កាសែត Planalto របស់រដ្ឋាភិបាលប្រេស៊ីល បានផ្សព្វផ្សាយព័ត៌មានថា ក្នុងជំនួបពិភាក្សានេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Lula da Silva ប្រធានាធិបតីប្រេស៊ីល បានសម្តែងនូវសេចក្តីរីករាយចំពោះទំនាក់ទំនងទ្វេភាគីដ៏ល្អ ក៏ដូចជាវឌ្ឍនភាពដែលសម្រេចបាន ចាប់តាំងពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Lula ប្រធានាធិបតីប្រេស៊ីល ទៅកាន់ទីក្រុងហាណូយកាលពីខែមេសាកន្លងទៅ។

កាសែតរបស់រដ្ឋាភិបាលប្រេស៊ីលក៏បានគូសបញ្ជាក់ផងដែរថា ភាគីទាំងពីរបានស្វាគមន៍ចំពោះការសម្រេចបានការនាំចេញសាច់គោប្រេស៊ីលទៅកាន់ប្រទេសវៀតណាម និងការនាំចេញត្រីទីឡាវៀតណាម ទៅកាន់ប្រទេសប្រេស៊ីល។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការវិនិយោគរបស់ប្រេស៊ីលនៅវៀតណាម ជាពិសេសលើវិស័យកែច្នៃផលិតផលអាហារមានប្រភពពីប្រូតេអ៊ីនសត្វ។

leftcenterrightdel
ទស្សនាវដ្ដី Intertelas បានផ្សព្វផ្សាយព័ត៌មានអំពីកិច្ចពិភាក្សារវាងលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Lula da Silva ប្រធានាធិបតីប្រេស៊ីល (រូបថត៖ vnanet.vn)

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និង លោក Lula da Silva ប្រធានាធិបតីប្រេស៊ីលបានសង្កត់ធ្ងន់លើសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុង​វិស័យកសិកម្ម ការពារជាតិ កីឡា ការរុករករ៉ែ ជីវឥន្ធនៈ និងបរិស្ថាន។ លោក Lula ប្រធានាធិបតីប្រេស៊ីល បានអះអាងសារជាថ្មីនូវបំណងរបស់ប្រេស៊ីលក្នុងតួនាទីជាប្រធានប្តូរវេន Mercosur ស្តីពីការចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយវៀតណាម។

យោងតាមកាសែត Planalto លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និង លោក Lula da Silva ប្រធានាធិបតីប្រេស៊ីល បានអះអាងពីសារៈសំខាន់នៃការពង្រឹងសមាហរណកម្ម និងការបំពេញបន្ថែមគ្នារវាងខឿន​សេដ្ឋកិច្ចទាំងពីរ។ ភាគីទាំងពីរបានសន្យាថា នឹងរៀបចំគណៈប្រតិភូធុរកិច្ចយ៉ាងឆាប់រហ័ស ដើម្បីពង្រីកឱកាសសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។

leftcenterrightdel
ក្នុងជំនួបនេះភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុង​វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្ម​ឌីជីថល (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រីវៀតណាមបានជូនពរប្រទេសប្រេស៊ីលទទួលបានជោគជ័យនូវការរៀបចំនៃសន្និសីទលើកទី ៣០ នៃភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ​ (COP30) ហើយបានអះអាងថា វៀតណាមនឹងចូលរួមព្រឹត្តិការណ៍នេះ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុង Belém រដ្ឋ Pará នាខែវិច្ឆិកាខាងមុខ។

នាថ្ងៃដដែលនោះ កាសែត diplomaciabusiness កាសែត poder 360 ទស្សនាវដ្ដី Intertelas ទស្សនាវដ្ដី conexaoto និងគេហទំព័រជាច្រើនទៀត ក៏បានផ្សព្វផ្សាយព័ត៌មានអំពីជំនួបពិភាក្សាការងារ​រវាង លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និង លោក Lula da Silva ប្រធានាធិបតីប្រេស៊ីលផងដែរ៕

បកប្រែដោយ Duy Hoan