អ្នកយកព័ត៌មាន៖ សូមលោកស្រីអនុរដ្ឋមន្ត្រីចែករំលែកអំពីលទ្ធផលដ៏លេចធ្លោនៃដំណើរទស្សនកិច្ចការងារនេះ?
លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រី៖ ដំណើរទស្សនកិច្ចការងាររបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីមានគោលបំណងបន្តអនុវត្តគោលនយោបាយការបរទេសឯករាជ្យ និងម្ចាស់ការ ធ្វើពិពិធកម្ម និងពហុភាវូបនីយកម្មទំនាក់ទំនងការបរទេស ជាមិត្ត និងដៃគូដែលអាចជឿទុកចិត្តបានក្នុងសហគមន៍អន្តរជាតិ បង្កើតទំហំថ្មីសម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ បំពេញតម្រូវការ បំណងប្រាថ្នា និងផលប្រយោជន៍នៃប្រទេសទាំងពីរ ជាពិសេសក្នុងបរិបទពិភពលោកមានការវិវឌ្ឍដ៏ស្មុគស្មាញជាច្រើន។
លើកម្រិតទ្វេភាគី លោកនាយករដ្ឋមន្ត្រីមានកិច្ចសន្ទនាសំខាន់ៗជាមួយលោក Lula da Silva ប្រធានាធិបតីប្រេស៊ីល និងថ្នាក់ដឹកនាំប្រេស៊ីល ព្រមទាំងមានជំនួបជាមួយអង្គភាពអាជីវកម្មឈានមុខរបស់ប្រេស៊ីល។ ដំណើរទស្សនកិច្ចនេះ បានរួមចំណែកជំរុញទំនាក់ទំនងនយោបាយ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត ជាពិសេសក្នុងបរិបទដែលប្រេស៊ីលកំពុងមានតួនាទីសំខាន់នៅក្នុងតំបន់ និងនៅលើពិភពលោក។ ភាគីទាំងពីរបានឯកភាពលើទិសសំខាន់ៗក្នុងទំនាក់ទំនង ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ ក្នុងឱកាសនេះ លោកប្រធានាធិបតីប្រេស៊ីលបានអះអាងនូវការគាំទ្ររបស់ខ្លួនចំពោះវៀតណាមក្នុងការបញ្ចប់ការចរចាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាម និងទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR) ក្នុងឆ្នាំ ២០២៥ ព្រមទាំង FTA រវាងវៀតណាម និងប្រេស៊ីលផងដែរ។
    |
 |
លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម |
ចំណុចលេចធ្លោមួយនៃដំណើរទស្សនកិច្ចការងារនេះ គឺកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម។ នេះជាវិស័យមួយដែលថ្នាក់ដឹកនាំទាំងពីរចាប់អារម្មណ៍ជាពិសេស និងចំណាយពេលពិភាក្សាគ្នាយ៉ាងច្រើន។ ជាមួយនឹងលទ្ធផលវិជ្ជមាន និងជាក់ស្តែងក្នុងការបើកទីផ្សារកសិផល ភាគីទាំងពីរបានឯកភាពបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ប្រជាជននៃប្រទេសទាំងពីរក៏ដូចជាតំបន់ ក្នុងការទទួលបាន និងប្រើប្រាស់កសិផលប្រកបដោយគុណភាពរបស់ធុរកិច្ចនៃប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានអះអាងនូវការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកាហ្វេ ជំរុញការបង្កើតសម្ព័ន្ធភាពសម្រាប់ផលិតកម្ម និងនាំចេញកាហ្វេ ឆ្ពោះទៅការកសាងម៉ាកយីហោកាហ្វេរួម និងលើកកំពស់វប្បធម៌នៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ដោយមានបាវចនាថា “ការបង្កើនប្រសិទ្ធភាពតម្លៃ និងផលប្រយោជន៍សុខដុមរមនា” ការវិនិយោគលើការផលិត និងកែច្នៃកសិផលនៅនឹងកន្លែង ក៏ជាទិសដៅសហប្រតិបត្តិការថ្មីមួយសម្រាប់ការប្រើប្រាស់ក្នុងទីផ្សារទាំងពីរ និងការនាំចេញទៅកាន់ប្រទេសដទៃទៀត។ ក្នុងឱកាសនេះ ប្រទេសទាំងពីរបានប្រកាសពីការនាំចេញត្រីត្រាបាសា និងត្រីកន្រ្តប់ដំបូងពីវៀតណាមទៅកាន់ប្រទេសប្រេស៊ីល និងការនាំចេញសាច់គោប្រេស៊ីលជាលើកដំបូងទៅកាន់ប្រទេសវៀតណាម។ ទាំងនេះគឺជាកសិផលដែលភាគីទាំងពីរបាន “កំណត់រួមគ្នា សន្យារួមគ្នា និងអនុវត្តរួមគ្នា” ដោយផ្តួចផ្តើមគំនិតបើកទីផ្សារ និងការនាំចេញកសិផល និងជលផលផ្សេងទៀតនាពេលខាងមុខ។
វិស័យផ្សេងទៀតដូចជា វិស័យការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ការកេងប្រវ័ញ្ច និងពាណិជ្ជកម្មសារធាតុរ៉ែ ការធ្វើបរិវត្តកម្មឌីជីថល semiconductor បញ្ញាសិប្បនិម្មិត (AI)... ក៏ត្រូវបានគេរំពឹងថានឹងមានការផ្លាស់ប្តូរថ្មីជាមួយនឹងលទ្ធផលដែលស្របតាមទិសដៅអភិវឌ្ឍន៍នៃប្រទេសនីមួយៗ។
ក្នុងដំណើរទស្សនកិច្ចការងាររបស់លោកនាយករដ្ឋមន្ត្រីនៅប្រទេសប្រេស៊ីល ភាគីទាំងពីរក៏បានចុះហត្ថលេខាលើឯកសារ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនផងដែរ។ ជាពិសេស អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល រួមជាមួយនឹងកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនរវាងតំណាងសាជីវកម្ម និងសហគ្រាសឈានមុខនៃប្រទេសទាំងពីរជាមួយនឹងតម្លៃរហូតដល់រាប់រយលានដុល្លារអាមេរិក ក៏ត្រូវបានចុះហត្ថលេខាផងដែរ។
លើកម្រិតពហុភាគី នៅឯកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានផ្ញើសារយ៉ាងម៉ឺងម៉ាត់អំពីការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី និងបញ្ជាក់ពីតួនាទីរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងប្រព័ន្ធអភិបាលកិច្ចសកល។ លោកនាយករដ្ឋមន្ត្រីបានលើកឡើងសំណើសំខាន់ៗ និងជាក់ស្តែងជាច្រើន ដែលសមស្របនឹងផលប្រយោជន៍របស់ប្រទេសកំពុងអភិវឌ្ឍន៍ រួមមានសុខាភិបាល ការការពារបរិស្ថាន ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការកែលម្អភាពធន់នឹងជំងឺរាតត្បាត។ល។ ថ្នាក់ដឹកនាំប្រទេស និងអង្គការអន្តរជាតិជាច្រើនបានវាយតម្លៃខ្ពស់ចំពោះសំណើរបស់វៀតណាម ក៏ដូចជាការរួមចំណែកយ៉ាងសកម្ម និងទំនួលខុសត្រូវរបស់វៀតណាមក្នុងការពង្រឹងសាមគ្គីភាព បង្កើនកិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនាដើម្បីដោះស្រាយបញ្ហាប្រឈមរបស់សហគមន៍អន្តរជាតិ។
ក្នុងឱកាសនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានមានជំនួបជាច្រើនជាមួយថ្នាក់ដឹកនាំប្រទេសជាសមាជិក BRICS និងដៃគូប្រទេសកំពុងអភិវឌ្ឍន៍ និងអង្គការអន្តរជាតិធំៗ ដោយហេតុនោះ បើកទិសដៅថ្មីជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការថ្មីលើវិស័យនយោបាយ សេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការវិនិយោគ រួមចំណែកជំរុញទំនាក់ទំនងរវាងវៀតណាម និងដៃគូអភិវឌ្ឍប្រកបដោយជាក់ស្តែង ប្រសិទ្ធភាព និងស៊ីជម្រៅ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងនៅលើពិភពលោក។
អ្នកយកព័ត៌មាន៖ តើវៀតណាមនឹងអនុវត្តវិធានការអ្វីខ្លះ ដើម្បីសម្រេចបានលទ្ធផលនៃដំណើរទស្សនកិច្ចការងារនេះ?
លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រី៖ ជាមួយនឹងសកម្មភាពជិត ៤០ ក្នុងក្របខណ្ឌនៃកិច្ចប្រជុំ និងជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសប្រេស៊ីល ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្តាប្រទេស និងអង្គការអន្តរជាតិដែលចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ អាចនិយាយបានថា ដំណើរទស្សនកិច្ចការងារបានរួមចំណែកលើកកំពស់តួនាទី កិត្យានុភាពរបស់ប្រទេស និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងដៃគូ មិត្តជាប្រពៃណី ដោយហេតុនោះ ទាក់ទាញធនធាន ជាពិសេសធ្វើឱ្យមានរបកគំហើញផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជំរុញការធ្វើពិពិធកម្មទីផ្សារ និងជំរុញការនាំចេញទៅកាន់ទីផ្សារដ៏មានសក្តានុពល។ ដើម្បីសម្រេចបានលទ្ធផលទាំងនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួង ស្ថាប័ន និងមូលដ្ឋានពាក់ព័ន្ធនានា ត្រូវចាប់ផ្តើមអនុវត្តភ្លាមៗនូវភារកិច្ចសំខាន់ៗមួយចំនួន។
ទីមួយ ក្នុងទំនាក់ទំនងជាមួយប្រេស៊ីល បន្តផ្តល់អាទិភាពខ្ពស់ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួម វៀតណាម-ប្រេស៊ីល និងផែនការសកម្មភាពអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រដែលបានឯកភាពដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក្នុងខែមីនា ឆ្នាំ ២០២៥។ នាពេលខាងមុខ វៀតណាម និងប្រេស៊ីលនឹងបន្តផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ដើម្បីសម្របសម្រួលអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចសន្យានយោបាយរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។
ទី២ ក្រៅពីវិស័យសហប្រតិបត្តិការប្រពៃណី វិស័យកសិកម្មនឹងក្លាយជាចំណុចសំខាន់នៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ ក្រសួង ស្ថាប័ន មូលដ្ឋាន និងសហគ្រាសនានារបស់វៀតណាម ត្រូវសហការយ៉ាងសកម្មជាមួយដៃគូប្រេស៊ីល ដើម្បីពិនិត្យ និងដោះស្រាយការលំបាក និងឧបសគ្គ សម្រាប់បើកទូលាយទីផ្សារគ្នាទៅវិញទៅមក។ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏នឹងមានបំណងបញ្ចប់ការចុះហត្ថលេខាលើ FTA វៀតណាម-ប្រេស៊ីល នាពេលឆាប់ៗ ក៏ដូចជាជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការធានាសន្តិសុខស្បៀងប្រកបដោយស្ថិរភាព និងយូរអង្វែងសម្រាប់ប្រេស៊ីល ក៏ដូចជាកិច្ចព្រមព្រៀងស្តីពីការគាំពារវិនិយោគ ការចៀសវាងមិនយកពន្ធត្រួតគ្នា និងការសម្រួលទិដ្ឋាការរវាងពលរដ្ឋនៃប្រទេសទាំងពីរ។ វៀតណាមក៏នឹងធ្វើការជាមួយសមាជិក MERCOSUR ផ្សេងទៀតដើម្បីចរចា ហើយនឹងចុះហត្ថលេខាលើ FTA រវាងវៀតណាម និង MERCOSUR ក្នុងពេលឆាប់ៗនេះ។
ទី៣ បន្តអនុវត្តប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងនូវសេចក្តីសម្រេចចិត្តលេខ ៥៩-NQ/TW របស់ការិយាល័យនយោបាយស្តីពីការធ្វើសមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី។ ក្នុងបរិបទដែលពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្តូរជាច្រើន ការចូលរួម និងការរួមចំណែកយ៉ាងសកម្មរបស់វៀតណាមចំពោះយន្តការពហុភាគី រួមទាំង BRICS នឹងជួយបង្កើនធនធាន និងលក្ខខណ្ឌអន្តរជាតិអំណោយផលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ធ្វើពិពិធកម្ម និងបង្កើនកម្លាំងទូទៅរបស់ប្រទេសជាតិ។ ក្នុងស្មារតីនោះ វៀតណាមនឹងបន្តចូលរួមវិភាគទាន លើកកំពស់សម្លេង និងតួនាទីរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ជំរុញសាមគ្គីភាពអន្តរជាតិ ពហុភាគីនិយមបរិយាប័ន្ន និងគ្រប់ជ្រុងជ្រោយ ក្នុងស្មារតីគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។
អ្នកយកព័ត៌មាន៖ សូមអរគុណលោកស្រីអនុរដ្ឋមន្ត្រី!
បកប្រែដោយ Huyen Trang