លើកកម្ពស់ទំនុកចិត្តនយោបាយវៀតណាម-ឡាវ
កប.អនឡាញ - តបតាមការអញ្ជើញរបស់លោក Saleumxay Kommasith ឧបនាយករដ្ឋមន្ត្រីឡាវ លោក Nguyen Chi Dung ឧបនាយករដ្ឋមន្ត្រីវៀតណាម បានបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកក្កដា។
ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចនេះ នារសៀលថ្ងៃទី៩ ខែកក្កដា លោក Nguyen Chi Dung បានចូលជួបសម្តែងការគួរសមជាមួយលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ និងលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ។
    |
 |
លោក Nguyen Chi Dung និងលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ |
លោក Nguyen Chi Dung បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលត្រូវបានជួបជាមួយលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ និងលោក Sonexay Siphandone នាយករដ្ឋមន្ត្រី។ លោក Nguyen Chi Dung បានសម្តែងក្តីសប្បាយរីករាយចំពោះសមិទ្ធិផលដ៏ធំធេង និងជាប្រវត្តិសាស្ត្រដែលប្រទេសឡាវសម្រេចបាននាពេលកន្លងមកនេះ។ លោកជំនឿជាក់ថា ក្រោមការដឹកនាំរបស់បក្សប្រជាជនបដិវត្តន៍ឡាវ ប្រជាជនឡាវនឹងបន្តទទួលបានសមិទ្ធិផលថ្មីៗ ច្រើនថែមទៀត។
ក្នុងជំនួបនេះដែរ ថ្នាក់ដឹកនាំជាន់ខ្ពស់ឡាវ បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនៅប្រទេសឡាវនៃលោក Nguyen Chi Dung ដឹកនាំគណៈប្រតិភូរដ្ឋាភិបាលវៀតណាម ហើយអបអរសាទរចំពោះលោក Nguyen Chi Dung ដែលត្រូវបានបក្ស រដ្ឋ និងរដ្ឋសភាវៀតណាម តែងតាំងជាឧបនាយករដ្ឋមន្ត្រី។ ថ្នាក់ដឹកនាំជាន់ខ្ពស់ឡាវអបអរសាទរចំពោះសមិទ្ធិផលលេចធ្លោដែលវៀតណាមសម្រេចបាននាពេលកន្លងមក ហើយអះអាងថា បក្ស និងរដ្ឋឡាវ ប្តេជ្ញាចិត្តពូនជ្រំទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម-ឡាវ។
* ក្នុងកិច្ចពិភាក្សាជាមួយលោក Saleumxay Kommasith ឧបនាយករដ្ឋមន្ត្រីឡាវ ឧបនាយករដ្ឋមន្ត្រីទាំងពីរ បានជម្រាបជូនអំពីស្ថានភាពសេដ្ឋកិច្ច នយោបាយ និងសង្គមនៃប្រទេសនីមួយៗ ហើយពិភាក្សា និងវាយតម្លៃស្ថានភាពសហប្រតិបត្តិការក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២៥។ តាមនោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសទំហំពាណិជ្ជកម្មទ្វេភាគីប៉ាន់ស្មានមានចំនួន ១.៩ ពាន់លានដុល្លារ គម្រោងយុទ្ធសាស្ត្រមួយចំនួនត្រូវបានដោះស្រាយ កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា ការអប់រំ-បណ្តុះបណ្តាល វប្បធម៌ ជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងមូលដ្ឋាន... ក៏សម្រេចបានលទ្ធផលសំខាន់ៗជាច្រើនផងដែរ។
    |
 |
ទិដ្ឋភាពនៃកិច្ចពិភាក្សា (រូបថត៖ chinhphu.vn) |
ចំពោះកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ឧបនាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ សហការយ៉ាងជិតស្និទ្ធក្នុងការកសាងកិច្ចព្រមព្រៀងសហប្រតិបត្តិការវៀតណាម-ឡាវ ដំណាក់កាល ២០២៦-២០៣០ ត្រៀមរៀបចំឲ្យបានល្អសម្រាប់សកម្មភាពកិច្ចការបរទេសសំខាន់ៗរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ ប្រទេសទាំងពីរ និងយន្តការសហប្រតិបត្តិការនាពេលខាងមុខ។ ទន្ទឹមនឹងនោះ សហការរៀបចំថ្ងៃបុណ្យធំៗ ដោយផ្តោតលើការផ្សព្វផ្សាយដល់ជំនាន់ក្រោយអំពីប្រពៃណីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយបង្កើតរបកគំហើញក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដោយត្រូវខិតខំសម្រេចឲ្យបាននូវទំហំពាណិជ្ជកម្មទ្វេភាគីចំនួន៥ ពាន់លានដុល្លារនាពេលខាងមុខ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ កីឡា ទេសចរណ៍ អប់រំ កិច្ចសហប្រតិបត្តិការក្នុងតំបន់។ល។
ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រីទាំងពីរក៏បានចែករំលែកទស្សនៈអំពីស្ថានភាពពិភពលោក និងតំបន់ ហើយឯកភាពរក្សាការផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាព និងសហការលើបញ្ហាយុទ្ធសាស្ត្រក្នុងតំបន់ និងនៅវេទិកាពហុភាគី រួមទាំងយន្តការសហប្រតិបត្តិការអាស៊ាន និងអនុមហាតំបន់៕
បកប្រែដោយ Thuy Anh