រដ្ឋមន្ត្រីទាំងឡាយបានពិភាក្សាយ៉ាងស៊ីជម្រៅលើការប្រែប្រួលយ៉ាងឆាប់រហ័ស និងស្មុគស្មាញ ដែលបានគ្របដណ្ដប់លើបរិយាកាសយុទ្ធសាស្ត្រភូមិសាស្ត្រពិភពលោកនាពេលថ្មីៗនេះ ទាំងការប្រកួតប្រជែងរវាងមហាអំណាច ជម្លោះអូសបន្លាយនៅកន្លែងជាច្រើន ឯកតោភាគីនិយម និងបញ្ហាប្រឈមឆ្លងដែន ដូចជាការប្រែប្រួលអាកាសធាតុ ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងសន្តិសុខថាមពល។ បណ្តាប្រទេសនានាក៏បានសម្តែងការព្រួយបារម្ភអំពីការកើនឡើងនៃអស្ថិរភាពសេដ្ឋកិច្ច ការគាំពារនិយមពាណិជ្ជកម្ម ការបែងចែកផ្នែកបច្ចេកវិទ្យា និងការបំបែកខ្សែសង្វាក់ផ្គត់ផ្គង់។

រដ្ឋមន្ត្រីទាំងឡាយបានសង្កត់ធ្ងន់ថា ក្នុងបរិបទនោះ អាស៊ានត្រូវតែរក្សាសាមគ្គីភាព លើកកំពស់តួនាទីមជ្ឈភាព ជំរុញការអនុលោមតាមគោលការណ៍ និងបទដ្ឋានរួម ប្រកាន់ខ្ជាប់នូវវិធីសាស្រ្តដោះស្រាយប្រកបដោយតុល្យភាព និងសុខដុមរមនាក្នុងទំនាក់ទំនងការបរទេស និងរក្សារចនាសម្ព័ន្ធតំបន់មួយបើកចំហ បរិយាប័ន្ន និងផ្អែកលើច្បាប់។

leftcenterrightdel
ពិធីចុះហត្ថលេខាលើឯកសារចូលរូមសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) របស់អ៊ុយរូហ្គាយ និងអាល់ហ្សេរី

អង្គប្រជុំបានទទួលស្គាល់វឌ្ឍនភាពជាវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូ ហើយបានឯកភាពលើផែនការសកម្មភាពដំណាក់កាលថ្មីរវាងអាស៊ាន និងដៃគូ គួរតែតភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងចក្ខុវិស័យសហគមន៍អាស៊ាន ២០៤៥ និងយុទ្ធសាស្ត្រសហប្រតិបត្តិការរបស់អាស៊ាន។

អាស្រ័យលើនេះ រដ្ឋមន្ត្រីទាំងឡាយបានអនុម័តសេចក្តីសម្រេចចិត្តលើការពង្រឹងទំនាក់ទំនងការបរទេសរបស់អាស៊ាន ដែលចាត់តាំងទីភ្នាក់ងារនានារបស់អាស៊ានឱ្យវាយតម្លៃយ៉ាងទូលំទូលាយទំនាក់ទំនងជាមួយដៃគូ បង្កើនប្រសិទ្ធភាពធនធាន និងយន្តការដែលមានស្រាប់ កំណត់ទំនាក់ទំនងភាពជាដៃគូស្របតាមអាទិភាពយុទ្ធសាស្ត្ររយៈពេលវែងរបស់អាស៊ាន ដោយឈរលើមូលដ្ឋាននៃផលប្រយោជន៍ទៅវិញទៅមក ឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងអនាគត ព្រមទាំងធានានូវសាមគ្គីភាព និងតួនាទីមជ្ឈភាពរបស់អាស៊ាន។

ពិភាក្សាអំពីស្ថានភាពអន្តរជាតិ និងតំបន់ រដ្ឋមន្ត្រីទាំងឡាយបានសម្តែងការព្រួយបារម្ភចំពោះស្ថានការណ៍ស្មុគស្មាញក្នុងប្រទេសមីយ៉ាន់ម៉ា ជាពិសេសស្ថានភាពមនុស្សធម៌កាន់តែអាក្រក់បន្ទាប់ពីការរញ្ជួយដីកាលពីថ្ងៃទី ២៨ ខែមីនា។ រដ្ឋមន្ត្រីទាំងឡាយបានអះអាងសារជាថ្មីថា ការឯកភាពប្រាំចំណុចនៅតែបន្តជាមូលដ្ឋានសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការគាំទ្រមីយ៉ាន់ម៉ា ដោយសង្កត់ធ្ងន់លើតម្រូវការបញ្ចប់អំពើហិង្សាក្នុងពេលឆាប់ៗ ធ្វើការសន្ទនារវាង ភាគីពាក់ព័ន្ធនៅប្រទេសមីយ៉ាន់ម៉ា បន្តផ្តល់អាទិភាពលើការអនុវត្តសកម្មភាពមនុស្សធ៌ម ពន្យា និងពង្រីកបទឈប់បាញ់ទូទាំងប្រទេស។

អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់បេសកជនពិសេសរបស់ប្រធានអាស៊ានប្រចាំប្រទេសមីយ៉ាន់ម៉ា ជាពិសេសការខិតខំប្រឹងប្រែងដើម្បីពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធជាច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាការពិភាក្សាជាមួយប្រទេសសមាជិកអាស៊ាន និងដៃគូជាច្រើនដើម្បីស្វែងរកដំណោះស្រាយដោយសន្តិភាព និងនិរន្តរភាព។

រដ្ឋមន្ត្រីទាំងឡាយបានឯកភាពធ្វើការត្រួតពិនិត្យយ៉ាងទូលំទូលាយលើការអនុវត្តការឯកភាពចំនួនប្រាំចំណុច និងលើកសំណើរទៅកាន់កិច្ចប្រជុំកំពូលអាស៊ានក្នុងខែតុលា ឆ្នាំ ២០២៥ និងប្រគល់ភារកិច្ចឱ្យមន្ត្រីជាន់ខ្ពស់អាស៊ានឲ្យសិក្សាយុទ្ធសាស្ត្រថ្មីដើម្បីធានាបាននូវភាពបន្តចំពោះតួនាទីរបស់បេសកជនពិសេសអំពីមីយ៉ាន់ម៉ា។

អង្គប្រជុំក៏បានពិភាក្សាអំពីស្ថានភាពនៅសមុទ្រខាងកើត និងអះអាងឡើងវិញនូវគោលជំហរជាគោលការណ៍របស់អាស៊ាន សង្កត់ធ្ងន់លើសារៈសំខាន់នៃសន្តិភាព សន្តិសុខ ស្ថិរភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងជំរុញការអនុលោមតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

កត្តាដែលបង្កើតភាពជោគជ័យរបស់អាស៊ាន

មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី បានចែករំលែកទស្សនៈរបស់ប្រទេសនានាអំពីការប្រែប្រួលយ៉ាងឆាប់រហ័ស និងអស្ថិរភាពក្នុងស្ថានភាពអន្តរជាតិនាពេលថ្មីៗនេះ នៅពេលដែលសន្តិភាព និងសន្តិសុខកំពុងប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរ ជម្លោះ និងភាពតានតឹងនៅតែបន្ត ហើយសកម្មភាពនៃការប្រើប្រាស់ និងការគំរាមកំហែងប្រើប្រាស់កម្លាំង ជាពិសេសប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងនុយក្លេអ៊ែ កាន់តែគួរឲ្យព្រួយបារម្ភ។

ប្រឈមមុខនឹងការផ្លាស់ប្តូរទាំងនេះ លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើតួនាទីរបស់អាស៊ានថាជា “បង្គោលភ្លើងហ្វារនៃសន្តិភាព” ជាគំរូនៃអង្គការថ្នាក់តំបន់មួយសម្រាប់ការសន្ទនា កិច្ចសហប្រតិបត្តិការ និងការដោះស្រាយភាពខុសគ្នាដោយសន្តិវិធី។

លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីបានអះអាងថា ក្រោមស្មារតីនៃសាមគ្គីភាពគ្រួសារ សាមគ្គីភាពក្នុងសហគមន៍ និងអ្នកជិតខាងជិតស្និទ្ធ រួមជាមួយនឹងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិ បានធ្វើឱ្យអាស៊ានទទួលបានជោគជ័យក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក។ សមិទ្ធិផលទាំងនេះត្រូវបន្តជំរុញយ៉ាងខ្លាំងក្លា ជាពិសេសក្នុងដំណើរការសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។

លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា អាស៊ានត្រូវបន្តពង្រឹងសមត្ថភាពខ្លួនទីពឹងខ្លួន និងស្វ័យភាពជាយុទ្ធសាស្ត្រ ទន្ទឹមនឹងការជំរុញទំនាក់ទំនងយ៉ាងសកម្មជាមួយដៃគូ រួមចំណែករក្សាតុល្យភាពយុទ្ធសាស្ត្រក្នុងតំបន់ និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមរួម។ អាស៊ានត្រូវការលើកកម្ពស់តួនាទីមជ្ឈភាពរបស់ខ្លួនក្នុងការបង្កើត និងដឹកនាំដំណើរការក្នុងតំបន់ លើកកំពស់ប្រសិទ្ធភាពប្រតិបត្តិការនៃយន្តការដែលមានស្រាប់ រួមទាំងការប្រើប្រាស់តួនាទីរបស់គណៈកម្មាធិការអ្នកតំណាងអចិន្ត្រៃយ៍ (CPR) នៅទីក្រុងហ្សាកាតា។

វាយតំលៃខ្ពស់ចំពោះតួនាទីនាំមុខគេរបស់ប្រធានម៉ាឡេស៊ី លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីបានអះអាងថា វៀតណាមនឹងបន្តចូលរួមចំណែកយ៉ាងសកម្មដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការកសាងមតិឯកភាព និងសំឡេងរួមលើបញ្ហាតំបន់ និងអន្តរជាតិ។

លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស បានបញ្ជាក់ថា ចំពោះមីយ៉ាន់ម៉ា វៀតណាមបានត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រដំណើរការស្តារ និងកសាងឡើងវិញ ដោយស្នើឱ្យអាស៊ានសិក្សាវិធីសាស្រ្តថ្មី បង្កើតផែនការអនុវត្តការឯកភាព ៥ ចំណុចដោយមានគោលដៅជាក់លាក់ ផែនទីបង្ហាញផ្លូវច្បាស់លាស់ និងការបោះជំហានដែលអាចធ្វើទៅបាន។

ទាក់ទិននឹងសមុទ្រខាងកើត លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី បានចែករំលែកក្តីបារម្ភអំពីស្ថានភាពនាពេលថ្មីៗនេះ ដោយសង្កត់ធ្ងន់ថា អាស៊ានត្រូវបន្តរក្សាគោលជំហរជាគោលការណ៍ រក្សាច្បាប់អន្តរជាតិ ជាពិសេស UNCLOS ឆ្នាំ ១៩៨២ ជំរុញការសន្ទនា ការអត់ធ្មត់ កិច្ចសហប្រតិបត្តិការដើម្បីកសាងទំនុកចិត្ត និងដោះស្រាយជម្លោះដោយសន្តិវិធី។ វៀតណាមសន្យាបន្តសម្របសម្រួលជាមួយបណ្តាប្រទេសនានា ដើម្បីអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយឆាប់បញ្ចប់នូវក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្របកបដោយប្រសិទ្ធភាព ជាក់ស្តែង និងស្របតាមច្បាប់អន្តរជាតិ ជាពិសេស UNCLOS ឆ្នាំ ១៩៨២។

*នារសៀលថ្ងៃទី៩ ខែកក្កដា លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម និងរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ានបានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើឯកសារចូលរូមសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) របស់អ៊ុយរូហ្គាយ និងអាល់ហ្សេរី ដែលនាំឱ្យចំនួនសមាជិកចូលរួមសន្ធិសញ្ញានេះឡើងដល់ ៥៧ សមាជិក។

បន្ទាប់ពីជិត ៥០ ឆ្នាំ ចាប់តាំងពីការចុះហត្ថលេខានៅឆ្នាំ ១៩៧៦ TAC បន្តពង្រីកចំនួនសមាជិកក្នុងរយៈពេលជាច្រើនឆ្នាំ ដោយបញ្ជាក់ពីតម្លៃនៃសន្ធិសញ្ញា ក៏ដូចជាតួនាទីកាន់តែសំខាន់របស់អាស៊ានចំពោះសន្តិភាព សន្តិសុខ ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។

បកប្រែដោយ Duy Hoan