ជំរុញទំនាក់ទំនងវៀតណាម និងប្រេស៊ីលឲ្យសក្ដិសមនឹងក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រ
កប.អនឡាញ - ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS បូកឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីមួយចំនួននៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល នាថ្ងៃត្រង់ថ្ងៃទី៥ ខែកក្កដា (ម៉ោងក្នុងតំបន់) លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាការងារជាមួយលោក Luiz Inácio Lula da Silva ប្រធានាធិបតីប្រេស៊ីល។
ក្នុងកិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាបន្តសម្របសម្រួលក្នុងការអនុវត្តវិធានការពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យសក្ដិសមជាមួយក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រ រួមទាំងការរក្សាជំនួប និងផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ បង្កើនទំនុកចិត្តខាងនយោបាយ អនុវត្ដប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសំខាន់ៗរវាងប្រទេសទាំងពីរ។
ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ រួមទាំងពាណិជ្ជកម្មការពារជាតិ ការផ្ទេរបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអភិវឌ្ឍធនធានមនុស្សគុណភាពខ្ពស់ ការរុករករ៉ែ អេតាណុល និងថាមពលជីវម៉ាស ការធ្វើបរិវត្ដកម្មឌីជីថល សារធាតុ semiconductor និងបញ្ញាសិប្បនិម្មិត និងយុត្តិធម៌។ ភាគីទាំងពីរបានឯកភាពគ្នាបន្តជំរុញការចរចាដើម្បីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការលើវិស័យគាំពារវិនិយោគ ជៀសវាងការយកពន្ធត្រួតគ្នា និងសម្រួលទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងការពេញចិត្តចំពោះលទ្ធផលវិជ្ជមានក្នុងការបើកទីផ្សារកសិផលនៃប្រទេសទាំងពីរ។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Luiz Inácio Lula da Silva ប្រធានាធិបតីប្រេស៊ីល (រូបថត៖ vnanet.vn) |
មេដឹកនាំទាំងពីរក៏បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកាហ្វេ ជំរុញការនាំចេញកាហ្វេ បង្កើតផ្សារហ៊ុនកាហ្វេ និងកសាងម៉ាកយីហោកាហ្វេរួម និងលើកកំពស់វប្បធម៌ពិសារកាហ្វេដែលផ្សារភ្ជាប់ជាមួយនឹងវប្បធម៌របស់ប្រជាជាតិទាំងពីរ។ ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មី ដូចជាការវិនិយោគលើការផលិត និងកែច្នៃផលិតផលកសិកផល ដើម្បីបម្រើទីផ្សារនៃប្រទេសទាំងពីរ ក៏ដូចជាការនាំចេញទៅកាន់ប្រទេសដទៃទៀត លើកកម្ពស់ភាពខ្លាំងរបស់ប្រទេសនីមួយៗ និងផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។
ដើម្បីជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានស្នើឲ្យលោកប្រធានាធិបតី Luiz Inácio Lula da Silva គាំទ្រការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាម និងទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR) ក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៥ ក្នុងអាណត្តិរបស់ប្រេស៊ីលជាប្រធាន MERCOSUR ក៏ដូចជា FTA រវាងវៀតណាមនិងប្រេស៊ីលផងដែរ។
លោកប្រធានាធិបតី Luiz Inácio Lula da Silva អះអាងគាំទ្រសំណើរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងឯកភាពថា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មទាំងពីរចាំបាច់ត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសមាជិក MERCOSUR។ មេដឹកនាំទាំងពីរបានឯកភាពបញ្ជាបណ្ដារដ្ឋមន្ត្រីឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនូវលទ្ធផលជាក់លាក់នៃកិច្ចពិភាក្សា ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ធុរកិច្ចនៃប្រទេសទាំងពីរ ជាពិសេសជំរុញការបើកទីផ្សារសម្រាប់ទំនិញកសិផល ជលផលក្នុងបរិបទដែលពាណិជ្ជកម្មពិភពលោកមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ននេះ។
ភាគីទាំងពីរក៏បានឯកភាពគ្នាបន្តជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងយុវជននៃប្រទេសទាំងពីរ លើកកម្ពស់សន្តិភាព សាមគ្គីភាព និងមិត្តភាព តាមរយៈសកម្មភាពជាច្រើនដូចជា កិច្ចសហប្រតិបត្តិការកីឡា បង្កើតលក្ខខណ្ឌសម្រាប់សហគមន៍ជនវៀតណាម និងប្រេស៊ីលធ្វើសមាហរណកម្ម និងរួមចំណែកបន្ថែមទៀតដល់ប្រទេសនីមួយៗ។
ពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ មេដឹកនាំទាំងពីរឲ្យដឹងថា ចាំបាច់ត្រូវបន្តជំរុញការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងបញ្ហាអភិបាលកិច្ចសកល កំណែទម្រង់អង្គការសហប្រជាជាតិ លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ និងទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ ព្រមទាំងឯកភាពគ្នាបន្តគាំទ្រទៅវិញទៅមកនៅវេទិកាអន្តរជាតិ និងតំបន់ ជាពិសេសនៅអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) ចលនាមិនចូលបក្សសម្ព័ន្ធ កិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង និងសហភាពអន្តរសភា (IPU)។
ភាគីទាំងពីរក៏បានអះអាងនូវសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅតំបន់សមុទ្រ រួមទាំងសមុទ្រខាងកើត ដោយឈរលើមូលដ្ឋានគោរពផលប្រយោជន៍របស់ប្រទេសជាប់មាត់សមុទ្រ ស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។
    |
 |
លោក Pham Minh Chinh និងលោក Luiz Inácio Lula da Silva អញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្ដកម្មឌីជីថល (រូបថត៖ vnanet.vn) |
នៅចុងបញ្ចប់នៃកិច្ចពិភាក្សា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Luiz Inácio Lula da Silva ប្រធានាធិបតីប្រេស៊ីល បានអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្ដិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្ដន៍ ការធ្វើបរិវត្ដកម្មឌីជីថល និងពិធីប្រកាសការនាំចេញត្រីត្រា ត្រីបាសា និងត្រីទីឡាបយ៉ា លើកដំបូងទៅកាន់ប្រទេសប្រេស៊ីល និងពិធីប្រកាសការនាំចេញសាច់គោលើកដំបូងរបស់ប្រេស៊ីលទៅកាន់ប្រទេសវៀតណាម។
* នារសៀលថ្ងៃដដែល (ម៉ោងក្នុងតំបន់) នៅទីក្រុង Rio de Janeiro លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបលោក Carlos Fávaro រដ្ឋមន្ត្រីក្រសួងកសិកម្មប្រេស៊ីល និងអញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាមនិងប្រេស៊ីល ព្រមទាំងអញ្ជើញទៅទស្សនាក្លឹបបាល់ទាត់ Vasco da Gama៕
បកប្រែដោយ Pham Diep