សន្និសីទតភ្ជាប់ពាណិជ្ជកម្មវៀតណាម-កម្ពុជា ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ
កប.អនឡាញ - នៅពេលដែលសេដ្ឋកិច្ចពិភពលោកមានការប្រែប្រួល និងជម្លោះក្នុងតំបន់កើនឡើង ការបើកទូលាយទីផ្សារនាំចេញគឺជាអាទិភាពយុទ្ធសាស្ត្ររបស់ធុរកិច្ចវៀតណាម។
ដើម្បីឆ្លើយតបនឹងតម្រូវការនោះ វិទ្យាស្ថានសិក្សាអភិវឌ្ឍន៍ មជ្ឈមណ្ឌលគាំទ្រសមាហរណកម្មអន្តរជាតិទីក្រុងហូជីមិញ បានសហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារបរទេស (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម) នឹងរៀបចំសន្និសីទតភ្ជាប់ពាណិជ្ជកម្មវៀតណាម-កម្ពុជា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែកក្កដា នៅការិយាល័យភាគខាងត្បូង ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម នៅទីក្រុងហូជីមិញ។
យោងតាមគណៈកម្មាធិការរៀបចំ សន្និសីទនេះគឺជាវេទិកាជាក់ស្តែងដើម្បីតភ្ជាប់ធុរកិច្ចវៀតណាម និងធុរកិច្ចកម្ពុជា បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ភាគីទាំងពីរផ្លាស់ប្តូរព័ត៌មាន ស្វែងរកដៃគូដ៏មានសក្តានុពល និងពង្រីកកិច្ចសហប្រតិបត្តិការអាជីវកម្ម។ តាមរយៈព្រឹត្តិការណ៍នេះ ធុរកិច្ចវៀតណាមមានឱកាសផ្សព្វផ្សាយផលិតផល ស្វែងយល់អំពីតម្រូវការ និងនិន្នាការប្រើប្រាស់នៅទីផ្សារកម្ពុជា ដើម្បីកសាងយុទ្ធសាស្ត្រចូលកាន់ទីផ្សារកម្ពុជាប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ សន្និសីទក៏បានចូលរួមចំណែកក្នុងការជំរុញពាណិជ្ជកម្ម បើកទូលាយបណ្តាញចែកចាយទំនិញ និងជម្រុញទំហំពាណិជ្ជកម្មទ្វេភាគីតាមទិសដៅស្ថិរភាព និងនិរន្តរភាព។
សន្និសីទនេះត្រូវបានគេរំពឹងថានឹងមានការចូលរួមពីធុរកិច្ចប្រហែល ២០០ ក្នុងវិស័យកសិផល ជលផល ម្ហូបអាហារ ទំនិញប្រើប្រាស់ គ្រឿងម៉ាស៊ីន។ល។ ទាំងនេះគឺជាវិស័យដែលវៀតណាម មានប្រៀបខ្លាំងក្នុងការនាំចេញ និងទីផ្សារកម្ពុជាមានតម្រូវការខ្ពស់នៅ។
ក្នុងក្របខណ្ឌនៃព្រឹត្តិការណ៍នេះនឹងមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសមាគមធុរកិច្ចវៀតណាម-កម្ពុជា។ ម្យ៉ាងវិញទៀត ធុរកិច្ចនៃប្រទេសទាំងពីរនឹងដោះដូរពាណិជ្ជកម្មដោយផ្ទាល់ ដើម្បីបង្កើនការតភ្ជាប់ ផ្សព្វផ្សាយផលិតផល និងពង្រីកទីផ្សារ។ សន្និសីទនេះត្រូវបានគេរំពឹងថានឹងរួមចំណែកជម្រុញទំហំពាណិជ្ជកម្មទ្វេភាគី និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព៕
បកប្រែដោយ Thuy Anh