កិច្ចពិគ្រោះយោបល់នយោបាយវៀតណាម-ប៉ូឡូញ និងវៀតណាម-ស្លូវ៉ាគី
កប.អនឡាញ - នាថ្ងៃទី ៨ ខែកក្កដា នៅទីក្រុង Warsaw (ប្រទេសប៉ូឡូញ) លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងលោក Władysław Teofil Bartoszewski រដ្ឋលេខាធិការក្រសួងការបរទេសប៉ូឡូញ បានធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់នយោបាយវៀតណាម-ប៉ូឡូញ ដើម្បីពិនិត្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមកនេះ។
ភាគីទាំងពីរបានឯកភាពនឹងសហការយ៉ាងជិតស្និទ្ធដើម្បីត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចជាន់ខ្ពស់ បង្កើតមូលដ្ឋានគ្រឹះនយោបាយ-ការបរទេស និងច្បាប់ដ៏រឹងមាំ ដើម្បីបង្កើតនិងអនុវត្តយន្តការសហប្រតិបត្តិការរយៈពេលវែងរវាងប្រទេសទាំងពីរ ព្រមទាំងរៀបចំយន្តការពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ។
    |
 |
លោកស្រី Le Thi Thu Hang និងលោក Władysław Teofil Bartoszewski (រូបថត៖ ក្រសួងការបរទេសវៀតណាម) |
ភាគីទាំងពីរក៏សន្យាសហការ និងជំរុញការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ ជួយគាំទ្រក្រសួង និងស្ថាប័នពាក់ព័ន្ធនានានៃប្រទេសទាំងពីរ ដោះស្រាយការលំបាក ជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យជាក់ស្ដែង។ ភាគីទាំងពីរបានអះអាងថានឹងបន្តផ្លាស់ប្តូរ និងគាំទ្របេក្ខភាពរបស់គ្នាទៅវិញទៅមកនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងៗ។ ព្រមទាំង វៀតណាមគាំទ្រប៉ូឡូញក្នុងការពង្រឹងទំនាក់ទំនងជាមួយអាស៊ាន ហើយប៉ូឡូញគាំទ្រវៀតណាមក្នុងការពង្រឹងទំនាក់ទំនងជាមួយសហភាពអឺរ៉ុប។
* នាថ្ងៃទី៩ ខែកក្កដា គណៈប្រតិភូក្រសួងការបរទេសនៃសាធារណរដ្ឋស្លូវ៉ាគី និងកិច្ចការអឺរ៉ុប ដែលដឹកនាំដោយលោក Marek Estok រដ្ឋលេខាធិការ បានមកបំពេញទស្សនកិច្ចការងារនៅវៀតណាម និងចូលរួមកិច្ចពិគ្រោះយោបល់នយោបាយស្លូវ៉ាគី-វៀតណាម ជាមួយគណៈប្រតិភូក្រសួងការបរទេសវៀតណាម ដែលដឹកនាំដោយលោក Ngo Le Van អនុរដ្ឋមន្ត្រី។ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហការរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ និងជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់ តាមរយៈបណ្តាញបក្ស បណ្តាញរដ្ឋ និងបណ្តាញរដ្ឋសភា ដើម្បីលើកកម្ពស់ទំនុកចិត្តនយោបាយ និងការយោគយល់គ្នាទៅវិញទៅមក ហើយឯកភាពបន្តរៀបចំប្រកបដោយប្រសិទ្ធភាពនូវកិច្ចពិគ្រោះយោបល់នយោបាយប្រចាំនៅថ្នាក់អនុរដ្ឋមន្ត្រី ព្រមទាំងពង្រីកយន្តការសហប្រតិបត្តិការរវាងបណ្ដាអង្គភាពនៃក្រសួងការបរទេសទាំងពីរ៕
បកប្រែដោយ Thuy Anh