ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីន៖ វៀតណាមមានការរួមចំណែកកាន់តែច្រើនចំពោះសហគមន៍អន្តរជាតិ
កប.អនឡាញ - នាថ្ងៃទី៦ ខែកក្កដា គេហទំព័រ Reporte Asia របស់អាហ្សង់ទីនបានចុះផ្សាយអត្ថបទមួយដែលលើកសរសើរការរួមចំណែករបស់វៀតណាមនៅវេទិកាពហុភាគី។
គេហទំព័រមួយនេះបានសង្កត់ធ្ងន់លើអាណត្តិពីរក្នុងតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (២០០៨-២០០៩ និង ២០២០-២០២១) ដោយលើកឡើងគំនិតផ្តួចផ្តើមស្តីពីសន្តិភាព ការការពារស្ត្រី និងកុមារក្នុងជម្លោះ និងការជម្រុញការផ្សះផ្សាក្នុងតំបន់។
អត្ថបទរបស់ Reporte Asia បានសង្កត់ធ្ងន់ថា វៀតណាមធ្លាប់ជាប្រធានអាស៊ាន (ឆ្នាំ១៩៩៨ ឆ្នាំ២០១០ ឆ្នាំ២០២០) ធ្វើជាម្ចាស់ផ្ទះវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ឆ្នាំ២០០៦ និងឆ្នាំ២០១៧) និងជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (២០១៤-២០១៧ និង ២០២៣-២០២៥) ដោយបង្ហាញពីការប្តេជ្ញាចិត្តស្វែងរកដំណោះស្រាយរួម។
វៀតណាមក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជាមួយក្រុមពេទ្យយោធា និងវិស្វករវៀតណាមនៅស៊ូដង់ខាងត្បូង សាធារណរដ្ឋអាហ្រ្វិកកណ្តាល និង Abyei ដោយបង្ហាញការរួមចំណែកដល់សន្តិភាពពិភពលោក ស្របតាមស្មារតីមនុស្សធម៌ដ៏ជ្រាលជ្រៅរបស់បណ្ដាប្រជាជាតិអាមេរិកឡាទីន។
    |
 |
រូបថតអេក្រង់នៃអត្ថបទ (vnanet.vn) |
នៅតំបន់អាមេរិកឡាទីន វៀតណាមបានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការជាច្រើនដូចជាសហគមន៍នៃតំបន់អាមេរិកឡាទីន និងការាបៀន (CELAC) ឬទីផ្សាររួម Mercosur នៃតំបន់អាមេរិកខាងត្បូង ឆ្ពោះទៅរកការតភ្ជាប់ប្រទេសនានាដើម្បីផលប្រយោជន៍រួម។ វៀតណាមក៏សហការជាមួយបណ្តាប្រទេសក្នុងតំបន់ លើវិស័យជាច្រើនចាប់ពីការផ្លាស់ប្តូរកសិផល ចែករំលែកបច្ចេកទេសកសិកម្ម ដល់ការរៀនគំរូអប់រំ និងការអភិវឌ្ឍប្រកបដោយចីរភាព។
កិច្ចសហប្រតិបត្តិការវៀតណាម-អាមេរិកឡាទីន មានសក្តានុពលជាក់ស្តែងជាច្រើន ចាប់ពីការចែករំលែកបទពិសោធន៍ក្នុងការដាំស្រូវជាមួយប្រទេសដែលមានវិស័យកសិកម្មស្រដៀងគ្នា ការរៀនរបៀបផលិតកសិផលខ្នាតធំដូចជាកាហ្វេ និងសណ្តែកសៀង ដល់ការអភិវឌ្ឍថាមពលកកើតឡើងវិញ។
អត្ថបទក៏បានគូសបញ្ជាក់ថា ការដែលវៀតណាមទើបតែក្លាយជាប្រទេសដៃគូរបស់ BRICS កាលពីខែមិថុនាកន្លងទៅ បានអះអាងកិច្ចសន្យាសហការជាមួយប្រទេសដទៃទៀតក្នុងការកសាងសណ្តាប់ធ្នាប់អន្តរជាតិដោយយុត្តិធម៌ និងពហុប៉ូល។
ដោយប្រឈមមុខនឹងបញ្ហាប្រឈមជាសាកល ដូចជាការប្រែប្រួលអាកាសធាតុ សន្តិសុខស្បៀង និងវិសមភាពសង្គម វៀតណាមមានបំណងរួមដំណើរជាមួយបណ្តាប្រទេសនៅអាមេរិកឡាទីនក្នុងការខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយរួមសម្រាប់ពិភពលោកនៃការអភិវឌ្ឍប្រកបដោយចីរភាព៕
បកប្រែដោយ Thuy Anh