អង្គការសហប្រជាជាតិវាយតម្លៃខ្ពស់ចំពោះគោលជំហរ និងការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះពហុភាគីនិយម និងច្បាប់អន្តរជាតិ
កប.អនឡាញ - លោកឯកអគ្គរដ្ឋទូត Do Hung Viet បានសង្កត់ធ្ងន់ថា ការសន្ទនា និងការគោរពគ្នាទៅវិញទៅមក គឺជាមូលដ្ឋានគ្រឹះសម្រាប់ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
វៀតណាមមានបំណងចង់រួមចំណែកយ៉ាងច្រើនក្នុងកិច្ចខិតខំប្រឹងប្រែងផ្សះផ្សាក្រោយជម្លោះ ហើយត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ និងលើកកំពស់តួនាទីរបស់វៀតណាមក្នុងការកសាងសន្តិភាពប្រកបដោយចីរភាព។ នេះត្រូវបានបញ្ជាក់ដោយលោកឯកអគ្គរដ្ឋទូត Do Hung Viet ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ នាថ្ងៃទី៣ កក្កដា នៅពេលចូលជួបសម្តែងការគួរសមជាមួយ លោក Philemon Yang ប្រធានសម័យប្រជុំលើកទី ៧៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីស្នាក់ការអង្គការសហប្រជាជាតិ (UN) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
    |
 |
លោកឯកអគ្គរដ្ឋទូត Do Hung Viet (ឆ្វេង) ក្នុងជំនួបជាមួយ លោក Philemon Yang ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ (រូបថត៖ TTXVN) |
លោកឯកអគ្គរដ្ឋទូត Do Hung Viet ក៏បានវាយតម្លៃខ្ពស់ចំពោះប្រធានបទ “ឯកភាពក្នុងភាពចម្រុះ” នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៩។ ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ថា ការសន្ទនា និងការគោរពគ្នាទៅវិញទៅមក គឺជាមូលដ្ឋានគ្រឹះសម្រាប់ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ក៏ដូចជាការលើកកម្ពស់កិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
លោក Philemon Yang ប្រធានមហាសន្និបាត បានស្វាគមន៍ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងការអភិវឌ្ឍន៍ និងកិច្ចការបរទេស ក៏ដូចជាតួនាទីកាន់តែសំខាន់របស់ខ្លួននៅអង្គការសហប្រជាជាតិ។ ជាពិសេសបានវាយតម្លៃខ្ពស់ចំពោះគោលជំហរ និងការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះពហុភាគីនិយម ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ប្រធានមហាសន្និបាតបានជូនពរលោកឯកអគ្គរដ្ឋទូត Do Hung Viet មានអាណត្តិការងារប្រកបដោយជោគជ័យ រួមចំណែកបន្តលើកកំពស់រូបភាព និងតួនាទីអន្តរជាតិ របស់វៀតណាម ទន្ទឹមនឹងនោះ រួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនារវាងរដ្ឋសមាជិកអង្គការសហប្រជាជាតិ។
គួររំលឹកថា ចាប់ពីថ្ងៃទី ៣០ ខែមិថុនា ដល់ថ្ងៃទី ៣ ខែកក្កដា លោកឯកអគ្គរដ្ឋទូត Do Hung Viet បានជួបជាមួយថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ បន្ទាប់ពីប្រគល់លិខិតផ្ទេរសិទ្ធិ។ ក្នុងជំនួបទាំងនេះ លោកឯកអគ្គរដ្ឋទូត Do Hung Viet បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមចំពោះរបៀបវារៈរបស់អង្គការសហប្រជាជាតិ ជាពិសេសដំណើរការ និងគំនិតផ្តួចផ្តើមដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល។
បកប្រែដោយ Duy Hoan