅក្រុង Hekou ខេត្ត Yunnan ដែលមានស្ទូឌីយោផ្សាយបន្តផ្ទាល់ជាង ៣០កន្លែង ដែលប្រើទាំងភាសាចិន និងភាសាវៀតណាមក្នុងការផ្សព្វផ្សាយផលិតផល។ ឯផ្ទុយទៅវិញ រថយន្តរាប់រយគ្រៀងដឹកផលិតផលកសិកម្មពីវៀតណាម បានចេញទៅប្រទេសចិនរៀងរាល់ថ្ងៃ។

លោក Ma Zhigang មន្ត្រីមួយរូបរបស់ក្រសួងកសិកម្មនិងជនបទចិន បានអះអាងថា “កិច្ចសហប្រតិបត្តិការផ្នែកកសិកម្មរវាងចិននិងវៀតណាម មានលក្ខណៈបំពេញគ្នាទៅវិញទៅមកយ៉ាងខ្លាំង និងមានសក្តានុពលដ៏ធំជាមួយលទ្ធផលដែលបង្ហាញយ៉ាងច្បាស់”។ ក្នុងឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មរវាងខេត្ត Yunnan (ចិន) និងវៀតណាមបានឈានដល់ ២២.១ពាន់លានយន់ (ស្មើនឹងជាង ៣.០៥ពាន់លានដុល្លារអាមេរិក) ដែលកើនឡើង ១៨.៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។

លើសពីផលិតផលពាណិជ្ជកម្ម ការផ្លាស់ប្តូរប្រជាជនបានក្លាយជាចំណុចសំខាន់ក្នុងការភ្ជាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ។ តាមរយៈទិន្នន័យផ្លូវការ គិតដល់ឆ្នាំ ២០២៥ មានក្រុមទេសចរវៀតណាមជាង ១០.៦០០ក្រុម ឬសរុបជាង ១២០.០០០នាក់ បានធ្វើដំណើរចូលទៅកាន់ប្រទេសចិនតាមច្រកព្រំដែន Hekou។

កិច្ចសហប្រតិបត្តិការនេះ ត្រូវបានគាំទ្រដោយវេទិកាបច្ចេកវិទ្យាឌីជីថល ឧស្សាហកម្មគាំទ្រ និងភាពជិតស្និទ្ធផ្នែកវប្បធម៌ បានជួយពង្រឹងទំនាក់ទំនងភាពជាដៃគូ រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ៕

បកប្រែដោយ Duy Hoan