ធុរកិច្ចអាមេរិកបញ្ជាក់ពីការប្តេជ្ញាចិត្តអនុវត្តប្រកបដោយជោគជ័យនូវគម្រោងនានានៅវៀតណាម
កប.អនឡាញ - នាព្រឹកថ្ងៃទី៩ ខែកក្កដា នៅទីក្រុងហាណូយ លោក Tran Luu Quang លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម បានទទួលជួបលោក Olivier Marquette ប្រធានសាជីវកម្ម AES ប្រចាំវៀតណាម។
នៅក្នុងជំនួបនេះ លោក Tran Luu Quang បានអះអាងថា វៀតណាមជានិច្ចកាលបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការវិនិយោគ និងការធ្វើអាជីវកម្មរបស់ធុរកិច្ចបរទេស រួមទាំងធុរកិច្ចអាមេរិក ស្របតាមច្បាប់ និងបំពេញតម្រូវការអភិវឌ្ឍរបស់វៀតណាមក្នុងស្ថានភាពថ្មី។
    |
 |
លោក Tran Luu Quang ទទួលជួបលោក Olivier Marquette (រូបថត៖ vnanet.vn) |
លោក Tran Luu Quang បានស្នើឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធរបស់វៀតណាម សហការជាមួយសាជីវកម្ម AES ដើម្បីរកដំណោះស្រាយរាល់ឧបសគ្គ និងអនុវត្តគម្រោងទាំងឡាយរបស់សាជីវកម្មនាពេលខាងមុខឱ្យមានភាណរលូន រួមចំណែកក្នុងការអភិវឌ្ឍរបស់វៀតណាម ក៏ដូចជាទំនាក់ទំនងវៀតណាម-អាមេរិកផងដែរ។
លោក Olivier Marquette បានចែករំលែកអំពីបទពិសោធន៍ និងជោគជ័យរបស់សាជីវកម្ម AES ក្នុងការវិនិយោគលើគម្រោងស្រដៀងគ្នានៅក្នុងតំបន់ផ្សេងៗនៅលើពិភពលោក ក៏ដូចជាជោគជ័យនៃគម្រោងរោងចក្រថាមពលកំដៅ Mong Duong 2 ដែលបានដំណើរការតាំងពីឆ្នាំ២០១៥។ លោកបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សាជីវកម្មក្នុងការអនុវត្តប្រកបដោយជោគជ័យនូវគម្រោងនានានៅវៀតណាម រួមចំណែកអនុវត្តគោលដៅអភិវឌ្ឍន៍របស់វៀតណាមក្នុងប៉ុន្មានឆ្នាំខាងមុខ៕
បកប្រែដោយ Thanh Cong