ក្នុងជំនួបជាមួយលោក Li Qiang នាយករដ្ឋមន្ត្រីចិន លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានអះអាងថា បក្ស និងរដ្ឋវៀតណាមវាយតំលៃខ្ពស់ចំពោះលទ្ធផលជាក់ស្ដែងនៃការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់រវាងប្រទេសទាំងពីរនាពេលកន្លងមកនេះ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ជួបជាមួយលោក Li Qiang នាយករដ្ឋមន្ត្រីចិន (រូបថត៖ baochinhphu.vn) |
ភាគីទាំងពីរបានឯកភាពជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ចិន តាមទិសដៅ “៦ ជាង” រក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានអះអាងថា ប្រទេសចិននឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីអនុវត្តទស្សនៈរួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ។ លោក Li Qiang នាយករដ្ឋមន្ត្រី បានឲ្យដឹងថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេចដើម្បីជម្រុញការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាមួយវៀតណាម ដោយសម្តែងនូវការគោរពចំពោះបំណងប្រាថ្នារបស់វៀតណាមក្នុងការសាងសង់ផ្លូវដែកដើម្បីតភ្ជាប់ប្រទេសទាំងពីរ។
* នៅក្នុងជំនួបជាមួយលោក Prabowo Subianto ប្រធានាធិបតីឥណ្ឌូនេស៊ី ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ជំនួបគ្រប់លំដាប់ថ្នាក់ តាមរយៈគ្រប់បណ្តាញ និងបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព។
ភាគីទាំងពីរបានឯកភាពជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអង្ករ រួមចំណែកដល់ការនាំចេញអង្កររយៈពេលវែង និងធានាសន្តិសុខស្បៀងសម្រាប់ប្រទេសឥណ្ឌូនេស៊ី។ ទន្ទឹមនឹងនោះ ភាគីទាំងពីរជំរុញការបើកទីផ្សារសម្រាប់ទំនិញនៃប្រទេសទាំងពីរ។
ក្នុងឱកាសនេះ ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការសហការជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីជំរុញពហុភាគីនិយម កិច្ចសហប្រតិបត្តិការ សាមគ្គីភាព និងតួនាទីជាមជ្ឈភាពរបស់អាស៊ាន រក្សានិងពង្រឹងជំហររបស់អាស៊ានចំពោះស្ថានភាពនៅសមុទ្រខាងកើត និងបញ្ហាអន្តរជាតិ និងតំបន់ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។
* ក្នុងជំនួបជាមួយលោក Gabriel Boric Font ប្រធានាធិបតីឈីលី ថ្នាក់ដឹកនាំទាំងពីរបានឯកភាពដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តជំរុញការអនុវត្តលទ្ធផលដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចរបស់លោក Luong Cuong ប្រធានរដ្ឋវៀតណាមនៅប្រទេសឈីលី (ខែវិច្ឆិកា ឆ្នាំ២០២៤) ដោយផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ស្របតាមសក្ដានុពល និងតម្រូវការរបស់ភាគីទាំងពីរ ទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿន សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងការបង្កើនការចូលទៅកាន់ទីផ្សាររបស់គ្នាទៅវិញទៅមក។
លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យប្រទេសឈីលីបង្កើតលក្ខខណ្ឌអំណោយផល និងមានគោលនយោបាយពិសេសសម្រាប់ធុរកិច្ចវៀតណាមក្នុងកិច្ចសហប្រតិបត្តិការនិងវិនិយោគប្រកបដោយប្រសិទ្ធភាពនៅឈីលី រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ឈីលី។ រីឯខ្លួនវិញលោក Gabriel Boric Font ប្រធានាធិបតីឈីលី សង្ឃឹមថា ប្រទេសទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ សិល្បៈ ទេសចរណ៍ និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។
*ក្នុងជំនួបជាមួយលោក Yamandu Orsi ប្រធានាធិបតីអ៊ុយរូហ្គាយ លោក Pham Minh Chinh នាយករដ្ឋមន្រ្តី បានស្នើថា ភាគីទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារការវិនិយោគ កិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនធម្មតា និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល។ លោកនាយករដ្ឋមន្ត្រីបានសម្តែងនូវបំណងថា ភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម បើកទីផ្សារសម្រាប់កសិផលរបស់គ្នាទៅវិញទៅមក និងត្រៀមខ្លួនជាស្រេចដើម្បីបញ្ជូនធុរកិច្ចទៅបណ្តាក់ទុន ផលិត និងកែច្នៃផលិតផលកសិកម្មដែលវៀតណាមមានប្រៀបខ្លាំងនៅអ៊ុយរូហ្គាយ និងនាំចេញទៅកាន់ទីផ្សារជិតខាង។
ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសដំណើរទស្សនកិច្ច និងជំនួបជាន់ខ្ពស់ដើម្បីពង្រឹងទំនុកចិត្តខាងនយោបាយ ការយោគយល់គ្នា ព្រមទាំងពិភាក្សានិងឯកភាពលើទិសដៅពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។ លោកប្រធានាធិបតីអ៊ុយរូហ្គាយបានយល់ស្របនឹងសំណើរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ស្ដីពីការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាម និងទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR) ក្នុងរយៈពេល ៦ ខែចុងក្រោយនៃឆ្នាំ ២០២៥ នាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជន និងធុរកិច្ចនៃភាគីទាំងពីរ។
*នាថ្ងៃដដែល លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានជួបសន្ទនាជាមួយលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ជួបជាមួយលោក Antonio Guterres អគ្គលេខាធិការ (រូបថត៖ baochinhphu.vn) |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែករបស់លោកអគ្គលេខាធិការក្នុងការជំរុញសកម្មភាពរបស់អង្គការសហប្រជាជាតិ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃពហុភាគីនិយម និងតួនាទីដឹកនាំរបស់អង្គការសហប្រជាជាតិក្នុងការដោះស្រាយបញ្ហាប្រឈមសកលនាពេលបច្ចុប្បន្ន។ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា វៀតណាមកំពុងត្រៀមរៀបចំយ៉ាងសកម្មសម្រាប់ពិធីចុះហត្ថលេខាលើអនុសញ្ញារបស់អង្គការសហប្រជាជាតិស្ដីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនៅទីក្រុងហាណូយក្នុងខែតុលា ឆ្នាំ២០២៥ ហើយមានបំណងទទួលលោកអគ្គលេខាធិការមកចូលរួមព្រឹត្តិការណ៍ដ៏សំខាន់នេះ។
រីឯខ្លួនវិញ លោក Antonio Guterres បានវាយតំលៃខ្ពស់ចំពោះតួនាទី និងចក្ខុវិស័យរបស់វៀតណាមនាពេលកន្លងមក និងថ្លែងអំណរគុណចំពោះវៀតណាមដែលទទួលតួនាទីជាម្ចាស់ផ្ទះពិធីចុះហត្ថលេខាលើអនុសញ្ញាសំខាន់ពោលខាងលើ ដែលជាព្រឹត្តិការណ៍មានសារៈសំខាន់ពិសេស ហើយរំពឹងថានឹងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនលើពិភពលោក។ អង្គការសហប្រជាជាតិវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់វៀតណាមដល់បញ្ហាដែលពិភពលោកមានការយកចិត្តទុកដាក់ដូចគ្នានាបច្ចុប្បន្ន។
នាល្ងាចថ្ងៃដដែលនោះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោកជំទាវ រួមជាមួយនឹងគណៈប្រតិភូវៀតណាម បានចាកចេញពីទីក្រុង Rio de Janeiro ត្រឡប់មកប្រទេសវិញ បញ្ចប់ដំណើរទស្សនកិច្ចប្រកបដោយជោគជ័យ៕
បកប្រែដោយ Thuy Anh