វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពល
កប.អនឡាញ - នារសៀលថ្ងៃទី៣ ខែកក្កដា (តាមម៉ោងក្នុងស្រុក) នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ លោក Nguyen Hoang Long អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និង លោក Stefan Rouenhoff រដ្ឋលេខាធិការក្រសួងកិច្ចការសេដ្ឋកិច្ច និងថាមពលអាល្លឺម៉ង់ (BMWK) បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមអធិបតីភាពលោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋវៀតណាម។
សេចក្តីថ្លែងការណ៍រួមគឺជាឯកសារដ៏សំខាន់មួយ ដែលដំឡើងជាផ្លូវការនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការថាមពលរវាងប្រទេសទាំងពីរដល់កម្រិតនៃភាពជាដៃគូថាមពល បង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយមួយ ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរថាមពល កាត់បន្ថយការបំភាយឧស្ម័នឆ្ពោះទៅរកអព្យាក្រឹតភាពកាបូន ពង្រឹងសន្តិសុខថាមពល និងពង្រីកកិច្ចសហប្រតិបត្តិការអាជីវកម្ម។
វិស័យអាទិភាពរួមមានការកែលម្អគោលនយោបាយ ការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ (ថាមពលខ្យល់នៅឆ្នេរសមុទ្រ ថាមពលពន្លឺព្រះអាទិត្យ អ៊ីដ្រូសែនបៃតង) ឌីជីថលភាវូបនីយកម្មនៃវិស័យអគ្គិសនី ការកែលម្អប្រសិទ្ធភាពថាមពល ទំនើបកម្មក្រឡាចត្រង្គ និងការគាំទ្រ decarbonization សម្រាប់វិស័យដែលពិបាកក្នុងការកាត់បន្ថយការបំភាយឧស្ម័ន។
    |
 |
លោក Nguyen Hoang Long អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និង លោក Stefan Rouenhoff រដ្ឋលេខាធិការក្រសួងកិច្ចការសេដ្ឋកិច្ច និងថាមពលនៃសហព័ន្ធអាល្លឺម៉ង់ (BMWK) ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ |
យន្តការសម្រាប់ការអនុវត្តភាពជាដៃគូថាមពលនឹងរួមមានការរៀបចំគណៈកម្មាធិការដឹកនាំកម្រិតខ្ពស់ប្រចាំឆ្នាំ ការបង្កើតក្រុមការងារបច្ចេកទេស ជំរុញការបណ្តុះបណ្តាល ការស្រាវជ្រាវ និងការតភ្ជាប់អង្គភាពអាជីវកម្ម។ ដោយហេតុនេះធ្វើឱ្យកិច្ចសហប្រតិបត្តិការថាមពលរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងរួមចំណែកដល់គោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ភ្លាមៗបន្ទាប់ពីពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម លោក Nguyen Hoang Long បានជួបពិភាក្សាទ្វេភាគីជាមួយលោក Stefan Rouenhoff។ ភាគីទាំងពីរបានវាយតម្លៃថា ទំនាក់ទំនងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលវៀតណាម - អាល្លឺម៉ង់កំពុងអភិវឌ្ឍន៍ប្រកបដោយភាពវិជ្ជមាន ដោយមានសក្តានុពលជាច្រើនសម្រាប់ពង្រីកក្នុងបរិបទនៃការផ្លាស់ប្តូរបៃតង។ បច្ចុប្បន្នអាល្លឺម៉ង់គឺជាដៃគូពាណិជ្ជកម្មធំទីពីររបស់វៀតណាមនៅអឺរ៉ុប និងជាច្រកសំខាន់សម្រាប់ទំនិញវៀតណាមចូលក្នុងទីផ្សារសហភាពអឺរ៉ុប (EU) ស្របតាមការតំរង់ទិសរបស់ប្រទេសអាល្លឺម៉ង់ដើម្បីធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។
    |
 |
ការពិភាក្សាអំពីការគាំទ្ររបស់អាល្លឺម៉ង់សម្រាប់ការអភិវឌ្ឍមជ្ឈមណ្ឌលថាមពលកកើតឡើងវិញនៅវៀតណាម |
លោកអនុរដ្ឋមន្ត្រី Nguyen Hoang Long បានចែករំលែកទស្សនវិស័យអភិវឌ្ឍន៍ថាមពលរយៈពេលវែងរបស់វៀតណាម យោងតាមផែនការថាមពល VIII ដែលក្នុងនោះនៅឆ្នាំ ២០៣០ សមត្ថភាពថាមពលកកើតឡើងវិញនឹងមាន ៤៧-៥៣% រួមទាំងថាមពលពន្លឺព្រះអាទិត្យ ៤៦-៧៣GW និងថាមពលខ្យល់ ៣២-៥៥GW (រួមទាំងថាមពលខ្យល់នៅសមុទ្រ ៦GW ក្នុងឆ្នាំ ២០៣០ និងបន្ថែម១៧ GW នៅឆ្នាំ២០៣៥។) វៀតណាមមានបំណងចង់សហការយ៉ាងទូលំទូលាយជាមួយអាល្លឺម៉ង់លើវិស័យជាច្រើនដូចជា អ៊ីដ្រូសែនបៃតង ការបណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីថាមពលវៀតណាម-អាល្លឺម៉ង់ ដោយមានការចូលរួមយ៉ាងសកម្មរបស់សហគ្រាសធុនតូច និងមធ្យមនៃប្រទេសទាំងពីរ។
លោក Rouenhoff បានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) បានរួមចំណែកក្នុងការបង្កើនទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ព្រមទាំងបានសន្យាសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្ត ទន្ទឹមនឹងនោះ គាំទ្រដល់ការបញ្ចប់កិច្ចព្រមព្រៀងគាំរពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA)។ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសលើវិស័យថាមពល ហើយបានឯកភាពរៀបចំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការសេដ្ឋកិច្ចចម្រុះវៀតណាម-អាល្លឺម៉ង់នៅវៀតណាមនៅចុងឆ្នាំនេះ។
បកប្រែដោយ Duy Hoan